ចិន

សភា​​ចិន​ អនុម័ត​ច្បាប់​បិទ​មណ្ឌល​«អប់រំ​លត់​ដំ​»អ្នក​រកស៊ី​ផ្លូវភេទ

ប៉ូលីស​ចិន​ចុះ​ចាប់​អ្នក​ប្រកប​របបសេវាកម្សាន្ត​នាពេល​កន្លងទៅ។​
ប៉ូលីស​ចិន​ចុះ​ចាប់​អ្នក​ប្រកប​របបសេវាកម្សាន្ត​នាពេល​កន្លងទៅ។​ Reuters

ថ្ងៃ​សៅរ៍​ ទី​២៨ធ្នូ​នេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​សភា​ប្រជាជន​ចិន​ បា​នសម្រេច​បោះឆ្នោត​អនុម័ត​យល់​ព្រម​ឱ្យ​បិទ​​មជ្ឈមណ្ឌល​«អប់រំ​លត់​ដំ​»អ្នក​រកស៊ី​ផ្លូវភេទនិង​ភ្ញៀវ​អតិថិជន​។ ​​មជ្ឈមណ្ឌលដែល​ចាប់​ឃុំខ្លួន​អ្នក​រកស៊ី​សេវាកម្សាន្ត​និង​ភ្ញៀវ​ក្នុងវិស័យ​នេះ ដើម្បី​អប់រំ​កែប្រែ គឺធ្លាប់​ត្រូវ​បានសាធារណៈ​មតិស្រុក​ចិន​ រិះគន់ថា មានការ​រំលោភ​សិទ្ធិមនុស្ស និងមា​នការ​វាយ​ដំ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច​ទៅលើ​អ្នក​ជាប់​ឃុំ។ ដំណឹង​ពីការ​សម្រេច​លុប​ចោល​មណ្ឌលនេះ​ គឺត្រូវ​បាន​ចុះផ្សាយ​ដោយទីភ្នាក់​ងារ​ព័ត៌មាន​ចិន Chine Nouvelle។​ 

ផ្សាយពាណិជ្ជកម្ម

«ការ​បិទ​មជ្ឈមណ្ឌល«អប់រំ​លត់ដំ»នេះ គឺជា​ជំហាន​មួយ​ដ៏​ល្អ សម្រាប់​អ្ន​ក​ធ្វើការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត»។ នេះ​ជាប្រតិកម្ម​សាទរ​ភ្លាម​ភ្លែត ពី​សំណាក់​លោកស្រី Shen Tingting (ស្សិន ធីងធីង) អ្នក​ទទួល​ខុសត្រូវ​របស់​អង្គការ​ការសិទ្ធិមនុស្ស​និង​សិទ្ធិ​នៃសហគម​អ្នក​ងាយ​រងគ្រោះ នៅស្រុក​ចិន ឈ្មោះថា អង្គការ Asia Catalyst។

អ្នក​តំណាង​អង្គការ​នេះ បាន​ពន្យល់ដែរថា មជ្ឈឃមណ្ឌល«អប់រំលត់ដំ»អ្នករកស៊ីផ្លូវភេទ គឺ​ពុំមែន​ជា​មណ្ឌល​អប់រំ​កសាង​នីតិសម្បទា​ធម្មតា​ៗនោះទេ ក៏ប៉ុន្តែ ​អ្នក​ជាប់​ឃុំ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការជាទម្ងន់​ ដោយ​រងសម្ពាធធ្ងន់ធ្ងរ ​និង​ត្រូវ​រង​អំពើ​ហិង្សា​ពី​ប៉ូលីស​ចិនថែមទៀត​។ ក្រៅពី​បង្ខំ​ឱ្យ​ធ្វើការ​លើសកម្លាំង ក៏ត្រូវ​បង្ខំ​ឱ្យ​ពិនិត្យ​សុខភាព​រាវរក​ជំងឺ​ឆ្លងផ្សេងៗ​ដែល​ចិត្ត​គេ​មិន​ចង់​ធ្វើ​ផងដែរ​។ តាម​ប្រភព​ដដែល​ សម្ពាធ​ទៅលើ​ផ្លូវ​កាយ​និងផ្លូវ​ចិត្ត កើត​មាន​ជាប្រចាំ​ចំពោះអ្នក​ជាប់ឃុំឃាំង។ ដូច្នេះ ចំពោះ​អ្នក​ការពារ​សិទ្ធិ​នៃ​សហគមក្រុម​ងាយរងគ្រោះ គឺ​«ការ​លុប​បំបាត់​ប្រព័ន្ធ​ទារុណកម្ម​បែបនេះ គឺជា​ជំហាន​មួយ​ដ៏​វិជ្ជមាន ដើម្បី​ឈាន​ទៅដល់​ការ​ធានា​សុខភាព​ និង​សុវត្ថិភាព​របស់​អ្នក​ប្រកប​របរ​ក្នុងវិស័យ​នេះ​ ដោយ​ស្មគ្រ​ចិត្ត​ និងប្រកប​ដោយ​វិជ្ជជីវៈ​»។​ គេយល់ទៀតថា ការធ្វើដូច្នេះ គឺជួយ​ទប់​ស្កាត់​ការ​ជួញ​ដូរមនុស្ស​និងផ្លូវ​ភេទ។ 

ជា​ការ​រម្លឹក ប្រព័ន្ធ​អប់រំ​កែប្រែ​អ្នក​រកស៊ី​ផ្លូវ​ភេទនិង​អតិថិជន​ដែល​រក​សេវាកម្សាន្ត​ហើយត្រូវប៉ូលិសចិន​ចាប់បាននាំទៅដាក់​ឃុំ​ក្នុង​មណ្ឌលនេះ គឺត្រូវ​សាធារណៈមតិស្រុកចិន ថ្កោលទោស​រិះគន់ ហើយ​គេ​បាន​អំពាវវនាវ​ស្នើ​សុំរដ្ឋអំណាច​ឱ្យ​​លុប​បំបាត់​ បិទ​ចោល តាំងតែពីឆ្នាំ​២០១៣មកម្ល៉េះ​។ សព្វ​ថ្ងៃនេះ ​នៅស្រុកចិន ការ​ប្រកប​របបរកស៊ីផ្លូវភេទ គឺ​ជារឿង​ខុស​ច្បាប់​ ហើយ​បើ​ត្រូវ​សមត្ថកិច្ច​ចិន​ ចាប់​បាន​ ទាំង​អ្នកលក់​និងអ្នក​ទិញ​សេវា​ផ្លូវទេ គឺ​ត្រូវ​ផ្ទនាទោស​ស្មើគ្នា។​ នោះ​គឺ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់ ចំនួន​ ​៧ ពាន់​យ័ន ស្មើ​នឹងជាង​៧រយដុល្លារ ហើយ​និង​ត្រូវ​ជាប់​ឃុំ​ខ្លួន រយៈ​ពេល​១៥ថ្ងៃ។​

សូម​​ជ្រាបដែរ​​ថា សេចក្តី​សម្រេចរបស់​សភា​ប្រជាជនចិន យល់ព្រមឱ្យបិទមជ្ឈមណ្ឌល«អប់រំលត់ដំ»អ្នករកស៊ីផ្លូវភេទ គឺ​នឹង​មាន​សុពលភាព ចាប់ពីថ្ងៃទី​២៩ធ្នូ​តទៅ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI