ចិន

ប្រធានាធិបតី​ចិន​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក

លោកប្រធានាធិបតីចិន ហ៊ូ ជិនតាវ
លោកប្រធានាធិបតីចិន ហ៊ូ ជិនតាវ REUTERS/Sergei Karpukhin

នៅ​ថ្ងៃ​សៅរ៍ ទី៨ កញ្ញា​​នេះ ជំនួប​កំពូល​ប្រចំាឆ្នំា​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ហៅកាត់​ថា Apec បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង Vladivostok ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​ម៉ូស្កូ​នៃ​ប្រទេស​រុស្ស៊ី។ ក្នុង​ឱកាស​ជំនួបកំពូល​របស់ Apec លោកប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទំាង​អស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចូលរួម​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់។ សេចក្តីអំពាវនាវ​របស់​ប្រមុខ​រដ្ឋ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​ឡើង​តានតឹង​ដល់​កំពូល។

ផ្សាយពាណិជ្ជកម្ម

« គឺ​ដើម្បី​ផលប្រយោជន៍​គ្រប់​ប្រទេស​ទំាង​អស់​នៅ​ក្នុង​តំបន់ គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​នីមួយៗ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព ព្រម​ទំាង​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ​នា​​ឱកាស​ជំនួបកំពូល​របស់​ Apec ក្នុង​ប្រទេស​រុស្ស៊ី។ ជំនួបកំពូល Apec ដែល​ចូល​រួម​ដោយ​២១​ប្រទេស​ជា​សមាជិក​ឆ្នំា​នេះ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សំណុំរឿង​ជម្លោះ​ដែនដី​ដ៏​អូសបន្លាយ​នៅ​ក្នុង​តំបន់ ពិសេស​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន និង​ប្រទេស​អាស៊ី​មួយ​ចំនួន។

នៅ​ក្នុង​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី​វៀតណាម និង​មហាក្សត្រ​ស៊ុលតង់​នៃ​ប្រទេស​ព្រុយណេ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក លោក ហ៊ូ ជិនតាវ​ក៏​បាន​និយាយ​ពី​​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​បាន​ទាមទារ​ជា​អធិបតេយ្យ​ផ្តាច់​មុខ​របស់​ខ្លួន តែ​វៀតណាម និង​ហ្វីលីពីន​មិន​សុខចិត្ត ដោយ​បាន​ចោទ​ចិន​ថា ប៉ុនប៉ង​សម្លុត​គម្រាម។ យោង​តាម​កាសែតផ្លូវការ​ចិន​ឈ្មោះ China Daily លោក​ប្រមុខ​រដ្ឋ​ចិន​បាន​និយាយ​ប្រាប់​សមភាគី​វៀតណាម​ថា ទីក្រុង​ប៉េកំាង និង​ហាណូយ​គួរ​តែ​កាត់​បន្ថយ​ភាព​តានតឹង និង​ត្រូវ​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

សម្រាប់​លោក ហ៊ូ ជិនតាវ ពិត​ជា​មាន​ភាព​តានតឹង​ខ្លះ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​វៀតណាម និង​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​កើត នេះ​ជា​អ្វី​ដែល​យើង​មិន​ចង់​ឃើញ​ទាល់​តែ​សោះ។ លោក ហ៊ូ​បាន​បន្ថែម​ថា ទីក្រុង​ប៉េកំាង និង​ហាណូយ​ត្រូវ​តែ​ចេះ​អតធ្មត់ និង​ចៀសវាង​ការ​ចាត់​វិធានការ​ដោយ​អត្តនោម័ត៌​ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​រហូត​បង្ក​ឲ្យ​មាន​ផលវិបាក និង​អស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទំាង​មូល។ ការ​យល់​ឃើញ​របៀប​នេះ ក៏​ត្រូវ​បាន​លោក​ប្រមុខ​រដ្ឋ​ចិន​និយាយ​ប្រាប់​មហាក្សត្រ​ស៊ុលតង់​នៃ​ប្រទេស​ព្រុយណេ​ដែរ។

ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​នេះ​ដដែល លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton ដែល​បាន​បំពេញ​បេសកកម្ម​ក្នុង​តំបន់​កាល​ពី​ថ្ងៃ​ពុធ ទី៥ កញ្ញា បាន​ហៅ​ភាគី​ចិន​ឲ្យ​បើក​កិច្ចចរចា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​បំណង​ចៀសវាង​ការ​ផ្ទុះ​សង្រ្គាម​ជា​យថាហេតុ​ប្រកប​ដោយ​គ្រោះថ្នាក់។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​ក៏​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជប៉ុន​ដែរ ពាក់ព័ន្ធ​នឹង​ទីប្រជុំកោះ​នៅ​សមុទ្រ​ចិន​ខាង​កើត ដែល​ចិន​ឲ្យ​ឈ្មោះ​ថា Diaoyu និង​ជប៉ុន​ហៅ​ថា Senkaku៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI