ជនជាតិ​បារាំង​ដើមកំណើត​អាស៊ី ​​រងគ្រោះដោយការ​រើសអើង ហិង្សា ​និង​ការ​ឆក់លួច

សំឡេង ០៦:១៨
ក្រុម​ជន​ជាតិបារាំង​ដើមកំណើត​​អាស៊ី ធ្វើ​បាតុកម្ម​ដើម្បី​សុវត្ថិភាព ក្នុង​​ការ​រស់នៅ​ កាលពីឆ្នាំ​២០១៦។
ក្រុម​ជន​ជាតិបារាំង​ដើមកំណើត​​អាស៊ី ធ្វើ​បាតុកម្ម​ដើម្បី​សុវត្ថិភាព ក្នុង​​ការ​រស់នៅ​ កាលពីឆ្នាំ​២០១៦។ collègue

នៅ​បារាំង ពិសេស​នៅ​ក្នុង​ក្រុង​ប៉ារីសតែម្តង ដែល​សម្បូរ​ដោយ​ពហុជាតិ​សាសន៍ ប៉ុន្តែ​​ត្រូវ​គេ​មើល​ឃើញថា ជន​ជាតិបារាំង​ដើមកំណើត​​អាស៊ី​ គឺបាន​ក្លាយ​ជា​ជន​រងគ្រោះ​ផ្ទាំង​ស៊ីប​នៃ​អំពើ​​ប្រើហិង្សា ការ​រើស​អើង​ និងការ​ឆក់​លួច​។ ការ​រងគ្រោះ​ទាំងនេះ កើត​ចេញ​ពី​ផ្នត់​គំនិត​ដែល​គិតថា «សាសន៍អាស៊ី​ ជា​ជាតិ​ទន់​ខ្សោយ មិន​សូវ​ចេះ​តវ៉ាការពារខ្លួន» ឬក៏​ផ្នត់គំនិត​ថា «ចិន​ជា​អ្នក​មាន​លុយ​ច្រើន​ មាន​ទ្រព្យ​សម្បត្តិ​ហៀរហូរ»​​ជាដើម​។ ផ្នត់​ទម្លាប់​បែប​នេះ គឺធ្វើ​ឱ្យ​មាន​ករណី​ហិង្សា​ចំពោះ​ជន​ជាតិបារាំង​ដើមកំណើត​​អាស៊ី​  គឺកើត​មាន ​ស្ទើរតែ​រៀង​រាល់​ពីរថ្ងៃម្តង។

ផ្សាយពាណិជ្ជកម្ម

«ចាយ​លុយ​សុទ្ធ»​

«ចិន​ៗ​ ចាយ​លុយ​ដូច​ក្រដាស​»។ «ចិន​ចាយ​លុយ​សុទ្ធ​ៗតែម្តង មិនសូវ​​ចាយ​កាតធនាគារ​ទេ»។​ «ចិនជាអ្នកមានទ្រព្យសម្បត្តិច្រើនអនេក»​។ ចំណុច​ទាំងនេះ ជាពាក្យ​ដែល​គេ​ច្រើនតែ​​ដំណាល​និយាយ​គ្នា ក៏ប៉ុន្តែ​វាមាន​ការពិត​ខ្លះ និង​មិនពិត​ខ្លះ​។​ ការ​ពិតខ្លះគឺត្រង់​ថា​ ទេសចរចិន​ ឬអ្នក​មកពី​អាស៊ី​ គឺអាច​​ជា​អ្នក​មាន​លុយ​សម្បូរ​សប្បាយ​ដោយសារ​រកស៊ី​ធ្វើ​ជំនួញ​ជួញ​ដូរ ឬ​ដោយ​ប្រការ​ផ្សេង​ៗ​នៅ​ស្រុក​អាស៊ីរបស់​ខ្លួន​ ហើយនៅ​​ពេល​មក​ដល់​អឺរ៉ុប​ មកដល់​ប៉ារីស ពួក​គេ​​ចាយ​វាយ​ប្រាក់​កាក់​ដូច​ក្រដាសពិត​មែន​។ នេះ​គឺជាការ​កត់​ចំណាំ​មួយ ក្នុង​ក្រសែភ្នែក​មនុស្ស​ផង​គ្នា​។

«ឱ្យ​តែ​ស្បែក​លឿងៗ សៗ ភ្នែក​តឹងៗ មិ​នមែន​សុទ្ធតែ​ចិន និង​សុទ្ធតែ​ជា​អ្ន​កមាន​នោះទេ។»

ការ​មិនពិត​វិញ គឺថា ​មិនមែន​សុទ្ធតែ​ជនជាតិ​ចិន ភ្ញៀវទេសចរចិន​ គឺជាសុទ្ធ​តែ​អ្នក​មាន​លុយច្រើន​ ទាំងអស់​​នោះទេ។ ហើយ​ក៏​មិន​មែន ឱ្យ​ស្បែកលឿងៗ សក់ខ្មៅៗ ឬភ្នែកតឹងៗ គឺសុទ្ធតែចិននោះដែរ។  នៅ​អឺរ៉ុប​ គេលំបាកបែងចែក ឬស្ទើរតែ​មិនអាចកត់​សម្គាល់ ហើយ​អ្ន​កអឺរ៉ុប​ខ្លះ មិន​ស្គាល់​និង​មិនដឹងតែម្តង​ថា នរណា​ខ្មែរ នរណា​ចិន វៀតណាម ថៃ​ ឡាវ​នោះដែរ​។ ចំពោះ​ភ្នែក​បារាំង-អង់គ្លេស ជាដើម គឺពិនិត្យ​​មើល​ពណ៌​ស្បែកខាងក្រៅ​ ក៏​ថា​អាស៊ី​ ឬចិន​តែម្តង។

ឧទាហរណ៍មួយ ជន​រងគ្រោះ​ស្លាប់​ទាំង​៣៩នាក់​​ក្នុង​ឡានកុងតឺន័រ​ថ្មីៗនេះ​នៅ​ក្រុង​ឡុង​ ពីដំបូង​ឡើយ ប៉ូលីសអង់គ្លេស​ ក៏​ថា​ជាចិន​ដែរ តែទីបំផុត គឺសុទ្ធតែ​វៀតណាម​។ នេះជាការ​កត់​សម្គាល់​មួយ នៃ​ក្រសែភ្នែក​អ្នក​អឺរ៉ុប​ចំពោះ​ជាតិ​អាស៊ី។

តែ​យ៉ាងណាក៏ដោយ​ ​ផ្នត់​គំនិត​មួយដែល​ផុស​ឡើង​ថា «អាស៊ី​ ចិន ជាអ្នក​មាន» គឺ​​បាន​ត្រូវ​គេ​គិត​ជាប់​ក្នុង​ចិត្ត​ស្ទើរគ្រប់គ្នា​ៗ​ និងដែល​នាំ​ឱ្យ​មាន​ការ​រើសអើង ហើយ​បណ្តាល​ឱ្យ​មាន​ហិង្សា​ និងការ​លួច​ឆក់​ផង​ដែរ។ ហេតុ​នេះ​ ភ្ញៀវ​ទេសចរជន​ជាតិ​ចិន គឺ​ផ្ទាំង​ស៊ីប​មួយ​នៃលួចឆក់​របស់​ជន​ខិល​ខូច​។ នៅឆ្នាំ២០១៦ ជន​ជាតិ​បារាំង​ដើមកំណើតចិន ជាជាង​កាត់​សម្លៀកបំពាក់​ លោក Zhang Shaolin បាន​ស្លាប់ ក្រោយ​ពី​បាន​រងអំពើ​​ហិង្សាធ្ងន់ធ្ងរ​​ពី​បុរស​បីនាក់ ដែល​យល់​ស្មាន​ថា​គាត់​ជាអ្ន​ក​មាន​លុយកាក់​ច្រើន​។ ព្រឹត្តិការណ៍មរណភាព​​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​បារាំង​ដើមកំណើត​អាស៊ី ងើប​បះបោរ ស្រែក​តវ៉ា​បាតុកម្ម​យ៉ាង​ខ្លាំងក្លា នាជំនាន់​នោះ។ គេតវ៉ាទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​រក្សា​សុវត្ថិភាព​សម្រាប់​​ពលរដ្ឋ​បារាំង​ដើមកំណើត​អាស៊ីជាទូទៅ។​

«ជនរងគ្រោះ​ភាគច្រើន ​ច្រើន​តែ​ជា​ស្ត្រី​ភេទ​ និង​ស្ត្រី​វ័យ​ចំណាស់»

នៅ​អឺរ៉ុប ពិសេស​នៅ​បារាំង​នេះតែម្តង ដែល​ប៉ារីសក្លាយ​ជា​​ទីស្ថាន​មួយ​យ៉ាងសំខាន់​ ​សម្បូរ​ដោយ​ជនជាតិ​ដើម​កំណើត​អាស៊ីរស់​នៅ​ផ្តុំ​គ្នា​ច្រើន​ជាង​គេ។ ការ​រងគ្រោះ​ដោយសារ​ការ​លួច​ ឆក់ ការ​វាយ​ដំ ប្រើហិង្សា គឺ​ជាបទល្មើស​តូចតាច តែ​កើត​មាន​ញឹកញយ​។ មាន​ច្រើន​ករណី​​ឆក់កាបូប​ លួច​​ទូរសព្ទ​ កាបូបលុយ បណ្តាល​ឱ្យ​ដួល បែកមុខបែកមាត់ ហូរឈាម​ ជាច្រើន​។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​សមាគម​ជនជាតិ​បារាំ​ង​ដើមកំណើត​អាស៊ី​​។ កាលពីឆ្នាំ​២០១៧ ស្ត្រី​ចំណាស់ដើមកំណើត​អាស៊ី​​ម្នាក់​ អាយុ​៦៤ឆ្នាំ​​ ត្រូវ​ដួល និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ដោយសារតែ​រឿង​នេះ​​។ តាម​សមាគម​ខាងលើ​ដដែល​នេះ, ជន​រងគ្រោះ​ភាគ​ច្រើន​ គឺ​នារី និង​ស្ត្រី​ចំណាស់​។ ហើយ​ជន​រងគ្រោះខ្លះ គឺ​មួយ​ចំនួន ជាអ្នក​​រស់នៅ​លួច​លាក់​ គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ត្រឹមត្រូវ។ អ្ន​កខ្លះ​ទៀត មិនបាន​​យល់​ដឹង​ច្បាប់​ទម្លាប់បារាំង​ និង​​ មិន​ដឹង​ជាប្តឹងទៅខាងណា។ ដូច្នេះ អ្នក​​រងគ្រោះមួយ​ចំនួន ​តែងតែ​រស់​នៅ​បៀប​ទុក្ខ​ព្រួយ រក្សា​​ភាព​ឈឺចាប់​លាក់​ទុក​ក្នុង​ចិត្ត​។ ម្យ៉ាងវិញទៀត ចំពោះអ្នក​ដែល​ធ្លាប់​ត្រូវ​គេ​ឆក់​ម្តង​ពីររួច​ហើយ គឺ​មិន​សូវ​ហ៊ាន​អើត​ច្រ​មុះ​ចេញ​ពីផ្ទះ​ឡើយ​ បើ​ករណិ​មិន​ចាំបាច់ មិន​ចេញពី​ផ្ទះ​ គឺ​គិត​តែ​ពី​សម្ងំ  មិនហ៊ាន​​ចេញ​មើល​ពិភព​ខាងក្រៅ។ ពីព្រោះ​ពិភព​ខាង​ក្រៅ​ផ្ទះ​ ដែលពួកគេយល់ថា​ ពោរពេញ​ដោយ​ភាព​អើស​អើង​ ហិង្សា និង​ឆក់លួច។

តាម​ការ​ស្រាវជ្រាវ​របស់​ Ariane Pérez ​ចេញផ្សាយ​នៅខែកញ្ញា​ឆ្នាំ​២០១៩នេះ គឺ​បា​នប៉ាន់​ប្រមាណ​ថា ជន​ជាតិ​បារាំង​ដើម​កំណើត​អាស៊ីរស់​នៅ​ប្រទេស​បារាំង មា​នចំនួន​ប្រមាណ ពី​៦០ ទៅ​៩០ម៉ឺន ឬ​អាចច្រើន​​ជាង​មួយ​លាន​នាក់ផង​ ក្នុង​នោះ​មាន​ដើមកំណើត​ចិន និង​អ្នក​ភៀសខ្លួន​មកពី​អាស៊ី​អគ្នេយ៍ មាន​កម្ពុជា វៀតណាម ឡាវ ថៃ។ ពួក​គេ​ច្រើន​ផ្តុំ​គ្នា​ច្រើន ជា​សហគមន៍​ធំ​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស។

ចំណែក​អ្ន​កមាន​ដើមកំណើត ហ្វីលីពីន​ គឺច្រើន​តែ​ធ្វើ​ការ​ជាអ្នក​មើល​ថែ​កូន​ក្មេង ជា​មេដោះ ឬ​អ្នក​បោសសម្អាតជូត​ផ្ទះ នៅក្នុង​សង្កាត់​ល្អៗ​។​ រីឯ​ជប៉ុន​និង​កូរ៉េ ជា​អ្នក​ឋិត​ក្នុង​លំដាប់​គ្រាន់​បើ​ជាងនេះបន្តិច ឬ​អាច​ជា​ត្រកូល​អភិជន។

ហេតុនេះ ជាការ​កត់​សម្គាល់​របស់​សមាគមនិង​របាយការណ៍​ផ្សេងៗ គឺបង្ហាញថា​ ជនជាតិបារាំងដើមកំណើតអាស៊ី ដែល​ជា​ជន​រងគ្រោះ​ដោយ​ហិង្សា ការ​រើសអើង និង​ការ​លួច​ឆក់​តាម​ដង​ផ្លូវ ច្រើន​ជា​ អ្នក​ដែល​មាន​ដើមកំណើត​ចិន ខ្មែរ វៀតណាម ថៃ ឡាវ។ ករណី​រងគ្រោះ​ គឺ​កើត​មាន​រៀង​រាល់​២ ឬ​៣ថ្ងៃ​ គឺ​មាន​មួយ​ករណី​។ នេះបើតាម​ការ​សិក្សា​អង្កេត​របស់​សមាគម​ការ​ពារសិទ្ធ​ជន​ជាតិ​បារាំង​ដើម​កំណើត​អាស៊ី និងដែល​ត្រូវ​ទីភ្នាក់​កាសែត​បារាំង AFP យកទៅ​ចុះ​ផ្សាយ។

ប្រឈម​នឹង​ការ​​រងគ្រោះបែបនេះ ​សមាគម​ការ​ពារសិទ្ធ​ជន​ជាតិ​បារាំង​ដើម​កំណើត​អាស៊ី បាន​ចោទ​ទម្លាក់​កំហុស​មួយ​ផ្នែក​ទៅលើ​អាជ្ញាធរមូលដ្ឋាន​បារាំង ដែល​មាន​ការ​ធ្វេសប្រហែស​ក្នុង​ការ​ធានា​សន្តិសុខ​។ វិធាន​ដាក់​ដាក់​កាំមេរ៉ា​តា​មដាន​សកម្មភាព​បទល្មើស​តាម​ផ្លូវ គឺជារឿង​មួយ ​តែ​នៅ​មិនទាន់​គ្រាន់​​នោះឡើយ ដើម្បី​ធានា​ឱ្យ​​ពលរដ្ឋ​​បារាំង​ដើម​កំណើត​អាស៊ី ឱ្យ​បាន​កក់ក្តៅ​ក្នុង​ចិត្ត។

«អ្នក​ប្រព្រឹត្ត​ ច្រើន​ជា​យុវជន និង​ក្មេងៗ​ជំទង់​»

តាម​របាយការណ៍​របស់​ប៉ូលីស កាលពីឆ្នាំ​២០១៥-១៦ នៅក្នុង​ចំណោម​ករណី​ហិង្សា ឆក់លួចទៅលើ​ពលរដ្ឋ​បារាំង​ដើមកំណើត​អាស៊ី ចំនួន​១៤០ករណី គឺ​មាន​ជន​ដៃដល់ ភាគច្រើន​ជា​យុវជន​និងក្មេងជំទង់​តែម្តង។ ហេតុនេះហើយ រដ្ឋាភិបាល​ បាន​ចាត់វិធានាការ​អប់រំ​យុវជន​តាម​សហគមន៍​និង​តាម​សាលា បង្កើន​កម្មវិធី​សមារណកម្ម​ដែល​ពន្យល់​ពីការ​ត្រូវ​រស់​ចុះ​សម្រុង​នឹង​គ្នាក្នុង​ចំណោម​ពហុជាតិ​សាសន៍​ ហើយ​ក៏មាន​ដែរ ការត្រូវ​​ទម្លាយឬ​លុប​ចោល​ផ្នត់​គំនិត​ដែល​គិតថា ជន​ជាតិ​អាស៊ី គឺជាអ្នក​មាន អ្នក​សម្បូរ​លុយ​គ្រាក់ៗ​នោះ។ ព្រោះថា តាមភាព​ពិតសច្ចៈ​ ​វា​មិនទៀង​​តែ​ដូច្នោះ​ទាំង​អស់ឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI