អានតួអត្ថបទ
ចិន-អាមេរិក

ជម្លោះ​សមុទ្រ​ចិន៖​ប្រមុខ​ការពារជាតិ​អាមេរិក​និង​មន្ត្រីយោធា​ជាន់ខ្ពស់​ចិន​ទំលាក់​កំហុសគ្នា​ទៅវិញ​ទៅមក​

ប្រមុខការពារ​ជាតិ​អាមេរិក Chuck Hagel  និង​ប្រមុខការពារ​ជាតិចិន Chang Wanquan ​ជួបគ្នា​​នៅ​ក្រុង​ប៉េកាំង​​ ថ្ងៃ​៨មេសា។
ប្រមុខការពារ​ជាតិ​អាមេរិក Chuck Hagel និង​ប្រមុខការពារ​ជាតិចិន Chang Wanquan ​ជួបគ្នា​​នៅ​ក្រុង​ប៉េកាំង​​ ថ្ងៃ​៨មេសា។ Reuters/路透社
ដោយ៖ ព្រំ សឿន សូលីណា
១៦ នាទី

នៅថ្ងៃ​អង្គារ​ម្សិលមិញ​ ប្រមុខការពារ​ជាតិ​អាមេរិក​ ឆាក់ ហាហ្កែល និង​មន្ត្រី​យោធា​ជាន់ខ្ពស់​​​ចិន​បាន​ចោទគ្នា​ទៅវិញទៅមក ថា​ម្ខាងៗ​សុទ្ធតែ​បាន​បង្ក​ភាព​តានតឹង​ក្នុងតំបន់។​ ម្សិលមិញ​​ ​លោក​ឆាក់ ហាហ្កែល បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​។ ផ្នែកយោធា​ចិន​និង​អាមេរិក​​បាន​​ជំទាស់​គ្នា លើ​បញ្ហា​មួយចំនួន​បែបយ៉ាង ជម្លោះ​​បូរណភាព​ដែនទឹក​នៅ​សមុទ្រចិន រវាង​ចិន​និង​ប្រទេស​អាស៊ី​ជិតខាង​ក្នុងតំបន់​ បញ្ហា​កូរ៉េខាងជើង និង​ការ​ស៊ើបការ​ណ៍​តាមប្រព័ន្ធ​​អ៊ីនថឺណែត​ជាដើម។

ផ្សាយពាណិជ្ជកម្ម

ការចោទ​គ្នា​ទៅវិញទៅមក​ ថា​ម្ខាងៗ​ជាអ្នក​បង្កភាពតានតឹង​​ក្នុង​តំបន់​នេះ មូលហេតុ​​គឺ​មកពី​ចិន​មិន​បានពេញចិត្ត​នឹង​ពាក្យសំដី​របស់​ប្រមុខការទូត​អាមេរិក ឆាក់ ហាហ្កែល ក្នុង​ជំនួប​​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ដែល​បាន​រៀបចំ​ធ្វើ កាលពី​សប្តាហ៍​មុន នៅ​ហាវ៉ៃ​សហរដ្ឋអាមេរិក​ និង​នៅ​ជប៉ុន​នោះទេ។ នេះ​បើ​​យោងតាម​សារព័ត៌មាន​ចិន​ស៊ីន​ហួ ​ដែល​បាន​ស្រង់សំដី​របស់​​អ្នក​ទទួល​ខុសត្រូវ​​យោធា​ចិន​មួយរូប មកចុះផ្សាយ​នៅថ្ងៃ​ពុធ​នេះ។ ​

កាលពីថ្ងៃ​សៅរ៍​​ ​ថ្លែង​ទៅ​កាន់​​​សារព័ត៌មាន​ជប៉ុន នីគី Nikkei ប្រមុខ​ការពារ​ជាតិ​អាមេរិក​ឆាក់ ហាហ្កែល ​​បាន​លើក​ឡើង​​ថា​ ​​​ចិន​បាន​សម្រេចចិត្ត​​តែ​ម្នាក់ឯង​ ក្នុង​​ការ​​បង្កើត​តំបន់​ការពារ​ដែន​អាកាស​​ខ្លួន​ នៅ​សមុទ្រ​ចិន​ខាងកើត កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣ ​ហើយ​ការ​បង្កើត​តំបន់​ដែនអាកាស​ចិន​នេះ​គឺជា​ការ​ផ្គើន​ បង្កជា​​ភាពតានតឹង​ក្នុង​តំបន់។ កាលពីថ្ងៃ​អាទិត្យ​ លោក​ឆាក់ ហាហ្កែល បាន​ព្រមាន​ចិន​អោយ​ប្រុងប្រយ័ត្ន​​​រាល់​សកម្មភាព​ជា​ឯកតោភាគី​​​។

លោក ហ្វាន់ ឆាំងឡុង ​អនុប្រធាន​​គណៈកម្មការ​យោធាចិន​​​​ បាន​ប្រាប់​ទៅ​លោក​ឆាក់ ហាហ្កែល​ ចំមុខ​តែ​ម្តង​ថា​​ ​ពាក្យពេចន៍​ដែល​លោក​ឆាក់ ហាហ្កែល​ ថ្លែង​​ទៅកាន់​អ្នកនយោបាយ​ជប៉ុន​ និងក្នុង​ជំនួប​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​ ​​កន្លងមក​នេះ គឺ​​​​ធ្ងន់ណាស់។ ​លោក​ហ្វាន់ និង​ប្រជាជន​ចិន​​​​ទាំងមូល​មិនពេញចិត្ត​​នោះទេ។ មន្ត្រី​យោធា​ចិន​មួយរូប​បាន​ចោទទៅ​អាមេរិក​វិញថា អាមេរិក​ភ័យខ្លាចសក្តានុពល​​​​ចិន​ដែល​កំពុង​តែ​​ខ្ពស់​ត្រដែត ដូច្នេះ​អាមេរិក​បាន​បង្ក​ចលាចល​ក្នុង​តំបន់ ​រាំងស្ទះចិន ព្រោះថា ​ថ្ងៃណាមួយ ចិន​នឹង​ក្លាយជា​ដៃគូប្រកួតចំបង​បំផុត​ សម្រាប់​អាមេរិក។

ថ្មីៗ​នេះ ​ប្រមុខការពារ​ជាតិ​អាមេរិក​បាន​បន្ទោស​ចិន​ពីការ​ដែល​ចិន​​បានជួយ​កូរ៉េខាងជើង​​​​ និង​ព្រមាន​ចិន​​អោយ​ប្រុងប្រយ័ត្ន ​​ករណី​​ចិន​ប្រើ​អំណាច​បង្ខំ​ប្រទេស​អាស៊ីតូចតាច​ជិតខាង​ ដែល​ជាប់​ជម្លោះ​​​ដែនទឹក​ជាមួយចិន។ គួររំលឹក​ថា ​នៅ​សមុទ្រ​ចិន​ ​ចិន​ឈ្លោះ​ដណ្តើម​​​​ប្រជុំ​កោះ​សេនកាគូ​ជាមួយ​ជប៉ុន។ ​តំបន់​ការពារ​ដែនអាកាស​ចិន​ ​ដែល​​បាន​​បង្កើត​កាលពីខែវិច្ឆិកា​ឆ្នាំមុន ​បានលាតសន្ធឹង​ចូល​​ដែនអាកាស​នៃ​ប្រជុំកោះជម្លោះ​នេះ។

ចិន​ក៏មាន​ជម្លោះដែនទឹក​ជាមួយ​​​​ហ្វីលីពីន​និង​វៀតណាម​ផងដែរ។ ប្រមុខការពារជាតិ​ចិន​ ឆាំង វ៉ាំងគ័ង ​បានចោទ​ហ្វីលីពីន​និង​វៀតណាម​ថា ​បាន​បង្ក​ភាពតានតឹង​ ហើយ​បាន​សុំ​​អាមេរិក​អោយ​​​ជួយ​​​ទប់ស្កាត់​​​​​ហ្វីលីពីន​និង​វៀតណាម ក្នុង​ទង្វើ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ