ស៊ីរី-ចិន

ទីក្រុង​ប៉េកំាង​ព្រួយបារម្ភ​ពី​ស្ថានភាព​កាន់តែ​ដុនដាប​នៅក្នុង​ប្រទេស​ស៊ីរី

លោក​ប្រមុខ​ការទូតចិន Yang Jiechi
លោក​ប្រមុខ​ការទូតចិន Yang Jiechi REUTERS/China Daily

លោក​ប្រមុខ​ការទូត​ចិន Yang Jiechi បាន​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន​ចំពោះ​ស្ថានការណ៍​ដែល​កាន់​តែ​ដុនដាប​ទៅៗ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក្តីបារម្ភ​នេះ​ត្រូវ​បាន​ប្រមុខ​ការទូតចិន​និយាយ​ប្រាប់​លោក Lakhdar Brahimi បេសកជន​ថ្មី​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេស​ចិន លោក​ប្រមុខ​ការទូត​ចិន Yang Jiechi បាន​បង្ហាញ​ក្តីព្រួយបារម្ភ​ពី​ស្ថានការណ៍​នៅ​ស៊ីរី​ប្រាប់​លោក Lakhdar Brahimi នៅ​ក្នុង​កិច្ចសន្ទនា​មួយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Brahimi កាល​ពី​យប់​មិញ។ យោង​តាម​សេចក្តីជូន​ដំណឹង​នេះ​ដដែល លោក​ប្រមុខ​ការទូត​ចិន​បាន​កត់សម្គាល់​ឃើញ​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ និង​ថា ប្រទេស​ចិន​កំពុង​បារម្ភ​ក្រៃលែង និង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​ពី​បញ្ហា​មនុស្សធម៌​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ជម្លោះ​ទំាង​សង​ខាង។

ទន្ទឹម​គ្នា​នេះ និង​ក្រៅ​ពី​ការ​សាទរ​​លោក Lakhdar Brahimi ដែល​ទើប​បាន​ក្លាយ​ជា​បេសកជន​ថ្មី​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​ជំនួស​កន្លែង​លោក Kofi Annan លោក​ប្រមុខ​ការទូត​ចិន​ក៏​បាន​ធានា​ពី​ការ​គំាទ្រ​របស់​ចិន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​តាម​ផ្លូវនយោបាយ​ផង​ដែរ។ គួរ​ជម្រាបជូន​ថា ការ​ដែល​លោក Kofi Annan បាន​ប្រកាស​លា​ឈប់​ពី​តួនាទី​របស់​ខ្លួន​កាល​ពី​ខែ​សីហា គឺ​មក​ពី​លោក​យល់​ឃើញ​ថា ការ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​បិទបញ្ចប់​វិបត្តិ​ស៊រី​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​គំាទ្រ​ពី​សហគមន៍​អន្តរជាតិ​ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត បរាជ័យ​របស់​លោក Kofi Annan ក៏​ដោយសារ​តែ​ទីមួយ៖ គឺ​​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​ចិន និង​រុស្ស៊ី និង​ទីពីរ៖ គឺ​​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ក្រុម​ប្រទេសលោកខាងលិច​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

គួរ​បញ្ជាក់​ជូន​ថា ចិន ក៏​ដូច​ជា​រុស្ស៊ី​ដែរ បាន​ប្រឆំាង​ដាច់​ខាត​នឹង​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ីរី ហើយ​គឺ​ប្រទេស​ទំាង​ពីរ​នេះ​ឯង ដែល​បាន​បោះឆ្នោត​ប្រឆំាង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុម​ប្រទេសលោកខាងលិច​ក្នុង​ការ​ដាក់​គំនាប​លើ​របប​ស៊ីរី។

យ៉ាង​ណា​ក៏​ដោយ លោក​ប្រមុខ​ការទូត​ចិន​បាន​និយាយ​ប្រាប់​លោក Lakhdar Brahimi ពី​ភាព​ចំាបាច់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស៊ីរី​តាម​ផ្លូវនយោបាយ។ សម្រាប់​លោក Yang Jiechi ដំណោះស្រាយ​របៀប​នេះ គឺ​ជា​ច្រក​តែ​មួយ​គត់​ដើម្បី​បិទបញ្ចប់​វិបត្តិ​នៅ​ស៊ីរី ដោយ​មាន​ការ​គោរព​អធិបតេយ្យ និង​សុឆន្ទៈ​របស់​ស៊ីរី។ ជា​ការ​ឆ្លើយ​តប​វិញ លោក Lakhdar Brahimi បាន​សម្តែង​ការ​គំាទ្រ​ចំពោះ​ជំហរ​របស់​ចិន និង​សន្យា​បន្ត​ធ្វើ​ការ​ជាមួយ​ចិន​នៅ​ក្នុង​បេសកកម្ម​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI