រកប្រអប់ខ្មៅរបស់យន្តហោះ MH ៣៧០ គឺដូចរកម្ជុល នៅបាតសមុទ្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមគ្រួសារអ្នកដំណើរជនជាតិចិនបានធ្វើបាតុកម្មតវ៉ា នៅថ្ងៃអង្គារ នៅមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងប៉េកាំង ដោយបានស្រែកចាត់ទុករដ្ឋាភិបាល និងក្រុមហ៊ុនហោះហើរម៉ាឡេស៊ីថា ជាឃាតករ។ ក្រុមគ្រួសារអ្នកដំណើរជនជាតិចិន ផ្ទុះកំហឹងក្រេវក្រោធបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាស កាលពីយប់ថ្ងៃចន្ទ ថា យន្តហោះ MH ៣៧០ដែលបានបាត់ខ្លួន កាលពីថ្ងៃទី ៨មីនា ពិតជាបានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌា និងថា រដ្ឋាភិបាលមានការសោកស្តាយដែលជូនដំណឹងថា គ្មានអ្នកដំណើរ និងអ្នកបំរើការយន្តហោះ ណាម្នាក់មានជីវិតរស់រានទេ។
អស់ពីសប្តាហ៍មកហើយ ដែលយន្តហោះ ប៊ូអ៊ីង ដឹកអ្នកដំណើរ និងបុគ្គលិកយន្តហោះចំនួន ២៣៩នាក់ ពីទីក្រុងកូឡាឡាំពួរទៅទីក្រុងប៉េកាំងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ ពីរសប្តាហ៍មកហើយ ដែលរដ្ឋាភិបាលម៉ាឡេស៊ី ផ្តល់ដំណឹង ដោយផ្នែកៗ កំណាត់ៗ ខុសប្លែកៗគ្នា រហូតធ្វើឲ្យក្រុមគ្រួសារអ្នកដំណើរមានក្តីសង្ឃឹមថា បងប្អូនរបស់ខ្លួន ដែលធ្វើដំណើរនៅលើយន្តហោះ ម៉ាឡេស៊ី នៅតែមានជីវិតនៅឡើយ។ ដំបូងឡើយ នៅពេលយន្តហោះបាត់ពីរ៉ាដា អាជ្ញាធរម៉ាឡេស៊ីអះអាងថា យន្តហោះ ម៉ាឡេស៊ីអ៊ែរឡាញដែលហោះសំដៅទីក្រុងប៉េកាំង បានបាត់ខ្លួន និងអាចធ្លាក់ក្នុងសមុទ្រចិនខាងត្បូង។ ក្រោយមក រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈនាយករដ្ឋមន្រ្តី ផ្ទាល់បានប្រកាសថា យន្តហោះបានបែរក្បាលទៅភាគខាងលិចម៉ាឡេស៊ី ទៅខាងសមុទ្រឥណ្ឌា។ បន្ទាប់មក នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសថា ទិសដៅហោះហើរ របស់យន្តហោះ MH ៣៧០ ទំនងជាត្រូវបានប្តូរផ្លាស់ដោយស្នាដៃមនុស្ស។ មនុស្សដែលមានបទពិសោធន៍ ក្នុងការបើកបរ និងបានកាច់បិទទំនាក់ទំនងជាមួយរ៉ាដាលើដី។
ក្រសួងការបរទេសចិនក៏ហាក់នៅមានមន្ទិលសង្ស័យ និងបានទាមទារឲ្យរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់រាល់ភស្តុតាង និងទិន្នន័យ ដែលអះអាងបញ្ជាក់ថា យន្តហោះប៊ូអ៊ីង៧៧៧ពិតជាបានធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌា។
នៅក្នុងសន្និសីទ នៅយប់ថ្ងៃចន្ទ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសថា យន្តហោះធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពី រដ្ឋាភិបាលបានទទួលព័ត៌មានពីក្រុមហ៊ុនឯកជនអង់គ្លេស Inmarsat និងការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ របស់រដ្ឋាភិបាលអង់គ្លេស។ គឺក្រុមនេះឯងដែលបានគូសដៅគន្លងធ្វើដំណើររបស់យន្តហោះ ម៉ាឡេស៊ី តាមរយៈការទទួលសញ្ញាPing ពីម៉ាស៊ីនរបស់យន្តហោះ ដែលផ្កាយរណបរបស់ក្រុមហ៊ុនInmarsat ចាប់បាន។ ក្រុមនេះទើបតែបញ្ចេញព័ត៌មាននៅពេលនេះ ដោយយោងទៅលើមូលហេតុដែលថា គេត្រូវពិនិត្យពិច័យ គន់គូរល្អិតល្អន់ មុននឹងចេញផ្សាយជាសាធារណៈ។
តាមអ្នកជំនាញរបស់ក្រុមហ៊ុន Inmarsat ផ្កាយរណបរបស់ Inmarsat នៅបន្តចាប់បានសញ្ញារបស់យន្តហោះ នោះបើទោះបីជាយន្តហោះ បានកាត់ផ្តាច់ បិទទំនាក់ទំនង មិនផ្តល់សញ្ញាទៅរ៉ាដា។ មានន័យថា ផ្កាយរណបរបស់ Inmarsatនៅចាប់បានសញ្ញារបស់យន្តហោះ នៅក្នុងពេលដែលវាកំពុងបន្តហោះហើរ ៥ម៉ោងទៀត នៅក្រោយបាត់ខ្លួនពីរ៉ាដា។ សញ្ញាចុងក្រោយដែលគេចាប់បាន ពីយន្តហោះ គឺនៅលើភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ដោយគិតគូរតាមបែបគណិតវិទ្យា ទៅលើដំណើរគោលចរ រយៈល្បឿន និងចំនួនសាំង ដែលយន្តហោះ មាន អ្នកជំនាញអង់គ្លេស អះអាងថា យន្តហោះMH ៣៧០ ត្រូវបញ្ចប់ដំណើររបស់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌា។
តាមអាជ្ញាធរអូស្ត្រាលី ដែលសស្រាក់សស្រាំ ក្នុងការរុករក កន្លែងដែលយន្តហោះត្រូវធ្លាក់នោះ ស្ថិតនៅកន្លែងដាច់ស្រយាល ឆ្ងាយពីដីគោក និងកម្រមាននាវាបើកកាត់ណាស់។ មួយវិញទៀត អ្នកជំនាញបានត្រឹមតែផ្តល់តម្រុយកន្លែង ដែលយន្តហោះត្រូវធ្លាក់ ដែលតាមពិត ក៏ត្រូវស្ថិតនៅក្នុងបរិវេណធំមហាសាលដដែល។ តាំងពីព្រឹកមិញ នាវាអូស្ត្រាលី ដែលចេញទៅរុករកបំណែកយន្តហោះ នៅកន្លែងសង្ស័យដែលយន្តហោះធ្លាក់ បានផ្អាកបេសកកម្ម ដោយសារហេតុផលអាកាសធាតុអាក្រក់ គឺសំបូរភ្លៀង និងខ្យល់គួចខ្លាំង ដែលអាចគំរាមកំហែងដល់នាវារុករក។ អាជ្ញាធរអូស្ត្រាលីនិយាយថា គេសង្ឃឹមនឹងចាប់ផ្តើមប្រតិបត្តិការជាថ្មីម្តងទៀត នៅថ្ងៃស្អែក បើសិនអាកាសធាតុអំណោយផល។
ទាំងអូស្ត្រាលី ចិន និងអាមេរិកសុទ្ធតែ បានបញ្ជូនរួចហើយ នាវា និងយន្តហោះ សំដៅទៅកន្លែងដែលគេសង្ស័យថា យន្តហោះធ្លាក់ ដើម្បីពិនិត្យមើល និងផ្គូផ្គងវត្ថុដែលគេឃើញអណ្តែតនៅលើទឹក ដើម្បីចង់ដឹងថា តើវត្ថុនោះ ជាបំណែករបស់យន្តហោះមែនដែរឬទេ។ បើសិនជាវត្ថុដែលគេរកឃើញទាំងនោះ ជាបំណែករបស់យន្តហោះ នោះ ជាថ្មីម្តងទៀត គេនឹងអាចរកឃើញកន្លែងពិតប្រាកដ ក្នុងទឹក ដែលយន្តហោះបានធ្លាក់ក្នុងទឹក តាមរយៈការគន់គូរបែបគណិតវិទ្យាទៅខ្សែខ្យល់ដែលនាំបំណែកអណ្តែតរបស់យន្តហោះ។
នៅទេ។ គេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យយន្តហោះប្តូរទិសដៅ និងត្រូវធ្លាក់ចូលក្នុងមហាសមុទ្រទេ។ គេនៅរង់ចាំមើលទិន្នន័យ និងស្តាប់សំឡេង ដែលគេអាចរកឃើញ នៅក្នុងប្រអប់ខ្មៅសិន។ ជាទូទៅយន្តហោះពាណិជ្ជកម្មមានប្រអប់ខ្មៅពីរ។ មួយសម្រាប់ថតទុករាល់ចរាគោលចរណ៍ របស់យន្តហោះ និងមួយទៀត គឺថតសំឡេងរបស់អ្នកបើកយន្តហោះ នៅក្នុងបន្ទប់បញ្ជាយន្តហោះ។ បញ្ហាគឺនៅត្រង់ប្រអប់ខ្មៅនេះតែម្តង ព្រោះថា យន្តហោះ MH ៣៧០របស់ម៉ាឡេស៊ី មានប្រអប់ខ្មៅពីរដែលមានអាយុត្រឹម៣០ថ្ងៃ។ មានន័យថា ចាប់តាំងពីពេលដែលវាធ្លាក់ទៅប៉ះទឹក នោះវានឹងអាចផ្តល់សញ្ញាBip Bip ក្នុងរយៈពេល៣០ថ្ងៃ។ ឥលូវនៅសល់ពេលតែជាង១០ថ្ងៃទៀត ប៉ុណ្ណោះ ដែលប្រអប់ខ្មៅអាចបញ្ជូនសញ្ញាទៅខាងក្រៅ ក្នុងរយៈបរិវេណ ២ ទៅ៣គីឡូម៉ែត្រ។ ឥលូវនេះ អាមេរិកកំពុងបញ្ជូននាវារបស់ខ្លួន ដែលអូសឧបករណ៍ស្ទង់ ចាប់រកសញ្ញាប្រអប់ខ្មៅ នៅក្នុងទឹក។ គឺឧបករណ៍ស្ទង់របស់អាមេរិកដ៏មានប្រសិទ្ធិភាពនេះហើយ ដែលគេបានប្រើដើម្បីរកប្រអប់ខ្មៅរបស់យន្តហោះ Air France ដែលបានធ្លាក់ចូលជ្រៅក្នុងមហាសមុទ្រអាត្លង់ទិក កាលពីឆ្នាំ ២០០៩។
ក្នុងករណីដែលប្រអប់ខ្មៅលែងបញ្ជូនសញ្ញា នោះ គេនៅអាចប្រើឧបករណ៍ស្ទង់ទំនើបៗ ដូចជានាវាមុជទឹកជាដើម ដើម្បី ស្វែងរកប្រអប់ខ្មៅ ដែលផ្ទុកទៅដោយព័ត៌មានសំខាន់ និងដែលអាចបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យយន្តហោះ បានប្តូរទិសដៅហោះហើររបស់ខ្លួន និងធ្លាក់ក្នុងទឹកសមុទ្រ។ នៅត្រង់ចំណុចនេះ គេបារម្ភថា ប្រអប់ខ្មៅ ដែលថតសំឡេងនៅក្នុងបន្ទប់បើកបរ នឹងអាចមិនផ្តល់ព័ត៌មានអ្វីធំដំ។ ទីមួយ គឺវាអាចថតសំឡេងបានតែពីរម៉ោង។ ទីពីរទៀត គឺគេខ្លាចថា វាត្រូវគេលុបចោលទាំងអស់ ឬមិនថតបានអ្វីទាំងអស់ ក្នុងករណីមានមនុស្ស មានចេតនាបិទ កាច់ផ្តាច់ភ្លើងរបស់ប្រអប់ខ្មៅ។ កាលពីជាង១០ថ្ងៃមុន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាននិយាយថា យន្តហោះម៉ាឡេស៊ីត្រូវបានបញ្ជាដោយមនុស្សដែលមានជំនាញខាងការហោះហើរនិងដែល មានចេតនាបើកយន្តហោះចេញខុសពីគន្លងដែលត្រូវធ្វើដំណើរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ