ដូចឆ្នាំមុន សល់ផលពាណិជ្ជកម្មចិនបានកើនឡើងខ្ពស់
ចុះផ្សាយនៅថ្ងៃ៖
សល់ផលពាណិជ្ជកម្មរបស់ចិន នៅខែឧសភា បានកើនឡើងខ្ពស់ ហួសពីកម្រិតគ្រោងទុក។ តាមទីចាត់ការគយចិន នៅថ្ងៃសៅរ៍នេះ ការនាំចេញរបស់ចិន បានធ្លាក់ចុះ ចំណែកការនាំចូលក៏មានចំនួនតិចតួចទៅទៀត។
សល់ផល ពាណិជ្ជកម្ម របស់ចិន ក្នុងខែមិថុនា ឆ្នាំ២០១៣ នេះ បានកើនឡើងខ្លាំង ហួសពីការគ្រោងទុក ពោលគឺប្រមាណ២០ពាន់លានដុល្លារអាមេរិក។ តាមនិយម តាមតួលេខផ្តល់ដោយទីចាត់ការគយចិន សល់ផលពាណិជ្ជកម្ម ចិន ស្ទុះឡើងខ្លាំង បើប្រៀបធៀបនឹងខែមេសា។ កាលពីខែមេសា ការនាំចេញរបស់ចិនកើនដល់ ជាង ១៤ភាគរយ ប៉ុន្តែ ក្នុងខែឧសភា កំណើននាំចេញរបស់ចិនបានត្រឹមតែ ១ភាគរយប៉ុណ្ណោះ។
សល់ផលពាណិជ្ជកម្ម កើតមាន នៅពេលដែលការនាំចេញ មានចំនួនច្រើនជាងការនាំចូល។ បើទោះជា ការនាំចេញរបស់ចិនបានធ្លាក់ចុះ បើធៀបនឹងខែមេសា ប៉ុន្តែ ការនាំចូលរបស់ចិន ក៏ធ្លាក់ចុះទាបដែរ។ កំណើននៃការនាំចូលរបស់ចិន មានប្រមាណតែ០,៣ ភាគរយ ខុសស្រឡះពីខែមេសា ដែលកំណើននាំចូលរបស់ចិនមានដល់ទៅ ជិត១៧ភាគរយ។
តាមទីចាត់ការគយរបស់ចិន លទ្ធផលដ៏គួរឲ្យខកចិត្តនេះ គឺបណ្តាលមកពីតម្រូវការក្នុងស្រុកចិន នៅតែទន់ខ្សោយ ចំណែក ការបញ្ជាទិញ ក្រៅស្រុកក៏ចុះទាប ក្នុងបរិបទ សេដ្ឋកិច្ចសកលកំពុងដើរអូសជើង។ មួយវិញទៀត លុយយ័នរបស់ចិនក៏ចាប់ផ្តើមមានតម្លៃថ្លៃ ធ្វើឲ្យការផលិតក្នុងស្រុក ក៏ ឡើងថ្លៃ ពិបាកក្នុងការប្រកួតប្រជែង ជាមួយផលិតផលបរទេស។
បើតាមអ្នកជំនាញសេដ្ឋកិច្ចម្នាក់របស់ធនាគារចិន ក្នុងទីក្រុងសៀងហៃ តម្រូវការក្នុងស្រុកនៅតែទន់ខ្សោយ ជារឿងមួយ។ ប៉ុន្តែ ជម្លោះពាណិជ្ជកម្មរវាងចិន និងអឺរ៉ុប ឬជាមួយអាមេរិក ពិតជាបានប៉ះពាល់យ៉ាងប្រាកដ ដល់ការដោះដូរពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន។
សូមរំលឹកថា កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ សហភាពអឺរ៉ុបទើបប្រកាសបង្កើនពន្ធលើផលិតផល ផ្ទាំងស្រូបកម្តៅព្រះអាទិត្យ ដែលនាំចូលមកពីប្រទេសចិន។ ជម្លោះពាណិជ្ជកម្មរវាងចិន និងអឺរ៉ុប ក៏មានផងដែរ ទៅលើសំភារៈចិនផ្សេងទៀត ដោយអឺរ៉ុបបានចោទចិនពីករណីលក់បង្ខូចថ្លៃ ដែលធ្វើឲ្យគូប្រកួតប្រជែង ជាច្រើន នៅអឺរ៉ុបបានដួលបះជើង។
គំនិតទុទ្ធិដ្ឋិនិយមទៅលើកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ បន្ទាប់ពីអាមេរិក មានកាន់តែខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ។ កាលពីខែមេសា កន្លងទៅ នៅក្នុងការព្យាករណ៍របស់ខ្លួន មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ទើបបានប្រកាសកាត់បន្ថយកំណើនសេដ្ឋកិច្ចចិន ពី៨ភាគរយ មកនៅត្រឹម ៧,៧៥ សម្រាប់ឆ្នាំ ២០១៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ