ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​​សម្ពោធ​​នាវា​​ផ្ទុក​យន្តហោះ​ទី២​ ​​​ជា​ផលិតផល​​ជាតិ​​​ ​ចំពេល​​ស្ថានការណ៍​​តំបន់​​តានតឹង​​

សំឡេង ០៥:១៦
នាវា​ផ្ទុកយន្តហោះ​ចិន​ទី២ ដាក់សម្ពោធ​នៅថ្ងៃ​២៦មេសា​នេះ នៅ​ក្រុង​កំពង់ផែ Dalian ក្នុង​ខែត្រ​​Liaoning
នាវា​ផ្ទុកយន្តហោះ​ចិន​ទី២ ដាក់សម្ពោធ​នៅថ្ងៃ​២៦មេសា​នេះ នៅ​ក្រុង​កំពង់ផែ Dalian ក្នុង​ខែត្រ​​Liaoning REUTERS/Stringer

ថ្ងៃពុធ២៦មេសា​​នេះ ​ចិន​បាន​សម្ពោធ​នាវាផ្ទុក​យន្តហោះ​ទី២​របស់ខ្លួន នៅ​ការដ្ឋាន​ក្រុងកំពង់ផែ​​Dalian ភាគឦសាន​​។ ចិន​មិនទាន់​ដាក់ឈ្មោះអោយ​​​នាវា​ផ្ទុក​យន្តហោះ​​នេះនៅឡើយ​ទេ ​តែ​នាវា​នេះ​ជា​​ផលិតផល​​ក្នុងស្រុក ​​លើកដំបូង​​​របស់​ចិន។ ​​នាវា​នេះ​​បាន​​គូសបញ្ជាក់​​ពី​ការអភិវឌ្ឈន៍​វិស័យ​យោធា​របស់​ចិន។ 

ផ្សាយពាណិជ្ជកម្ម

ការសម្ពោធ​​​នាវា​ផ្ទុកយន្តហោះ​ទី២​នេះ ​​​ធ្វើឡើង​ចំពេល​ស្ថានការណ៍​តំបន់​កំពុង​តានតឹង។ អាមេរិ​ក​បាន​បញ្ជូន​​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ទៅដល់​កូរ៉េខាងត្បូង ​ហើយ​កូរ៉េខាងជើង​វិញ​ក៏អាច​សាកល្បង​មីស៊ីល​ជាលើក​ទី៦ ​​បានគ្រប់ពេល​ដែរ។

នាវាផ្ទុកយន្តហោះ​ទី២​ជាផលិតផល​ជាតិចិន​១០០ភាគរយ​ ជា​មោទនភាពជាតិ​ចិន
ចិន​មាន​នាវា​ផ្ទុកយន្តហោះ​ទី១ រួច​ហើយ គឺ​នាវា​Liaoning ទិញ​ពី​សហភាព​សូវៀត ​​ដាក់​អោយប្រើ​​ក្នុង​ឆ្នាំ២០១២។ តែ​ថ្ងៃ​ពុធ​នេះ ចិន​បាន​​សម្ពោធ​​​​នាវា​ផ្ទុកយន្តហោះ​ទី២​ ជា​ផលិតផល​​ជាតិ​១០០ភាគរយ​តែម្តង ដែលធ្វើអោយ​ចិន​មា​នមោទនភាព​​​​ ​ប្រឈម​នឹង​អាមេរិក។ តែ​​នាវាចិន​​ទី២​នេះ​មិន​​ប្រើ​ថាមពល​​នុយក្លេអ៊ែរទេ។ ​​
 
នាវា​ផ្ទុកយន្តហោះ​ទី២ មិន​ប្រើ​ថាមពល​នុយក្លេអ៊ែរ គឺប្រើប្រេង ដូច្នេះ​ថាមពល​វា​មិនអាច​នៅ​បានយូរ​ដូច​ប្រើថាមពល​នុយក្លេអ៊ែរ​ទេ។ តែ​វា​ជា​ផលិតផល​ជាតិចិន​១០០ភាគរយ​ ផលិត​ក្នុងស្រុក​លើកដំបូង អាច​ដាក់សម្ពោធ​ថ្ងៃនេះ គឺ​បង្ហាញថាចិន​មាន​បច្ចេកវិទ្យា​គ្រាន់បើ​ហើយ។ ចិន​ផលិត​នាវា​ផ្ទុក​យន្តហោះ​​​​​ដោយ​ខ្លួនឯង​ជាលើកដំបូង ដូច្នេះ ចិន​ត្រូវ​ចាប់ផ្តើម​ពី​ចំណុច​សាមញ្ញៗ​ទៅមុនអញ្ចឹង​ហើយ។

​ចិនអាច​ផលិត​បាន​នាវា​ផ្ទុក​យន្តហោះ​ទី២នេះ ក៏​ដោយសារ​ផ្អែក​លើ​បច្ចេកវិទ្យា​នាវា​ទី១ ឈ្មោះថា ​Liaoning ដែរ។ ចិន​បាន​ទិញ​នាវា​ទី១ ​Liaoning ពី​សហភាព​សូវៀត​យកមកប្រើ។ ប្រទេស​ជឿនលឿន​មិនមែន​ចេះតែ​ចែករំលែក​​បច្ចេកវិទ្យា​នាវាចម្បាំង​ខ្លួន​ស្រួលៗ​នោះទេ។ បែបយ៉ាង​អាមេរិក​ដែល​មា​ន​នាវា​ផ្ទុក​យន្តហោះ​ដល់ទៅ ១១គ្រឿង មិនងាយ​ចែករំលែក​ជាមួយ​ចិន​ ដែល​ជា​មហាអំណាច​​ និងជា​​គូប្រជែង​ខ្លួន​នោះដែរ។ ដូច្នេះ ចិន​ត្រូវប្រឹង​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើបាន ក្នុង​​ការ​ផលិតនាវា​​​​​ផ្ទុក​យន្តហោះ​​ដោយខ្លួន​ឯងនេះ។

សូមបញ្ជាក់ថា ​ចិន​បា​នប្រកាស​​​ផលិត​​នាវា​ផ្ទុកយន្តហោះ​ទី២​ កាលពី​​ឆ្នាំ២០១៥។ ​ចិន​អាច​ប្រើ​នាវា​ទី២​នេះ​សម្រាប់​ការពារបូរណភាព​ជាតិ រឺ​ក៏​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ប្រយុទ្ធ​ចោរសមុទ្រ​ជាដើម។ ​ ការសម្ពោធ​នាវា​ផ្ទុកយន្តហោះ​ទី២ថ្ងៃនេះ មិនមែន​សម្ពោធ​ប្រតិបត្តិការ​ទេ គឺ​សម្ពោធ​ដើម្បី​ធ្វើការ​សាកល្បង​​ជាមុនសិន ទំរាំ​អាច​ប្រើវាបាន​​ គឺ​ត្រូវ​នៅចាំយ៉ាងហោច​ក៏២ឆ្នាំ​ទៀតដែរ។ ​ ដោយឡែក ​ចំពោះ​​នាវា​ផ្ទុក​យន្តហោះ​ទី១ ​Liaoning ចិន​ប្រើវា​​សម្រាប់​បេសកម្ម​ហ្វឹកហាត់​ រឺ​ស្រាវជ្រាវ​ផ្សេងៗ។ ​​

ចិន​ដំឡើង​ថវិកា​អភិវឌ្ឍន៍​វិស័យ​​​​យោធា​ តែ​នៅ​មិនទាន់​អាច​ប្រៀប​ជាមួយ​អាមេរិក
​​​ដើមឆ្នាំ​២០១៧​នេះ ​ចិ​នបាន​ប្រកាស​​ដំឡើង​ថវិកា​យោធា​៧ភាគរយ គឺត្រូវ​នឹងទឹកប្រាក់​១ពាន់៤០លាន​យ័ន គិតទៅ​ប្រហែល​ជា​​១៤៣ពាន់លាន​អឺរ៉ូ។ គិត​១៥ឆ្នាំ​នេះ ថវិកា​យោធា​ចិន​បានដំឡើង​១ជា១០។ ទោះ​យ៉ាងនេះ​ក្តី ក៏​ការអភិវឌ្ឈន៍ផ្នែក​​​យោធា​ ដំឡើង​ថវិកា​ជាង​១៤០ពាន់លាន​អឺរ៉ូ​ ​នៅ​មិនទាន់​អាច​ប្រៀប​នឹង​​សហរដ្ឋ​អាមេរិក​ទេ។ ​អាមេរិក​ដំឡើង​ថវិកាសម្រាប់​វិស័យ​​យោធា​​ដល់​ទៅ​ជាង​៥៧០លាន​អឺរ៉ូ​ឯណោះ។ នៅ​បរទេស ​ចិន​មា​នមូលដ្ឋានយោធាតែ​មួយកន្លែង គឺនៅ​ប្រទេស​ជីប៊ូទី ក្នុង​ទ្វីប​អាហ្វ្រិក។ អាមេរិក​វិញ មាន​មូលដ្ឋានយោធា​​​ដល់ទៅ​៦០០កន្លែង នៅ​តាម​ប្រទេស​ជាង​៥០។

បើ​និយាយ​ពី​នាវាផ្ទុកយ​ន្តហោះ​នេះទៀត អាមេរិក​មាន​នាវា​ផ្ទុកយន្តហោះដល់ទៅ​​១១គ្រឿង ក្នុង​នោះ​៦គ្រឿង​​​ដាក់ពង្រាយ​​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក។ ពេលនេះ ​ចិន​មាន​នាវា​ផ្ទុកយន្តហោះត្រឹម​​២គ្រឿង​ មិនទាន់​គ្រប់គ្រាន់​ទេ។ ក្រុម​ជំនាញ​គិតថា ​ចិ​ន​ត្រូវមាន​យ៉ាងហោច​៣គ្រឿង​ទើប​អាច​ហៅថា​គ្រាន់បើ។ ដូច្នេះ ចិន​ត្រូវ​ប្រឹងប្រែង​ផ្នែកបច្ចេកវិទ្យា​ផលិត​កប៉ាល់​ចម្បាំងខ្លួ​នថែមទៀត។

ចិន​​សម្ពោធ​នាវា​ផ្ទុកយន្តហោះ​​​ទី២​​ ចំពេល​ស្ថានការណ៍​តំបន់​​កំពុង​​តានតឹង
ស្ថានការណ៍​តានតឹង​ដោយសារ​​អាមេរិក ជប៉ុន កូរ៉េខាងត្បូង កំពុង​​ប្រឈម​ការវាយប្រហារ​​ជាមួយ​​​​កូរ៉េខាងជើង​ មិនអាច​អោយ​​ចិន​អោបដៃ​នៅស្ងៀម​ទេ។ ទឹកដី​ចិន​ក៏​នៅក្បែរ​ទឹកដី​កូរ៉េ​ដែរ ចិន​ត្រូវប្រុងប្រយ័ត្ន​ជាប់ជានិច្ច ដើម្បី​​ការពារ​ដែនដី​ខ្លួន ការពារ​ជាតិ និង​ប្រជាជន​​ខ្លួន។ គេ​អាច​គិត​ថា​ អាមេរិក​ ជប៉ុន រឺ​ក៏​កូរ៉េខាងត្បូង​ប្រហែល​មិន​សប្បាយចិត្តនឹង​​ការ​ដាក់សម្ពោធ​នាវា​ផ្ទុកយន្តហោះ​របស់​ចិន​បាន ព្រោះ​ចិន​ជា​សម្ព័ន្ធមិត្ត​នឹង​កូរ៉េខាងជើង។ ​ប៉ុន្តែ​​ បើ​កូរ៉េខាងជើង​លេង​មីស៊ីល​ទៅលើ​ជប៉ុ​ន​​ក្បែរនោះ បើ​​កូរ៉េខាងជើងធ្វើតាម​ការគំរាម​កន្លងមក ដោយ​​​ហ៊ាន​​បាញ់ពន្លិច​នាវា​ផ្ទុកយន្តហោះ​អាមេរិក ​​ក្បែរនោះ ចិន​នៅក្បែរ​នោះ​ក៏អាច​​​​ត្រូវ​រងគ្រោះ​ដែរ។

ការ​ដែល​ចិន​​ដាក់​ប្រើ​​នាវាផ្ទុកយន្តហោះទី១​Liaoning រឺ​ក៏​សម្ពោធ​​​​នាវា​ទី២ពេលនេះ​ ក៏​អាចថា​​ចិន​​​​ ត្រៀម​ការពារ​ទឹកដី​ខ្លួន ប្រជាជន​ខ្លួន​​​ ហើយ​ក៏អាច​ថា ចិន​ចង់​បង្ហាញ​ថា​ ខ្លួនចូលរួម​ការពារសន្តិសុខ​​ស្ថិរភាព​តំបន់​ដែរ ករណី​មា​នហេតុការណ៍​អ្វី​មួយកើតឡើង។ ​ជាទូទៅ គេ​មើលឃើញ​ដែរថា ការដែល​ចិន​បង្ហាញ​នាវា​ផ្ទុកយន្តហោះ​​របស់​ខ្លួន គឺដើម្បី​បង្ហាញ​ពី​អានុភាព​​​ការពារ​ទឹកដី ការពារ​ប្រជាជន​ប៉ុណ្ណោះ គឺ​មិនហួសហេតុ​រហូត​​ដល់​ថ្នាក់​ចង់​​គ្រប់គ្រង រឺ​ធ្វើសង្គ្រាម​​​លោក​​​ទេ។

ចំពោះ​បញ្ហា​កូរ៉េខាងជើង ​​ចិន​តែង​ព្យាយាម​ប្រើ​ដំណោះស្រាយ​​បែប​សន្តិវិធី​ជានិច្ច។ ចិន​អំពាវនាវ​អោយ​គ្រប់ភាគី​ជម្លោះពាក់ព័ន្ធ​ ចេះ​អត់ធ្មត់ទប់ចិត្ត កុំធ្វើ​អ្វី​ហួសហេតុ។ ​ពេលនេះ ស្ថានការណ៍​​តានតឹង​ពេលនេះ ​ក៏ដោយសារ​លោក​ដូណាល់ ត្រាំ ​បញ្ចេញ​សាច់ដុំយោធា​ផ្គើនទៅ​​កូរ៉េខាងជើង​វិញដែរ។ មិនអាច​បន្ទោស​កូរ៉េខាងជើង​​តែ​ឯង​ទេ។ ​​តាំងពី​ដើម​មក​ ក្រុងព្យុងយ៉ាង​តែងផ្គើន​មីស៊ីល​​ជា​ប្រពៃណី​​ទៅហើយ។ ​ដោយឡែក ទាក់ទង​ជម្លោះ​សមុទ្រចិន ការដែល​ចិន​មាន​នាវាផ្ទុកយន្តហោះ​ប្រើ ក៏អាច​ធ្វើអោយ​ប្រទេស​មានជម្លោះ​ជាមួយចិន ​ញញើត​នឹង​ចិនខ្លះ​​ដែរ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI