ប្រធានាធិបតីចិនជួបសន្ទនាជាមួយលោក AbbasមុននឹងជួបលោកNetanyahu
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានាធិបតីចិនលោក Xi Jingping បានជួបសន្ទនាជាមួយលោក Mahmoud Abbas ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន នៅថ្ងៃចន្ទ៦ឧសភានេះ នៅទីក្រុងប៉េកាំង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅប្រទេសចិនចាប់តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃអង្គារស្អែក។ លោកប្រមុខរដ្ឋចិន ក៏នឹងត្រូវជួបប្រាស្រ័យជាមួយ លោក នាយក រដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahu ដែរ ដែលបានអញ្ជើញមកដល់ប្រទេសចិននៅថ្ងៃចន្ទនេះដែរ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ៥ថ្ងៃ នៅក្រុងសៀងហៃក្នុងថ្ងៃចន្ទនិងអង្គារស្អែកនិងបន្ទាប់មកនៅប៉េកាំង។
នៅក្នុងរដ្ឋធានីចិន លោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីន ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមនៅលើទីលានTiananmen ដោយមានការប្រារព្ធពិធីត្រួតពលជាកិតិយសផង។ ក្នុងឱកាសនោះ លោកប្រធានាធិបតីចិន បានសម្តែងគារវកិច្ចនិង សរសើរចំពោះសកម្មភាពនយោបាយរបស់លោក Mahmoud Abbas ក្នុងការប្រកាន់យកយុទ្ធសាស្ត្រសន្តិភាព។
ជាការឆ្លើយតបវិញ លោក Mahmoud Abbas បានអបអរសាទរ ចំពោះរដ្ឋាភិបាលចិនជាបន្តបន្ទាប់គ្នាក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានអនុម័តយកនយោបាយមួយប្រកបដោយវិចារណញ្ញាណដែលជាប្រភពផ្តល់ផ្លែផ្កាដ៏សំខាន់មួយដល់ប្រទេសចិន ដោយបាន ចៀសវាងនូវការបង្កកំហុសនានាដែរ។
វត្តមានជាបន្តបន្ទាប់គ្នារបស់លោក Mahmoud Abbas និងលោក Nétanyahu នៅក្នុងប្រទេសចិន បានធ្វើឲ្យមតិសាធារណៈមានការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាថ្នាក់ដឹកនាំ អ៊ីស្រាអែលនិងប៉ាឡេស្ទីន មិនត្រូវជួបប្រាស្រ័យជាមួយគ្នាក៏ដោយ- នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការចិនថ្មី។
ប្រមុខដឹកនាំប៉ាឡេស្ទីន បានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័តមានចិនថ្មីដែរថា លោកមានបំណងចង់ពិភាក្សាជាមួយថ្នាក់ដឹកនាំចិន អំពី បញ្ហាឧបសគ្គនានានៅក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែលដោយ បានសុំឲ្យ ចិន ជួយអន្តរាគមន៍ដើម្បីរកដំណោះស្រាយនេះដែលជាឧបសគ្គដ៏ចំបងក្នុងការរាំស្ទះដំណើរសេដ្ឋកិច្ចរបស់ប៉ាឡេស្ទីន។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលនេះគឺ ដើម្បីពង្រីកពាណិជ្ជកម្មជាមួយប្រទេសចិនដែលជាមហាអំណាចក្នុងតំបន់អាស៊ី នៅខណៈដែលតំបន់ដើមបូព៌ាកំពុងជួបភាពតានយ៉ាងតឹងខ្លាំង ក្រោយពីមានប្រតិបត្តិការវាយលុកពីរលើករបស់អ៊ីស្រាអែលនៅប្រទេសស៊ីរីក្នុងរយៈពេល៤៨ម៉ោងប៉ុណ្ណោះ។
គួររំលឹកថា ចាប់តាំងពីជាង២ឆ្នាំមកហើយ ចិន នៅតែបដិសេធ ពុំព្រមស្តាប់ការពាវនាវរបស់សហគមន៍អន្តរជាតិដែល បានសុំឲ្យចិនដាក់សម្ពាធឲ្យបានច្រើនថែមទៀតទៅលើរបបលោកប្រធានាធិបតីស៊ីរី អាសាដ ដោយប្រើសិទ្ធិវេតូរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអសប។ ដោយឡែកប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអសប ធ្លាប់បានគាំទ្រសំណើរប៉ាឡេស្ទីនក្នុងការសុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិ។
ម្យ៉ាងទៀត ប្រទេសចិន ក៏ជាប្រទេសទីមួយ ដែលបានបើកការិយាល័យតំណាងមួយរបស់ខ្លួននៅក្នុងដែនដីប៉ាឡេស្ទីនក្នុងដើមទស្សវត្សរ៍៦០ និងក៏ធ្លាប់ទទួលលោក Yasser Arafat ចាប់ពីឆ្នាំ១៩៦៣ទៅដែរ-នេះជាការកត់សម្គាល់របស់លោក ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន Mahmoud Abbas៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ