កូរ៉េខាងត្បូង-ចិន

ចិន​សន្យា​មិន​ជួយ​ការពារ​អ្នក​បាញ់​នាវា​កូរ៉េ​ខាង​ត្បូង

នាយករដ្ឋមន្រ្តីចិន (ឆ្វេង) ពេល​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថ្ងៃ​សុក្រ ទី២៨ ឧសភា ២០១០
នាយករដ្ឋមន្រ្តីចិន (ឆ្វេង) ពេល​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថ្ងៃ​សុក្រ ទី២៨ ឧសភា ២០១០ ©Reuters

នៅថ្ងៃ​សុក្រ​នេះ លោក​វេន ជាប៉ាវ (Wen Jiabao) បាន​សន្យាថា​ ចិន​នឹង​មិន​ជួយ​ការពារ​អ្នក​​ដែល​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​របស់​កូរ៉េ​​ខាង​ត្បូង​នោះទេ។ លោក​នាយករដ្ឋមន្រ្តី​ចិន​បាន​ថ្លែង​បែបនេះ បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក​លី ម្យ៉ុងបាក់ (Lee Myung-bak) ប្រធានាធិបតី​កូរ៉េ​ខាង​​ត្បូង នៅ​ទីក្រុង​សេអ៊ូល។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

នៅថ្ងៃ​សុក្រ​នេះ នៅពេល​ទៅបំពេញ​ទស្សនកិច្ច​ នៅ​កូរ៉េ​ខាង​ត្បូង លោក​នាយករដ្ឋមន្រ្តី​ចិន​ទទួល​រងនូវ​សម្ពាធ​យ៉ាងខ្លាំង ក្នុង​សំណុំរឿង​លិចនាវាចម្បាំង​កូរ៉េ​ខាង​ត្បូង។ សម្ពាធ​នេះ​បាន​កើន​កាន់តែ​ខ្លាំង នៅក្រោយ​ពេល​ដែល​ជប៉ុន​បាន​ប្រកាស​​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ដែរ កាល​ពី​ព្រឹកថ្ងៃ​សុក្រ។

ប្រឈមមុខនឹង​សម្ពាធ​យ៉ាង​ខ្លាំង​បែបនេះ លោក​វេន ជាប៉ាវ បាន​ថ្លែង​ថា ចិន​​នឹង​មិន​ជួយ​ការពារ​អ្នក​ដែល​បាន​បាញ់​ពន្លិចនាវាចម្បាំង​កូរ៉េ​ខាង​ត្បូង​នោះទេ។ មិន​ត្រឹមតែ​មិន​ជួយការពារនោះទេ ចិន​ក៏​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​ផងដែរ។ លោក​​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ថ្លែង​បែបនេះ ដើម្បី​ព្យាយាម​រំងាប់​ចិត្ត​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​អាមេរិក ដែល​កំពុង​តែ​ទាមទារ​ឲ្យ​ចិន​គាំទ្រ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយ​គ្នា​នេះ លោក​វេន ជាប៉ាវ មិនបាន​និយាយ​ចំៗ​ថា កូរ៉េ​ខាង​ជើង​ជា​អ្នក​បាន​បាញ់​ពន្លិចនាវា​កូរ៉េ​ខាង​ត្បូង​នោះទេ ដោយ​លើកឡើង​ថា រដ្ឋាភិបាល​ចិន​កំពុង​តែ​ពិនិត្យ​មើល​ភស្តុតាង។ លោក​នាយករដ្ឋមន្រ្តី​ចិន​ធ្វើ​បែបនេះ ព្រោះ​​មិនចង់​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ចំៗ​​ជាសាធារណៈ។
បើ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទៅ ក្នុង​សំណុំរឿង​​លិចនាវា​កូរ៉េ​ខាង​ត្បូងនេះ រដ្ឋាភិបាល​ចិន​គឺ​ជា​អ្នក​ដែល​ត្រូវ​ប្រឈមមុខនឹង​​ជម្រើស​ពិបាក​ជាងគេ។

ប្រទេស​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​កូរ៉េ​ខាង​ជើង​​សុទ្ធសឹង​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​ចិន។ គិត​តាម​បរិមាណ​នាំចេញ និង​នាំចូល អាមេរិក គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងបង្អស់​របស់​ចិន។ ជប៉ុន​ស្ថិត​នៅ​លំដាប់​​ទី២ ហើយ​កូរ៉េ​ខាង​ត្បូង​លំដាប់​ទី៣។ ប្រទេស​ទាំងបីនេះ​ហើយ​ ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​កូរ៉េ​ខាង​ជើង ហើយ​ដែល​កំពុង​តែ​ដាក់​សម្ពាធ​ឲ្យ​ចិន​គាំទ្រ​ការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ ដូច្នេះ ប្រសិន​បើ​ចិន​ចចេស​ការពារ​កូរ៉េ​ខាង​ជើង វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​​​ជាមួយ​ប្រទេស​ទាំងបីនេះ ហើយ​ចិន​នឹង​ខាតបង់​ប្រយោជន៍​​ផ្នែក​សេដ្ឋកិច្ច។

ផ្ទុយ​ទៅវិញ ប្រសិន​បើ​ចិន​មិន​ជួយការពារ​កូរ៉េ​ខាង​ជើង​ទេ ចិន​នឹង​បាត់បង់​ឥទ្ធិពល​ទាំងស្រុង​លើ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង។ កាន់តែធ្ងន់ធ្ងរ​ទៅទៀត​នោះ គឺ​ចិន​ខ្លាច​ការប្រឈមមុខ​ដាក់​គ្នា​រវាង​កូរ៉េ​ទាំងពីរ​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​បង្ក​ទៅ​ជា​ជម្លោះ​ប្រដាប់​អាវុធ។ ចិន​បារម្ភ​ខ្លាច​​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ត្រូវ​ដួលរលំ ហើយ​កូរ៉េ​ទាំងពីរ​បង្រួបបង្រួម​ជា​ប្រទេស​តែមួយ ដឹកនាំ​ដោយ​រដ្ឋាភិបាល​​​រណប​សហរដ្ឋ​អាមេរិក។ ប្រសិន​បើ​ករណីនេះ​កើតឡើង​មែន មានន័យថា អាមេរិក​អាច​នឹង​ដាក់ទ័ព​​មក​ដល់​ព្រំដែន​របស់​ចិន​តែម្តង ដែល​ធ្វើ​ឲ្យ​ចិន​បាត់បង់​ផលប្រយោជន៍​ផ្នែក​យុទ្ធសាស្រ្ត។

ហេតុដូច្នេះ​ហើ​យ​បាន​ជា​យើង​តែងតែ​សង្កេត​ឃើញ​ថា បើ​ទោះជា​កូរ៉េ​ខាង​ជើង​តែងតែ​បង្ក​ការលំបាកដល់​ចិន រហូត​ដល់ពេលខ្លះ​ធ្វើ​ផ្គើន​នឹង​ចិន​ទៅទៀត​ក៏ដោយ ក៏ចិន​នៅតែ​ត្រូវការ​​កូរ៉េ​ខាង​ជើង ដើម្បី​ទុក​ធ្វើ​ជា​ទ្រនាប់​ទប់​​អាមេរិក​កុំ​ឲ្យ​ចូល​មក​ដល់​របងផ្ទះ​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI