ស្នាមញញឹម​និង​ព្រហ្មវិហារធម៌ជា​គន្លឹះដោះ​ស្រាយ​បញ្ហា​សង្គម

សំឡេង ០៤:៣៤
ប្រាសាទ បាយ័ន
ប្រាសាទ បាយ័ន ©Bona/RFI

ជនជាតិខ្មែរ​ត្រូវបាន​ជនបរទេស​ស្គាល់​ថា​មនុស្ស​ចូលចិត្ត​ញញឹម​រាក់ទាក់​គួរ​ឲ្យ​ស្រឡាញ់។ ដោយសារ​ស្នាមញញឹម​នេះហើយ​បានជា​ជនបរទេស​បាន​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ព្រះ​រា​ជា​ណា​ចក្រ​នៃ​ស្នាមញញឹម។ ប៉ុន្តែ បច្ចុប្បន្ន ជនជាតិខ្មែរ​ជាច្រើន​បាន​បាត់បង់​ស្នាមញញឹម​ហើយ​បែរ​ទៅ​ពាក់មុខយក្ស​ដាក់គ្នា​ទៅវិញ មិន​ថា​ក្នុង​ឆាកនយោបាយ ឬ​ក្នុងសង្គម​ទូទៅ​នោះទេ។ ជម្លោះ​នយោបាយ អំពើហិង្សា​ក្នុង​គ្រួសារ និង​ការកាប់សម្លាប់​គ្នា​ដោយ​គ្រាន់​តែមាន​បញ្ហា​បន្តិចបន្តួច គឺជា​បច្ចុប្បន្នភាព​សង្គម​ដែល​គេ​បានឃើញ​ជា​រៀងរាល់ថ្ងៃ។ តើ​ស្នាមញញឹម​របស់​ជនជាតិ​ខ្មែរ​បាត់​ទៅណា​អស់?

ផ្សាយពាណិជ្ជកម្ម

 «ព្រះរាជាណាចក្រ​នៃ​ស្នាមញញឹម» នេះ​ជា​ឈ្មោះ​ដែល​ពួក​ប​ស្ចិ​ម​ប្រទេស​បានដាក់​ឲ្យ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ពួកគេ​បានមក​កាន់​ប្រទេស​នេះហើយ​ត្រូវបាន​ទាក់ទាញ​យ៉ាងខ្លាំង​ដោយ​ស្នាម​ញញឹម​រាក់ទាក់​រប​ស់​ពលរដ្ឋ​ខ្មែរ។ កេរ្តិ៍ឈ្មោះ​នេះ​ពិតជា​ស័ក្តិសម​នឹង​ទទួល​សម្រាប់​ជនជាតិ​ខ្មែរ​ពីព្រោះថា ទោះបីជា​ពលរដ្ឋ​ក្រីក្រ​បំផុត នៅ​ទីជនបទ​ដាច់ស្រយាល​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​មាន​ស្នាមញញឹម និង​ទឹកចិត្ត​ដែរ ដូច​អ្វីដែល​ដូនតា​ខ្មែរ​បាន​ទូន្មាន​កូនចៅ​ថា «ក្រ​ចុះ​ឲ្យ​តែមាន» គឺមាន​ស្នាមញញឹម និង​ទឹកចិត្ត ដែលជា​គុណធម៌​ដ៏​ប្រពៃ​របស់​ជនជាតិខ្មែរ។

 
ប៉ុន្តែ រយៈពេល​ចុងក្រោយ​នេះ ជនជាតិខ្មែរ​ជាច្រើន​ហាក់​បាន​បំភ្លេច​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​នៃ​ពូជសាសន៍​​​របស់ខ្លួន​ដោយ​បោះបង់​ស្នាមញញឹម​ចោល​ហើយ​បែរមក​ពាក់មុខយក្ស​ដាក់គ្នា​ទៅវិញ។​គ្រាន់តែ​រាំ​ជាន់ជើងគ្នា​បន្តិចបន្តួច​ឬ​ពេលខ្លះ​គ្រាន់តែ​សម្លឹងមុខ​គ្នា​ក៏​មនុស្ស​ខ្មែរ​សម័យ​នេះ​អាច​បង្កជម្លោះ​កាប់​ចាក់​គ្នា​បានដែរ។ មិនថាតែ​ក្រុមក្មេងស្ទាវ​នោះទេ សូម្បីតែ​មនុស្ស​ចាស់​ខ្លះ​ក៏បាន​បាត់បង់​អធ្យាស្រ័យ​គ្នា​យ៉ាងខ្លាំង​ដែរ។​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​តាម​​ដងផ្លូវ​បន្តិចបន្តួច​ឬក៏​បញ្ហា​តូចតាច​សោះ មនុស្ស​ភាគច្រើន​មិនបាន​ប្រើ​ស្នាមញញឹម​ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​ទេ តែ​បែរជា​បញ្ចេញ​កំហឹង​ដាក់គ្នា​ឬក៏​ទូរ​សព្ទ័​ស្វែងរក​អន្តរាគមន៍​ពី​បក្ខពួក និង​ខ្នងបង្អែក​ទៅវិញ។

នេះ​នៅ​មិនទាន់​រាប់​អំពើហិង្សា​ក្នុង​គ្រួសារ ជម្លោះ​ប្តី​ប្រពន្ធ ឪពុក​និង​កូន រហូតដល់​ពេលខ្លះ ម្តាយ​និង​កូន ឬ​បង​និង​ប្អូន​ឈ្លោះ​គ្នា​គ្រាន់តែ​រឿង​ព្រំដី​ក៏មាន។​ងាក​ទៅ​មើល​ឆាកនយោបាយ​វិញ​ការ​ពាក់មុខយក្ស​ដាក់គ្នា​ក៏​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅហើយ​ដែរ។​គូបដិបក្ខ​នយោបាយ​ទាំងឡាយ​ហាក់​បាន​ប្រើប្រាស់​កំហឹង​ទល់​កំហល់​ជាជាង​ស្នាមញញឹម​ដើម្បី​ដោះស្រាយ​បញ្ហា។​ពាក្យសម្តី​អសុរោះ ប្រកបដោយ​ការប្រមាថ និង​គំនុំសងសឹក ត្រូវបាន​ប្រើប្រាស់​ដើម្បី​រិះគន់​វាយប្រហារ​គ្នា​ស្ទើរ​រាល់ថ្ងៃ។

ជាការ​ពិត បច្ចុប្បន្ននេះ គេ​ពិតជា​កម្រ​បានឃើញ​ណាស់​នូវ​ការដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ស្នាមញញឹម តែ​អ្វីដែល​គេ​បានឃើញ​ជា​ញឹកញាប់​បំផុត​គឺ​ជម្លោះ​តឹងសរសៃក​ដាក់គ្នា​ឬក៏​ឈានដល់​ហិង្សា​តែម្តង។ ជា​លទ្ធផល ពន្ធនាគារ​ទូទាំងប្រទេស ស្ទើរតែ​រក​កន្លែង​ដាក់​អ្នក​ទោស​មិនបាន​ទៅហើយ។ តើ​ស្នាមញញឹម​របស់​ជនជាតិ​ខ្មែរ​បាត់បង់​ទៅណា? សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា ការស្រុតចុះ​នៃ​សីលធម៌​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ និង​មិនអាច​បណ្តែតបណ្តោយ​បានឡើយ។

ការបន្ទោស​ទៅលើ​ផលវិបាក​នៃ​សង្គ្រាម​វិនាសកម្ម​កាលពី​អតីតកាល​ជា​រឿង​មួយ​ហើយ​តែ​ផលវិបាក​នៃ​សាកលភាវូបនីយកម្ម​និង​ការបាត់បង់​អធ្យា​ស្រ័យ​គ្នា​ក្នុងសម័យ«សម្ភារៈ និង​អំណាច​និយម» នាពេល​បច្ចុប្បន្ន​គឺជា​រឿង​សំខាន់​មួយទៀត។

នៅក្នុង​បរិបទ​បែបនេះ ការលើកកម្ពស់​សីលធម៌​សង្គម​គឺជា​កិច្ចការ​ដ៏​ចាំបាច់​មិនអាច​មើល​រំលង​​បានឡើយ។ នៅក្នុង​សង្គម​ខ្មែរ គុណធម៌​ដ៏​ថ្លៃថ្លា​បំផុត​គឺ​ព្រហ្ម​វិហារធម៌​ទាំង៤ដែល​បង្កប់​នៅក្នុង​ស្នាមញញឹម​នៃ​កំពូល​ប្រាសាទបាយ័ន។​នេះ​គឺជា​កេរ​មរតក​ដ៏​មានតម្លៃ​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។​គុណធម៌​នេះហើយ​ដែលជា​ដំបង​ទិព្វ​ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រប់ជំពូក​ដោយ​ចៀសវាង​បាន​នូវ​អំពើហិង្សា។​នៅពេលដែល​មនុស្ស​គ្រប់គ្នា​បោះបង់​ចោល​​ការប្រមាថ​ហើយ​បែរ​ទៅ​ញញឹម​ដាក់គ្នា​ប្រកបដោយ​អធ្យាស្រ័យ​រឿង​ធំ​នឹង​ទៅជា​រឿង​តូច​រីឯ​រឿង​តូច​នឹងត្រូវ​បញ្ចប់។​គុណធម៌​ដ៏​មានតម្លៃ​នេះ​មាន​រួចស្រេច​ទៅហើយ​នៅក្នុង​មនុស្ស​ខ្មែរ​គ្រប់គ្នា​ប៉ុន្តែ​វា​គ្រាន់តែ​កប់​បាត់​ក្នុង​កាលៈទេសៈ​មួយ​ដែល«ធម៌​ប្រមាថ»កំពុងមាន​ឥទ្ធិពល​ខ្លាំង​តែប៉ុណ្ណោះ។​ស្នាមញញឹម និង​ព្រហ្ម​វិហារធម៌​នឹង​វិល​មកវិញ​ប្រសិនបើ​គេ​នាំគ្នា​គាស់​កកាយ​​និង​លើក​តម្លៃ​វា​ផ្ទុយ​ទៅវិញ​វា​នឹង​កប់​បាត់​កាន់តែ​ជ្រៅ​និង​នាំ​សង្គម​ទៅ​រក​គ្រោះ​ថ្នាក់​​កាន់​តែ​ខ្លាំង​ប្រសិន​បើ​គេ​បណ្តែតបណ្តោយ​​ឲ្យ«ធម៌​ប្រមាថ»ដឹកមុខ​តទៅទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI