ប៉ូលិសចិនប្រាប់ថា បានសម្លាប់ភេរវជនច្រើននាក់ នៅតំបន់ស៊ីនជាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន ថ្ងៃសុក្រនេះ មានមនុស្ស១៥នាក់ ត្រូវបានស្លាប់ក្នុងប៉ះទង្គិចជាមួយប៉ូលិស។ អាជ្ញាធរចិនប្រាប់ថា ប៉ូលិសចិនបានសម្លាប់ភេរវជន៨នាក់ ហើយភេរវជន៣នាក់ទៀត បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកដែលពួកគេពាក់ជាប់ខ្លួន។ ប៉ូលិស២នាក់ និងអ្នកដំណើរ២នាក់ ក៏បានស្លាប់ក្នុងការបំផ្ទុះនេះដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនថ្មី នៅថ្ងៃសុក្រនេះ នៅតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន ភេរវជនជាច្រើននាក់បានជិះម៉ូតូ និងរថយន្តច្រើនគ្រឿង មកវាយប្រហារក្រុមប៉ូលិស នៅពីមុខឧទ្យានមួយកន្លែង ក្នុងក្រុងអាក់ស៊ូ ភាគខាងលិច។ នៅទីនោះ ប៉ូលិសចិនកំពុងតែប្រមូលផ្តុំគ្នា ដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខប្រចាំថ្ងៃ។ ភេរវជនទាំងនោះ បានដាក់ក្រឡឧស្ម័នរាវជាច្រើន នៅក្នុងរថយន្តមួយគ្រឿង។ ពួកគេចង់ប្រើរថយន្តនោះធ្វើអំពើភេរវកម្មតែម្តង។
ខេត្តស៊ីនជាំង ភាគខាងលិចចិន ជាតំបន់សំបូរដោយជនជាតិភាគតិចអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាមរស់នៅ។ ជនជាតិអ៊ុយហ្គួរតែងធ្វើការតវ៉ា ប្រឆាំងនយោបាយរដ្ឋាភិបាលចិន។ ពួកគេចោទរដ្ឋអំណាចចិនថា បានគាបសង្កត់វប្បធម៌ ប្រពៃណី និងសាសនារបស់ពួកគេ។ អាជ្ញាធរចិនវិញ តែងចោទសកម្មជនជនជាតិអ៊ុយហ្គួរថា ជាភេរវជនបង្កហិង្សានៅតំបន់ស៊ីនជាំង។
អង្គការការពារជនជាតិអ៊ុយហ្គួរមួយ ដែលភៀសខ្លួននៅក្រៅប្រទេសចិន បានប្រាប់សារព័ត៌មានបារាំង អា អេហ្វ ប៉េ ថា AFP ហេតុការណ៍នៅស៊ីនជាំងថ្ងៃសុក្រនេះ សបញ្ជាក់ពីហិង្សាពីសំណាក់ទាហានចិន ពីការផ្គើនធ្វើឡើងដោយកងកម្លាំងសន្តិសុខចិន។ អង្គការការពារជនជាតិ អ៊ុយហ្គួរនោះ បានជំរុញអោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បញ្ជូនអ្នកសង្កេតការចុះទៅទីកន្លែងផ្ទាល់។
កងកម្លាំងសន្តិសុខចិនបានពង្រឹងការត្រួតពិនិត្យនៅតំបន់ ស៊ីនជាំងជាប្រចាំ ចាប់តាំងពីពេលទីលានធានអានមេន ក្រុងប៉េកាំង បានរងការវាយប្រហារដោយអំពើភេរវកម្មមួយ កាលពីថ្ងៃ២៨តុលា ឆ្នាំ២០១៣មក។ ប៉ូលិសចិនបានទំលាក់កំហុសអំពើភេរវកម្មកាលណោះ ទៅលើជនជាតិអ៊ុយហ្គួរជ្រុលនិយម មកពីតំបន់ស៊ីនជាំង។ អំពើភេរវម្មទីលានធានអានមេន ថ្ងៃ២៨តុលា ឆ្នាំមុន បានធ្វើអោយមនុស្សស្លាប់២នាក់ និង៤០នាក់ទៀតរងរបួស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ