ចិន និងប្រទេស ២០ទៀតបានព្រមព្រៀងគ្នាបង្កើត « ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី »
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃសុក្រ ទី២៤ តុលានេះ ប្រទេសចិនរួមជាមួយនឹងប្រទេសចំនួន ២០ទៀតបានចុះហត្ថលេខាលើអនុស្សរណៈមួយដើម្បីបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ការបង្កើតឲ្យមានស្ថាប័នហិរញ្ញវត្ថុនេះឡើងត្រូវបានគេមើលឃើញថា ជាការប្រជែងនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀតដែលកំពុងមានស្រាប់បច្ចុប្បន្ន ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ឬមួយក៏ស្ថាប័នរបស់ក្រុមប្រទេសសមាជិក BRICS ជាដើម។ លោកប្រធានាធិបតីចិនស៊ី ជីនពីងដែលបានចូលរួមជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាបានគូសបញ្ជាក់ពីសារៈសំខាន់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងថា ដំណើរការរបស់វាក៏មិនខុសពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀតដែរ។
គឺប្រទេសចិនដែលជាអ្នកផ្តួចផ្តើមគំនិតឲ្យបង្កើតស្ថាប័នហិរញ្ញវត្ថុនេះឡើងដោយដាក់ឈ្មោះថា « ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី » ដែលចូលរួមដោយប្រទេសចំនួន ២០ទៀត រួមមាន កម្ពុជា វៀតណាម ឡាវ ភូមា សិង្ហបុរី ម៉ុងហ្គោលី ម៉ាឡេស៊ី គូវ៉ែត ព្រុយណេ បង់ក្លាដែស នេប៉ាល់ អូម៉ង់ ប៉ាគីស្ថាន ឥណ្ឌា ហ្វីលីពីន ស្រីលង្កា អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន និង ប្រទេសកាតា។ ប្រទេសដែលអវត្តមាននៅក្នុងស្ថាប័នហិរញ្ញវត្ថុថ្មីនេះមានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឬ មួយក៏ប្រទេសអូស្រ្តាលី។ កម្មវត្ថុសំខាន់នៃការបង្កើតឲ្យមានធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីនេះឡើង គឺដើម្បីចូលរួមជួយទំនុកបម្រុងផ្នែកថវិកាដល់គម្រោងអភិវឌ្ឍរបស់ប្រទេសសមាជិក ពិសេសការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមានដូចជាទំនប់ទឹក កំពង់ផែ ប្រព័ន្ធផ្លូវថ្នល់ ឬមួយក៏ផ្នែកផ្សេងៗទៀតដែលជាតម្រូវការចំាបាច់របស់ប្រទេសជាតិ។ គេអាចនិយាយដោយសាមញ្ញថា ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី គឺជាប្រភព ហិរញ្ញវត្ថុរួមមួយដែលចូលរួមដាក់វិភាគទានដោយសមាជិកនីមួយៗ។
ប្រភពព័ត៌មានផ្លូវការចិនឲ្យដឹងថា ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី មានគម្រោងដាក់ដើមទុនដំបូងចំនួន ៥០ ០០០លានដុល្លារ ក្នុងនោះចិនម្នាក់ឯងត្រៀមខ្លួនចេញជាង ៥០%។ រីឯចំនួនដែលនៅសេសសល់នឹងត្រូវចែកគ្នាចេញនៅក្នុងរង្វង់ប្រទេសសមាជិកផ្សេងទៀត តែគេនៅមិនទាន់ដឹងពីចំនួនភាគរយដែលសមាជិកនីមួយៗត្រូវចេញទេ។ មួយវិញទៀត វិធានផ្ទៃក្នុង ដំណើរការ ឬមួយក៏ជម្រើសទីកន្លែងដើម្បីតំាងទីស្នាក់ការកណ្តាលរបស់ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីក៏នៅមិនទាន់បានកំណត់ដែរ។ ទំាងអស់នេះសុទ្ធសឹងជាសំណុំរឿងដែលប្រទេសហត្ថលេខីនឹងបន្តជជែកគ្នានៅខែខាងមុខៗ និងដែលគ្រោងបញ្ចប់ឲ្យរួចរាល់នៅមុនដំណាច់ឆ្នំា ២០១៥។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ចិនចង់កាត់បន្ថយការពឹងផ្អែកលើអ្នកដទៃ
ការដែលចិនបានបង្កើតឲ្យមានស្ថាប័នហិរញ្ញវត្ថុថ្មីពេលនេះឡើង គឺដើម្បីចូលខ្លួនប្រជែងជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀតដែលចិនយល់ថា កំពុងបន្តគ្រប់គ្រងដោយក្រុមប្រទេសលោកខាងលិច។ មូលនិធិរូបិយវត្ថុអន្តរជាតិបន្តស្ថិតក្នុងកណ្តាប់ដៃអឺរ៉ុប ធនាគារពិភពលោកស្ថិតក្នុងកណ្តាប់ដៃអាមេរិកំាង និងធនាគារអភិវឌ្ឍអាស៊ីស្ថិតក្នុងដៃប្រទេសជប៉ុនដែលជាគូប្រជែងរបស់ចិននៅក្នុងតំបន់អាស៊ី។ ចិនបានមើលឃើញថា នេះពិតជារឿងអយុត្តិធម៌មួយដែលខ្លួនមិនអាចបន្តឈរឱបដៃមើលបានទៀតឡើយ។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ចិនបានយល់ឃើញថា វាល្មមដល់ពេលដែលចិនត្រូវកាត់បន្ថយការពឹងផ្អែកលើអ្នកដទៃ និងត្រូវធ្វើអ្វីមួយដើម្បីពិភពលោក ក៏ដូចជាដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន។
កន្លងមក មហិច្ឆតារបស់ចិននៅក្នុងវិស័យហិរញ្ញវត្ថុក៏ធ្លាប់បានស្តែងឡើងតាមរយៈការទាមទារឲ្យប្រើលុយយ័នចិននៅក្នុងការដោះដូរពាណិជ្ជកម្មអន្តរជាតិ ពោលមិនត្រូវប្រើតែលុយដុល្លារអាមេរិកមួយប៉ុណ្ណោះទេ។ ម្យ៉ាងទៀតនាជំនួបកំពូលនៃក្រុមប្រទេស BRICS ដែលមានចិន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្រ្វិកខាងត្បូងជាសមាជិក ក៏បានបង្កើតឲ្យមានស្ថាប័នហិរញ្ញវត្ថុរួមគ្នាមួយដែរ។ នៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេស BRICS មាន ២ គឺធនាគារអភិវឌ្ឍ និងមូលនិធិទុនបម្រុង។ កម្មវត្ថុរបស់ក្រុមប្រទេស BRICS ក៏ដើម្បីជួយដល់ប្រទេសសមាជិកខ្លួននៅក្នុងគម្រោងអភិវឌ្ឍ ក៏ដូចជាក្នុងករណីមានវិបត្តិហិរញ្ញវត្ថុ ដោយកាត់បន្ថយការពឹងផ្អែកខ្លាំងលើធនាគារពិភពលោក ក៏ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ។
អាមេរិកអំពាវនាវឲ្យមានអភិបាលកិច្ចល្អ និងមានតម្លាភាព
រហូតមកដល់ពេលនេះ ក្រុមប្រទេសលោកខាងលិចបានស្វាគមន៍ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដោយចុងមាត់ ចុង ក។ ទំាងអស់គ្នាកំពុងរង់ចំាមើល ព្រោះវានៅជារឿងមួយថ្មីថ្មោងពេក។ លោកតាកេហ៊ីកូ ណាកាវ ប្រធានធនាគារអភិវឌ្ឍអាស៊ីដែលជាជនជាតិជប៉ុនបានបញ្ជាក់ថា លោកកំពុងរង់ចំាមើល ដោយមិនទាន់ហ៊ានសន្និដ្ឋានយ៉ាងម៉េចទេ។ តែលោកបានអះអាងថា លោកយល់ពីកម្មវត្ថុចម្បងរបស់ធនាគារវិនិយោគហេដ្ឋារចនាសម័ន្ធអាស៊ី គឺដើម្បីឆ្លើយតបនឹងតម្រូវការថវិកានៅក្នុងតំបន់។ ចំណែកអាមេរិកវិញ លោកប្រមុខការទូតចន ឃ៊ែរីបានបញ្ជាក់ថា អាមេរិកមិនជំទាស់នឹងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម័ន្ធអាស៊ីនេះទេ តែអ្វីដែលអាមេរិកសំណូមពរនោះ គឺសុំឲ្យចិន និងប្រទេសសមាជិកដទៃទៀតគោរពនូវបទដ្ឋានអន្តរជាតិ ពិសេសត្រូវមានអភិបាលកិច្ចល្អ និងតម្លាភាព។
យ៉ាងណាក៏ដោយ លោកប្រធានាធិបតីចិនស៊ី ជីនពីងដែលបានចូលរួមជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈដើម្បីបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក្នុងទីក្រុងប៉េកំាងបានធានាថា ធនាគារថ្មីនោះនឹងដើរតាមគន្លងល្អៗ ព្រមទាំងយកគំរូនយោបាយប្រកបដោយប្រសិទ្ធិភាពដែលធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍអាស៊ីបានអនុវត្តកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ