អន្តោប្រវេសន៍អឺរ៉ុប ៖ នយោបាយខ្លួនទីពឹងខ្លួន !
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៣
សោកនាដកម្មលិចទូក នៅជិតកោះអ៊ីតាលី ដែលមានជនភៀស’ខ្លួនជាងបីរយ’នាក់ស្លាប់ នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងលើសហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុបនៅកោះអ៊ីតាលី ថ្ងៃពុធម្សិលមិញ ប្រព្រឹត្តទៅក្រោមសម្រែករិះគន់របស់បណ្តាជនដងតាមផ្លូវ។ សោកនាដកម្មនេះក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីភាពកំខ្សោយ ផ្នែកនយោបាយគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់ នៅអឺរ៉ុប។ អន្តោប្រវេសន៍ ដែលបាននិងកំពុងចែកអឺរ៉ុបជាពីរ រវាងក្រុមប្រទេសដែលនៅជាប់ព្រំដែន និងក្រុមប្រទេសដែលនៅឆ្ងាយ ឱ្យមើលឃើញផ្ទុយគ្នាពីប្រយោជន៍នៃការបង្កើតច្បាប់អន្តោប្រវេសន៍រួម។
នៅរាល់ពេលមានសោកនាដកម្មលិចទូកជនភៀសខ្លួនម្តងៗ សហភាពអឺរ៉ុប និងប្រទេសជាសមាជិក តែងទម្លាក់កំហុសដាក់ទៅគ្នាទៅវិញទៅមក។ សោកនាដកម្មនៅក្បែរកោះអ៊ីតាលី កាលពីសប្តាហ៍មុន ហាក់បានដាស់អឺរ៉ុប ឱ្យនឹកឃើញជាថ្មីដល់បញ្ហាអន្តោប្រវេសន៍ឆ្លងសមុទ្ទនេះ ប៉ុន្តែសំណាងនៃការសម្រេចរកវិធានប្រកបដោយប្រសិទ្ធិភាពទំនងជាមិនអាចចេញទៅកើតទេ ព្រោះ សហភាពអឺរ៉ុប គ្មាននយោបាយអន្តោប្រវេសន៍រួម ការព្រមព្រៀងជួយសង្គ្រោះនិងរក្សាសុវត្ថិភាពក៏គ្មានចម្លើយវិជ្ជមានរួមដែរ។
តាមការពិតទិសដៅចម្បងរបស់ជនអន្តោប្រវេសន៍អាហ្វ្រិក-អារ៉ាប-អាស៊ី(តិចតួច) គឺប្រទេសអង់គ្លេស ស៊ុយអែត អាល្លឺម៉ង់ ពោលគឺបណ្តាប្រទេសជាសមាជិក នៅប៉ែកខាងជើងអឺរ៉ុប។ ប៉ុន្តែ គឺប្រទេសដែលមានទីតាំងនៅភាគខាងត្បូង តាមបណ្តោយឆ្នេរសមុទ្ទមេឌីទែរ៉ាណេ មានជាអាទិ៍ប្រទេស អេស្ប៉ាញ អ៊ីតាលី ម៉ាលត៍ ក្រិក ស៊ីប ឬក្រូអាស៊ី ជាអ្នកប្រឈមខ្លាំងនឹងរលកអន្តោប្រវេសន៍ជាងគេ។ ប្រទេសខាងជើងទទួលគិតគូរបញ្ហាអន្តោប្រវេសន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តិតែប៉ុណ្ណោះ។
ទន់ខ្សោយ ព្រោះមានវិបត្តិសេដ្ឋកិច្ច បណ្តាប្រទេសភាគខាងត្បូងសហភាពអឺរ៉ុបបានក្លាយជាសមរភូមិ ជួរមុខប្រឈមនឹង រលកអន្តោប្រវេសន៍បុកខ្លាំងក្រោយបដិវត្តិអារ៉ាប និងសង្គ្រាមនៅតំបន់ដើមបូព៌ា (ស៊ីរី)។ កោះអ៊ីតាលីមួយចំនួន ជាក់ស្តែង កោះឡាំប៉េឌូសា ដែលស្ថិតនៅក្បែរទ្វីបអាហ្វ្រិកជាងគេ ទទួលជនអន្តោប្រវេសន៍ប្រថុយជីវិតឆ្លងទូកកាត់សមុទ្ទ កើនឡើងមួយទ្វេជាពីរ។ ប៊ុលហ្ការី សមាជិកថ្មី ត្រូវប្រឈមមុខនឹងចលនាជនភៀសខ្លួនឆ្លងកាត់សមុទ្ទខ្មៅ មកពីប្រទេសតួកគី ព្រោះក្រិកបានចាក់ស៊ីម៉ង់បិទទ្វារព្រំដែន។
ក្រោយសោកនាដកម្មនៅកោះអ៊ីតាលីនេះភ្លាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅថ្ងៃអង្គារទី ៨ តុលា ដើម្បីពិភាក្សាអំពីនយោបាយគ្រប់គ្រងអន្តោប្រវេសន៍អឺរ៉ុបនេះ ប៉ុន្តែសំណូមពររបស់បណ្តាប្រទេសនៅព្រំប្រទល់ម៉េឌីទែរ៉ាណេ ដែលចង់បានការសហការពីបណ្តាប្រទេសឆ្ងាយពីព្រំប្រទល់ទំនងមិនងាយសម្រេចឡើយ។ មូលហេតុមកពីបណ្តាប្រទេសនៅភាគខាងជើងទាំងអស់នោះ កំពុងប្រឈមនឹងចរន្តជាតិនិយម។ ចលនាជាតិនិយមរបស់បក្សនយោបាយតែងយកបញ្ហាអន្តោប្រវេសន៍មកធ្វើជាលេស ប្រឈមនឹងអ្វីដែលគេហៅថា « ការឈ្លានពានបរទេស » បង្កអស្ថិរភាពដល់រដ្ឋាភិបាល និងដល់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត អាជ្ញាធរគ្រប់ប្រទេសទាំងនោះមិនចង់ទទួលជនអន្តោប្រវេសន៍ថ្មីបន្ថែមទៀតទេ ព្រោះខ្លាចរាលដាលឱ្យមានចលនាជាតិនិយមជ្រុលស្ទុះឡើង។ ឯគណៈកម្មការអឺរ៉ុបបានត្រឹមរិះគន់ប៉ោចៗ ថាប្រទេសនេះ ឬប្រទេសនោះអាត្មានិយម និងទាមទារឱ្យមានច្បាប់អន្តោប្រវេសន៍អឺរ៉ុបរួម ស៊ីចង្វាក់ និងមានប្រសិទ្ធិភាព រាប់សិបឆ្នាំមកហើយ ប៉ុន្តែច្បាប់នៅតែជាច្បាប់ ក្នុងអនុវត្តជាក់ស្តែង គឺ ក្បាលនរណា សក់អ្នកនោះ ! មានន័យថាប្រទេសនៅតាមព្រំប្រទល់អឺរ៉ុបទទួលខុសត្រូវម្នាក់ឯង សិក្សាការសុំសិទ្ធិជ្រកកោនរបស់អន្តោប្រវេសន៍ដែលប៉ូលិសប្រទេសនោះចាប់បាន។
គេអាចនិយាយបានថាអឺរ៉ុបគ្មានច្បាប់រួមលើផ្នែកអន្តោប្រវេសន៍ តែអឺរ៉ុបមានមធ្យោបាយគ្រប់គ្រងនិងត្រួតពិនិត្យព្រំដែនសហភាព ឬអាចជួយជនភៀសខ្លួនជាប់កុនគ្រោះថា្នក់ ព្រោះអឺរ៉ុបមានស្ថាប័នមួយ ទទួលបន្ទុកគ្រប់គ្រងព្រំដែនរួមឈ្មោះ Frontex និងមានប្រព័ន្ធការពារអឺរ៉ុប Eurosur ដែលនឹងត្រូវជាធរមាននៅថ្ងៃទី ២ខែធ្នូខាងមុខ។ ប៉ុន្តែគួរឱ្យសោកស្តាយជាថ្មីម្តងទៀត ! ស្ថាប័ននេះគ្មានថវិកា គ្រប់គ្រាន់ សម្រាប់សម្រេចកម្មវត្ថុទប់ទល់នឹងរលកអន្តោប្រវេសន៍យ៉ាងគំហុកនោះទេ។ Frontex រកតែនាវាមួយប្រចាំសមុទ្ទមេឌីទែរ៉ាណេគ្មានផង ! ចំណែកប្រព័ន្ធ Eurosur នាពេលអនាគតវិញ មានបំពាក់ទៅដោយបច្ចេកវិទ្យា និងសម្ភារៈទំនើបៗ អាចចាប់ វែករកព័ត៌មាន អត្តសញ្ញាណ ឬសង្គ្រោះទូកផ្ទុកជនភៀសខ្លួនបានរហ័សមែន ប៉ុន្តែគ្មានការយល់ព្រមជាឯកច្ឆ័ន្ទ ពីសំណាក់ប្រទេសជាសមាជិក និងមិនទាន់អាចដាក់ឱ្យដំណើរការបានទេ។ លើសពីនេះក្រុមអ្នករិះគន់ មើលឃើញប្រព័ន្ធនេះ ជារនាំងបន្ថែមមួយជាន់ទៀតទប់នឹងចលនាអន្តោប្រវេសន៍ និងជាមធ្យោបាយបញ្ចៀសអឺរ៉ុបឱ្យខ្វល់ឬចោទសួរ សំណួរគន្លឹះមួយថា ហេតុអ្វីបានជាជនអន្តោប្រវេសន៍ត្រូវការរត់មកអឺរ៉ុប ?!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ