ចិន

បូអ៊ីង៖ចិន​​ត្រូវការ​​យន្តហោះ​​ជាង​៦៨០០គ្រឿង​ សម្រាប់​​២០ឆ្នាំ​ទៅមុខ​​

រូប​ប្រធានាធិបតី​ចិន ក្នុង​អេក្រង់ ពេលគាត់​កំពុង​ស្ថិត​ក្នុង​យន្តហោះមួយគ្រឿង
រូប​ប្រធានាធិបតី​ចិន ក្នុង​អេក្រង់ ពេលគាត់​កំពុង​ស្ថិត​ក្នុង​យន្តហោះមួយគ្រឿង Reuters

ក្រុមហ៊ុនបូអ៊ីង​រំពឹង​​ថា ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ២០៣៥ ចិន​អាច​ត្រូវការ​យន្តហោះ​ប្រមាណ​​​៦៨១០គ្រឿង​ថែមទៀត។​ យន្តហោះ​ចាស់​​​២៩ភាគរយ​នឹងត្រូវ​​ប្តូរ​ថ្មី។ ឆ្នាំមុននេះ ចិន​មានយន្តហោះ​ប្រមាណ​២៨៨០គ្រឿងប៉ុណ្ណោះ។ ​ការកើនឡើង​ការ​ហោះហើរ​នេះ ដោយសារ​កំនើន​នៃ​​ប្រជាជន​មានកម្រិត​ជីវភាពមធ្យម​ និង​ការកើនឡើង​នៃ​អាជីវកម្ម​លក់សំបុត្រ​យន្តហោះ​​​តាមអ៊ីនថឺនេត។ ​

ផ្សាយពាណិជ្ជកម្ម

ពីឆ្នាំ២០១៦ ដល់ឆ្នាំ​២០៣៥ ចិន​អាច​ត្រូវការ​យន្តហោះ ប្រមាណ​៦៨១០គ្រឿង​​ថែមទៀត ​ក្នុងនោះ ​៧៥ភាគរយ ​​ជាយន្តហោះ​តូច មានច្រក​ផ្លូវ​ដើរខាងក្នុង​តែមួយច្រក។ សម្រាប់​យន្តហោះ​​​​មាន​​​ច្រកផ្លូវ​ដើរ២ ដែល​អាច​ផ្ទុក​អ្នកដំណើរ​​ជាង២០០នាក់​វិញ ​​​ចិនត្រូវកា​រវា​ប្រមាណ​​១៥៦០គ្រឿងថែមទៀត- គិតជា​តួលេខ​គឺមានការ​កើនឡើង​៣ដង។

នេះ​ជាការ​រំពឹងទុក​របស់​ក្រុមហ៊ុន​បូអ៊ីង បើទោះ​ជា​កំនើន​ចិន​កំពុង​​មាន​លក្ខណៈ​យឺតយ៉ាវក្តី។ ពាណិជ្ជកម្ម​ទាក់ទង​យន្តហោះ​​ដែលចិន​ត្រូវការ​ ​សម្រាប់​២០ឆ្នាំទៅមុខ​នេះ គិតទៅ​ត្រូវនឹង​ទឹកប្រាក់ ជាង១ពាន់លាន​ដុល្លារ។ ​ឆ្នាំមុ​ន ក្រុមហ៊ុន​បូអ៊ីង គិតថា ​២០ឆ្នាំ​ទៅមុខ​នេះ ​ចិន​ត្រូវការ​​​យន្តហោះ​តែ​​៦៣៣០គ្រឿង​ប៉ុណ្ណោះ។

សម្រាប់​២០ឆ្នាំ​ទៅមុខ​ អ្នកធ្វើដំណើរ​តាមយន្តហោះ​នៅ​ចិន អាច​កើនឡើង​ជាមធ្យម ​ពី​៦,៤ភាគរយ។ ​ចិនកំពុង​ព្យាយាម​​ធ្វើអោយ​សេដ្ឋកិច្ច​មាន​តុល្យភាព​​ ដោយធ្វើការ​​ជំរុញ​អោយ​មាន​ការចាយវាយ​ក្នុងស្រុក ជំរុញ​វិស័យ​ដឹកជញ្ជូន ​និង​ទេសចរណ៍។

មូលហេតុ​នៃ​ការកើន​ឡើង​​នូវចំនួន​​​អ្នកដំណើរ​តាមយន្តហោះ ក៏​ដោយសារ​ប្រជាជន​មាន​កម្រិត​ជីវភាព​មធ្យម​ក្នុងស្រុក​មានការ​កើនឡើង ហើយ​អាជីវកម្ម​លក់សំបុត្រ​យន្តហោះ​តាមវេបសាយ​ក៏កើនឡើង​ដូចគ្នា។ ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ចំពោះ​ទិដ្ឋាការ​ដំណើរ ក៏ជា មូលហេតុ​ធ្វើ​អោយ​មានអ្នក​ធ្វើ​ដំណើរ​​តាមយន្តហោះ​ច្រើនជាងមុន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI