កូរ៉ូណា

កូរ៉ូណាវីរុស៖ ប្រទេស​នៅ​អាស៊ី​ ផ្តើម​បិទ​ទ្វារ​ចំពោះ​ប្រជាជនចិន

អ្នក​ជំនាញ Zhong Nanshan បាន​ចុះ​ត្រួត​ពិនិត្យ​នៅមន្ទីរពេទ្យ Jinyintan ក្នុង​ក្រុង Wuhan ខេត្ត Hubei
អ្នក​ជំនាញ Zhong Nanshan បាន​ចុះ​ត្រួត​ពិនិត្យ​នៅមន្ទីរពេទ្យ Jinyintan ក្នុង​ក្រុង Wuhan ខេត្ត Hubei China Daily via REUTERS

ប្រទេស​នៅ​តំបន់​អាស៊ី ច្រើន​ៗ នាំគ្នា បិទផ្លូវជើង​ហោះហើរ និង​បិទខ្ទប់​ច្រក​ព្រំដែន ជាមួយ​ប្រទេស​​ចិន។ ចំណាត់ការបែកខ្នង​ដាក់​ចិន​នេះ​ ស្របពេល​ដែល​ប្រទេស​នៅ​អឺរ៉ុប​ ក៏​ប្រឹង​ប្រែង​ដឹក​ពលរដ្ឋ​របស់​គេតាម​យន្តហោះ ចូល​ស្រុក​របស់​ខ្លួន​វិញ​។ គួរ​ជ្រាប​ថា​ មេរោគផ្លូវដង្ហើមកូរ៉ូណាវីរុស គឺត្រូវ​អង្គការសុខភាពពិភពលោកបាន​ប្រកាសអាសន្នជាសាកល នៅថ្ងៃទី​៣០មករា​ ព្រោះ​វីរុសនេះ​អាច​បង្កការ​​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​លំដាប់​ពិភព​លោក និងអាច​​ឆ្លង​ពី​មនុស្ស​ទៅមនុស្សនៅ​ក្រៅ​ទឹក​ដី​ប្រទេស​ចិន​ ទៀត​ផង​។ ចំនួន​អ្ន​កស្លាប់​និងអ្នក​ឆ្លងថ្មី បានត្រូវ​​រកឃើញ​ជាបន្តបន្ទាប់ នៅ​ស្រុក​ចិន និង​នៅ​តាម​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក។ គិត​ត្រឹម​ថ្ងៃ​សុក្រទី​៣១មករា មាន​ជាង​២១០នាក់​ស្លាប់ ហើយ​ប្រមាណ​១ម៉ឺននាក់​ឆ្លងមេរោគ កូរ៉ូណានៅ​ចិន​ដីគោក ដោយ​មិន​រាប់​ពី​ចិន​ដីកោះ នៅហុងកុងនិងម៉ាកាវ​ ផង​ទេ​។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​វិបត្តិ​សុខភាពសាធារណៈ​នេះ ប្រទេស​មួយ​ចំនួនក្នុង​ទ្វីប​អាស៊ី បានចាប់​​ផ្តើម​បែរ​ខ្នង​ដាក់​ប្រទេស​និង​ប្រជាជនចិន។ សិង្ហបុរី ពីថ្ងៃ​សុក្រ​ដាច់ខែមករា បាន​សម្រេច​បិទ​ជើង​ហោះហើរទាំងអស់ដែល​មក​​ពីស្រុក​ចិន ហើយ ហុងកុង និងម៉ុងហ្គោលី​​ បិទ​ព្រំដែន​ជាមួយ​ចិន​តែម្តង​។ វៀតណាម បាន​​ប្រកាសផ្អាក​ការ​​ផ្តល់​ទិដ្ឋា​ការទេសចរណ៍​​ដល់​ជនជាតិចិន និងជនបរទេសណា ដែល​បាន​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន នារយៈ​ពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ។ ​

វិធានការបិទព្រំដែន​នេះ នាំអាទិ៍​គេ ប្រកាសចេញ​ដោយ ​រុស្ស៊ី ដែល​បាន​សម្រេច​បិទ​ព្រំដែន​គោកជាប់ជាមួយ​ចិន​​ ចំនួន​ជាង ៤ពាន់​ ២៥០ គីឡូម៉ែត្រ​។​ ជប៉ុន ហាម​ពលរដ្ឋ​ខ្លួន មិន​ឱ្យ​ទៅ​ស្រុក​ចិន បើ​មិន​ចាំបាច់​។ ចំណាត់​ការ​នេះ នាំអាទិ៍​គេ​ដោយ​អាមេរិក ដែល​ហាក់​ហាម​ឃាត់​ដាច់​ណាត់​ជាងគេជាងឯង​។

ទន្ទឹមនេះ ប្រទេស​នៅ​អឺរ៉ុប គឺពឹតតែ​ប្រឹងប្រែង​ជាបន្តបន្ទាប់ ប្រមូល​និង​បញ្ចូន​ពលរដ្ឋ​របស់​ខ្លួន ដឹកតា​ម​យន្ត​ហោះ ​ចេញពី​ខេត្ត​ហូពេនិង​ក្រុង​វូហាន​ ទៅកាន់​ប្រទេស​កំណើត​វិញ និង​បាន​ដាក់​វិធានាការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​​នៅពេល​ដែល​ទៅជាន់​ដឹកដី​អឺរ៉ុប ឧទាហរណ៍​ប្រទេស​បារាំង​ជាដើម​។​

ក្រោយ​ពីប្រកាស​អាសន្ន​លំដាប់​អន្តរជាតិពីមេរោគកូរ៉ូណាថ្មីនេះ​ ប្រធាន​អង្គការ​សុខភាពពិភពលោក Tedros Adhanom Ghebreyesus ក៏បាន​លើកសរសើរ​ចិន ដែល​បាន​ខ្នះខ្នែង​ប្រឹង​ប្រែង​ទប់ស្កាត់ការ​រីករាល​ដាល់រោគ​នេះ ដោយបញ្ជាក់ថា អាជ្ញាធរសុខាភិបាល​ចិន​​ប្រឹង​ផ្តល់​ព័ត៌មាន​ជា​ហូរហែ និង​ចាត់​វិធានការ​តាំងពី​ដំបូង​ដៃ ដូចជា​សម្រេច​បិទ​ព្រំដែន​ខេត្ត​ខេត្ត​ហូពេនិង​ក្រុង​វូហាន​​​ មិន​ឱ្យ​ចរចា​ជាដើម។ ក៏​ប៉ុន្តែ ចំណាត់​ការ​នេះ ត្រូវ​អង្គការ​សុខភាពពិភពលោកសាទរពី​ដំបូង​ដៃ​ តែក្រោយ​មក មាន​មន្ត្រី​ខ្លះ​របស់​អង្គការ​នេះ ​បែរ​រិះគន់ទៅវិញ ថា​វា​អាច​នឹង​ទទួល​លទ្ធផល​បញ្ច្រាស​ទៅវិញ​ ព្រោះថា​អាច​នឹងមាន​មនុស្ស​កាន់តែច្រើន​​ ចង់​រុល​ចេញពីការ​បិទខ្ទប់​នោះ​​។ ​អ្នក​ខ្លះទៀត រិះគន់​អាជ្ញាធរ​ចិន​ ​ចៅហ្វាយ​ខេត្ត​ហូពេ​ និង​អភិបាល​ក្រុង​វូហាន​តែម្តង ថា​ចាត់ការ​យឺតយ៉ាវ​ពេក។

ទោះយ៉ាងនេះក្តី មន្ត្រី​តំណាង​ទូត​ចិនប្រចាំ​នៅ​ក្រុង​ហ្សឺណែវ លោក Xu Chen បា​នថ្លែងថា «គេ​ពុំ​ត្រូវ​មាន​ក្តីបារម្ភ ជ្រុលហួស​ហេតុពេក​នោះទេ ហើយ​​ការ​ចាត់​វិធានការទប់ស្កាត់រោគរាតត្បាត​នេះ​ គឺ​មិនត្រូវ​ធ្វើ​ឱ្យ​បង្ក​ការ​ស្អប់​ខ្ពើម ប្រឆាំង​​ចំពោះ​ប្រទេស​តែ​មួយ​នោះដែរ​»។ លោកទូត​ Xu Chen ថ្លែង​សង្ឃឹមថា​ «ពិភពលោក​នឹង​រួម​ដៃគ្នា​ ប្រយុទ្ធឈ្នះ​មេរោគ​នេះ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI