អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន​ក្នុង​ជម្លោះ​ដែនកោះ​សមុទ្រ​ចិន​ខាង​ត្បូង

សំឡេង ០៤:៣៦
La page 8 du nouveau passeport chinois controversé.
La page 8 du nouveau passeport chinois controversé. REUTERS/Stringer
ដោយ៖ ប៉ែន បូណា
២៧ នាទី

ទន្ទឹមនឹង​ការបញ្ចៀស​សហគមន៍​អន្តរជាតិ​មិន​ឲ្យ​លូកដៃ​ចូលក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង ទីក្រុង​ប៉េកាំង​ក៏បាន​បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត​ក្នុងការ​ហួងហែង​ដែន​កោះ​ដែលមាន​ជម្លោះ​តាមរយៈ​ការបោះពុម្ព​ផែនទី​ដែន​កោះ​ទាំងនោះ​នៅក្នុង​លិខិតឆ្លងដែន​របស់ខ្លួន។ បញ្ហា​នេះ​បាននិងកំពុង​ធ្វើ​ឲ្យ​រំជើបរំជួល​ជាថ្មី​នៅក្នុង​តំបន់​អាស៊ី។ វៀតណាម និង​ហ្វីលីពីន ដែលមាន​ជម្លោះ​ខ្លាំងជាងគេ​ជាមួយ​មហា​យក្ស​ចិន កំពុង​រិះរក​យុទ្ធសាស្ត្រ​រួមគ្នា​ដើម្បី​ទប់ទល់។ យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន​អាច​នឹងធ្វើ​ឲ្យ​កិច្ចពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង (COC)រវាង​ចិន​និង​អាស៊ាន​ជួប​ឧបសគ្គ​ជាថ្មី។

ផ្សាយពាណិជ្ជកម្ម

ខណៈដែល​កិច្ចពិភាក្សា​អំពី​​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង (COC) រវាង​ចិន​និង​អាស៊ាន កំពុងដំណើរការ ស្រាប់តែ​ចិន​បានចេញ​លិខិតឆ្លងដែន​អេឡិចត្រូនិក​ប្រភេទ​ថ្មី​ដែលមាន​រំលេច​ដោយ​ផែន​ទីដែន​កោះ​ដែលមាន​ជម្លោះ​នៅក្នុង​នោះ​ផង។ យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន​បាន​បង្កើត​ឲ្យ​មាន​ភាព​រំជើបរំជួល​ជាថ្មីទៀត​នៅក្នុង​តំបន់​អាស៊ី។ បណ្តា​ប្រទេស​ដែលមាន​ជម្លោះ​ដណ្តើម ដែន​កោះ​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​ផ្ទុះ​កំហឹង និង​សម្តែង​ប្រតិកម្ម​តវ៉ា​យ៉ាងខ្លាំង។

ផែនទី​ដែល​រំលេច​នៅលើ​លិខិតឆ្លងដែន​ថ្មី​របស់​ចិន មាន​រួមបញ្ចូល​ទាំង​កោះ​មួយចំនួន​ដែល​ប្រទេសជិតខាង​ទាមទារ​ផងដែរ។ តាមរយៈ​ផែនទី​ថ្មី​នេះ ប្រទេស​ចិន​បាន​ហួងហែង​យក​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង ដោយ​កាត់​បញ្ចូល​ស្ទើរតែ​ដល់​ឆ្នេរសមុទ្រ​ហ្វ៊ី​លី​ពី​ន និង​ម៉ាឡេស៊ី និង​ដែន​កោះ​ដែល​វៀតណាម​ទាមទារ។ ចំណែកឯ​បន្ទាត់​ព្រំដែន​គោក​វិញ ផែនទី​នៅលើ​លិខិតឆ្លងដែន​ថ្មី​នេះ ក៏បាន​រាប់បញ្ចូល​ដែនដី​ដែល​ឥណ្ឌា​ទាមទារ​ផងដែរ។

ជា​ប្រតិកម្ម​ឆ្លើយតប អាជ្ញាធរ​វៀតណាម​បាន​សម្តែង​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​ដោយបាន​ហៅ​គំនូរ​ផែនទី​នៅលើ​លិខិតឆ្លងដែន​របស់​ចិន​ថា​ជា«ការរំលោភ​ធ្ងន់» ទៅលើ​អធិបតេយ្យភាព​របស់​វៀតណាម។ ទីក្រុង​ហាណូយ​បាន​បញ្ជូន​លិខិត​ការទូត​មួយច្បាប់​ភ្លាម​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​វៀតណាម​ដោយ​សុំឲ្យ​ចិន​លុបចោល​លិខិតឆ្លងដែន​នេះ​ទុកជា​មោ​ឃៈ ។ លើសពីនេះ វៀតណាម​បាន​បដិសេធ​មិន​បោះត្រា​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នកទេសចរ​ចិន​នៅ​លើ​លិខិតឆ្លងដែន​ដែលមាន​ផែនទី​សមុទ្រ​ចិន​ខាងត្បូង​នោះទេ។ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​ក៏​មិនបាន​រារាំង​មិន​ឲ្យ​ជន​ជាតិចិន​ចូលក្នុង​ទឹកដី​របស់ខ្លួន​នោះទេ ដោយ​គ្រាន់តែ​វៀតណាម​ផ្តល់​ទិដ្ឋាការ​ដោយឡែក​មួយ​ជូន​ជនជាតិ​ចិន។

ប្រទេស​ហ្វីលីពីន​និង​កោះ​តៃវ៉ាន់​ក៏​មិនបាន​នៅ​ស្ងៀម​ដែរ ដោយ​ពួកគេ​បាន​ប្រឆាំង​ជំទាស់​យ៉ាង​​ខ្លាំងក្លា​ទៅនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​អះអាងថា ខ្លួន​កំពុងតែ​ពិចារណា​អំពី​ជម្រើសផ្សេងៗដើម្បី​ធ្វើ​សកម្មភាព​ឆ្លើយតប​ទៅ​ការ​ហួងហែង​របស់​ទីក្រុង​ប៉េកាំង។ ចំណែកឯ​ប្រទេស​ឥណ្ឌា​វិញ ក៏បាន​ចាត់វិធានការ​ឆ្លើយតបភ្លាមៗទៅនឹង​មហា​យក្ស​ចិន​ដែរ​តាមរយៈ​យុទ្ធសាស្ត្រ​ផ្ចាញ់ផ្ចាល​បែប​ការទូត។  ទីក្រុង​ញូ​វ​ដេលី​បានផ្តល់​ទិដ្ឋាការ​ឲ្យ​ជនជាតិ​ចិន​ដោយ​បោះត្រា​ដែលមាន​រូប​ផែនទី​ផ្ទាល់​មួយ​របស់ខ្លួន​នៅ​ពីលើ​លិខិតឆ្លងដែន​ចិន​ដែល​មាន​​រំលេច​ផែនទី​ក្តោប​យក​ដែនដី​ដែល​ឥណ្ឌា​ទាមទារ។

គួរ​បញ្ជាក់ថា ចិន​ទើបតែ​បាន​បោះពុម្ព​ផែនទី​ជា​ផ្លូវការ​លើកដំបូង​នៃ​ទីក្រុង​សាន​សា (Sansha) ដែល​ទើបតែ​បង្កើត​ថ្មី​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ អ្នក​បោះពុម្ព​ផែនទី​នោះបាន​បញ្ជាក់ថា នេះ​ជា​ផែនទី​លើកដំបូង​ដែល​ឆ្លុះបញ្ចាំង​អំពី​ភូគព្ភសាស្ត្រ​នៃ​ទីក្រុង សាន​សារ​បស់​ចិន និង​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​លក្ខណៈ​ទូលំទូលាយ ត្រឹមត្រូវ និង​ច្បាស់លាស់។ ក្រុមប្រឹក្សា​រដ្ឋ និង​គណៈរដ្ឋមន្ត្រី​ចិន​បាន​យល់ព្រម​កាលពី​ខែមិថុនា​កន្លងទៅ​ឲ្យ​បង្កើត​ទីក្រុង​សាន​សា​នេះ​ឡើង​ក្នុង​ខេត្ត​ហៃ​ណាន ដើម្បី​គ្រប់គ្រង​កោះ​និង​ដែនទឹក​ជុំវិញ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ការបោះពុម្ព​ផែនទី​ដែនដី និង​ដែន​កោះ​ដែលមាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​នៅលើ​លិខិត​ឆ្លងដែន​របស់​ចិន​នេះ​គឺជា​អធិករណ៍​ថ្មី​មួយទៀត​ដែល​នឹង​ដុត​រោល​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង។ ស្ថានភាព​នេះ​អាច​នឹងធ្វើ​ឲ្យ​កិច្ច​ពិ​ភាក្សា​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​តានតឹង​​ដោយហេតុថា បណ្តា​ប្រទេស​ដែលមាន​ជម្លោះ​ជាពិសេស​វៀតណាម និង​ហ្វីលីពីន ដែលជា​អ្នកប្រឆាំង​ចិន​យ៉ាងខ្លាំង​ស្រាប់​ផង​នោះ អាច​នឹង​បង្កើន​ការប្រឆាំង​កាន់តែខ្លាំង​ថែមទៀត។

ជ​ការ​ពិតណាស់ ការបោះពុម្ព​ផែនទី​តំបន់​ជម្លោះ​នៅក្នុង​លិខិតឆ្លងដែន​របស់​ចិន​អាច​មានន័យ​ពីរ​យ៉ាង៖ ទី១ ចិន​ចង់​បញ្ជាក់ថា ដែនដី​ដែល​ប្រទេសជិតខាង​កំពុង​ទាមទារ​នោះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ និង​ស្របច្បាប់​របស់ខ្លួន​ដែល​គ្មាន​អ្នកណា​អាច​តវ៉ា​បាន។ និង​ទី២ បញ្ហានេះបានធ្វើឲ្យ​មតិខ្លះ​​យល់ថា ជាការ​បញ្ឈឺ​ផ្នែក​ការទូត​មួយ​ក៏​ថា​បាន ពីព្រោះថា បើគ្រាន់តែ​គូស​ដែន​កោះ​ទាំង​នោះ​ទៅក្នុង​ផែនទី​របស់ខ្លួន​អាច​មិនមែនជា​រឿង​ចម្លែក​ទេ​ដោយសារតែ​វាជា​ដែនដី​ដែល​ភាគីមីមួយៗទាមទារ ប៉ុន្តែ ការដាក់​ផែនទី​នោះ​ក្នុង​លិខិតឆ្លងដែន​គឺជា​យុទ្ធសាស្ត្រ​ដណ្តើម​ប្រៀប​​ឈ្នះ​ដ៏​យ៉ាងច្បាស់ក្រឡែត។ នេះ​មានន័យថា ចិន​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ចរចា​ផង និង​ការដាក់​គំនាប​ផង​ទៅលើ​គូ​ទំនាស់។ គឺជា​យុទ្ធសាស្ត្រ​ដែល​បង្ហាញថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រឹតតែ​ពិបាក​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ