កម្ពុជា-ចិន

ចិន​សន្យា​ស្រាយ​ជម្លោះ​ដែនសមុទ្រ​ដោយ​សន្តិវិធី​ជាមួយ​សមាជិក​អាស៊ាន

លោក​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ​(ឆ្វេង)​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​(ស្តាំ)​នៅឱកាស​ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅភ្នំពេញ ​៣១ មីនា ​២០១២
លោក​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ​(ឆ្វេង)​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​(ស្តាំ)​នៅឱកាស​ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅភ្នំពេញ ​៣១ មីនា ​២០១២ REUTERS/Tang Chhin Sothy

ជំនួយ​វិនិយោគ និង​សហប្រតិបត្តិការ​ទ្វេភាគី ទាំង​៣​នេះ​តែង​ជា​ប្រធានបទ​នៃ​ជំនួប​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន។ នៅ​ក្នុង​ជំនួប​ទ្វេភាគី ក្នុង​ប្រទេស​ចិន​កាល​ពី​ចុងសប្តាហ៍​កន្លងទៅ លើស​ពី​ប្រធានបទ​ទាំង​នេះ ប្រមុខ​រដ្ឋាភិបាល​ចិន លោក វេន ជាប៉ាវ​បាន​សន្យា​ប្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន​ថា រដ្ឋាភិបាល​ចិន​នឹង​ព្យាយាម​ដោះស្រាយ​ជម្លោះ​ក្នុងសមុទ្រ​ចិន​ខាងត្បូង​នេះ​ដោយ​សន្តិវិធី។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន ហើយ​សមាជិក​អាស៊ាន​មួយ​ចំនួន​កំពុង​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ចិន​នោះ លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាប៉ាវ​មិន​បាន​ភ្លេច​លើកឡើង​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន ចំពោះ​បញ្ហា​ជម្លោះ​នេះ ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​នោះ​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាមិត្ត​ទាំងពីរ​បាន​ជួប​គ្នា​កាល​ចុង​សប្តាហ៍​កន្លង​ទៅ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​ទស្សនកិច្ច​ពិព័រណ៌​ចិន អាស៊ីអឺរ៉ុប​នៅ​ក្នុង​ខេត្តស៊ីនជាំង អ៊ុយហ្គ័រ​ក្នុង​ប្រទេស​ចិន។

លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជាប៉ាវ​បាន​ថ្លែង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា រដ្ឋាភិបាល​ចិន​នឹង​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​​ខាងត្បូង​នេះ​ដោយ​សន្តិវិធី ស្រប​តាម​យន្តការនៃ​សេចក្តីប្រកាស​សម្រាប់​ភាគី និង​ក្រម​ប្រតិបត្តិ​ស្តីពី​បញ្ហា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អូន ព័ន្ធមុន្នីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។ សមាជិក​អាស៊ាន​ដែល​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន​រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយនេ។ កន្លង​មក​នេះ​កម្ពុជា​ត្រូវ​បាន​ប្រទេស​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​យ៉ាង​ខ្លាំង​ថា​បាន​លំអៀង​ទៅ​រក​ចិន។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​សប្តាហ៍​នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ក៏​គ្រោង​លើក​យក​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន ​មក​ជជែក​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន​ផងដែរ។ គោល​បំណង​គឺ​ដើម្បី​បន្ថយ​ភាព​តានតឹង។ ក្រៅ​បញ្ហា​សន្តិសុខ​តំបន់​នេះ ដូច​លើក​មុនៗ​ដែរ ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​ជំនួយ និង​ជំរុញ​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា។ បើ​យោងតាម​លោក អូន ពន្ធ័មុនីរ័ត្ន រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ចំនួន ១៥០ លាន​យ័ន ស្មើ​នឹង​ជាង ២០លាន​ដុល្លារអាមេរិក​រួមទាំង​ជំនួយ​ផ្សេងៗមួយចំនួនទៀតមក​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដដែល​នោះ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​យល់​ព្រម​តាម​សំណើ​របស់​ក្រុមហ៊ុន​ចិន​មួយ​ដែល​ចង់​បង្កើត​រោងចក្រ​ស្ល​ដែក​តម្លៃ​២០០០​លាន​ដុល្លារ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI