ចិន

រដ្ឋាភិបាល​ក្រុង​ប៉េកំាង​ប្តេជ្ញា​កាត់​បន្ថយ​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស

បាតុកម្ម​ប្រឆំាង​នឹង​ផ្សែង​ពុល​របស់​រោងចក្រ​មួយ​ក្នុង​ខេត្ត Jiangxi
បាតុកម្ម​ប្រឆំាង​នឹង​ផ្សែង​ពុល​របស់​រោងចក្រ​មួយ​ក្នុង​ខេត្ត Jiangxi DR 网络照片

នៅ​ប្រទេស​ចិន រដ្ឋាភិបាល​ទើប​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​អត្រាផ្សែងពុល​នៅ​ក្នុង​បរិយាកាស។ វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ពេល​នេះ ពិត​ជា​ចម្លើយ​ឆ្លើយ​តប​ចំពោះ​ក្តីបារម្ភ​របស់​ប្រទេស និង​ប្រជាជន។ ប៉ុន្តែ​ក្រុមអ្នកឯកទេស​បាន​យល់​ឃើញ​ថា យុទ្ធនាការ​នេះ​នឹង​មាន​ការ​ពិបាក ព្រម​ទំាង​ត្រូវ​ការ​ពេល​វេលា​យូរអង្វែង​ទៀត​ផង។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​វិធានការ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​សុក្រ ទី១៤ មិថុនា​កន្លង​ទៅ រដ្ឋាភិបាល​ក្រុងប៉េកំាង​អាច​នឹង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ស្តីពី​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​ទៅ​លើ​អ្នកដឹកនំា​ថ្នាក់ក្រោម​របស់​ខ្លួន ពោល​គឺ​ថ្នាក់ដឹកនំា​នៅ​តាម​ខេត្ត ស្រុក និង​ភូមិ​ដែល​សម្បូរ​ទៅ​ដោយ​រោងចក្រ សហគ្រាស​ធំៗ។ មហិច្ឆតា​របស់​រដ្ឋាភិបាល គឺ​កាត់បន្ថយ​ការ​ចាក់​ចោល​ឧស្ម័នពុល​ទៅ​ក្នុង​បរិយាកាស​នៅ​តាម​តំបន់​ឧស្សាហកម្ម​សំខាន់ៗ​ឲ្យ​បាន ៣០% ក្នុង​រយៈពេល ៥ឆ្នំា។

 
« វិធានការ​ដែល​ទើប​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​រដ្ឋ​របស់​រដ្ឋាភិបាល​ចិន គឺ​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស » នេះ​ជា​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​របស់ Deutsche Bank។ របាយការណ៍​របស់ Deutsche Bank ដដែល​បាន​កត់សម្គាល់​ឃើញ​ថា កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​នឹង​អាច​មាន​រយៈពេល​យ៉ាង​តិច ១៨ឆ្នំា មុន​នឹង​ធ្វើ​ឲ្យ​កម្រិត​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស​ត្រឡប់​មក​រក​កម្រិត​ធម្មតា​ឡើង​វិញ។

បច្ចុប្បន្ន​នេះ នៅ​ក្នុង​ទីក្រុងប៉េកំាង ក៏​ដូច​ជា​នៅ​ទីក្រុងធំៗ​ជា​ច្រើន​ក្នុង​ទូទំាង​ប្រទេស​ចិន អត្រា​នៃ​អង្គធាតុតូចល្អិតឆ្មា​កំពុង​មាន​កម្រិត​ក្រាស់ឃ្មឹក​នៅ​ក្នុង​បរិយាកាស ពោល​គឺ​មាន​កម្រិត ៤០ដង លើស​ពី​កម្រិត​ស្តង់ដារ។ អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​វិជ្ជមាត្រ​ក្រាស់ឃ្មឹក​របស់​អង្គធាតុតូចល្អិតឆ្មា​ដែល​អាច​ចូល​ទៅ​បំផ្លាញ​សួត​របស់​មនុស្ស​យើង​នៅ​ពេល​ដក​ដង្ហើម​ចូល។

គួរ​ជម្រាប​ជូន​ថា ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ និង​ជា​ទីផ្សារ​រថយន្ត​ទីមួយ​ក្នុង​លោក ចិន​បាន​និង​កំពុង​សម្លឹង​ឃើញ​បរិស្ថាន​របស់​ខ្លួន​ទទួល​ការ​គំរាមកំហែង​យ៉ាង​ខ្លំាង ពោល​គឺ​គំរាមកំហែង​ដោយ​ការ​ចាក់ចោល​ឧស្ម័នពុល​ទៅ​ក្នុង​បរិយាកាស​របស់​រោងចក្រ សហគ្រាស។ ក្នុង​ឆ្នំា ២០១០ ឧស្ម័នពុល​ក្នុង​បរិយាកាស​បាន​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ចិន​ស្លាប់​មុន​អាយុ ប្រមាណ​ជា ១លាន ២សែន​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អាមេរិកំាង​មួយ​ឈ្មោះ Health Effect៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI