អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉ូណាវីរុស​៖ ហេតុអ្វីត្រូវការ​ពេល​យូរ​ទើប​អាច​ផលិត វ៉ាក់សាំងបង្ការ?​

សំឡេង ០៥:២៦
ការសិក្សាពិសោធ​​មេរោគ​ថ្មី
ការសិក្សាពិសោធ​​មេរោគ​ថ្មី Reuters
ដោយ៖ ហេង ឧត្តម
៣២ នាទី

​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី កូរ៉ូណាថ្មី កំពុងតែ​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយ​បារម្ភ​ជាខ្លាំង។ ចំនួន​អ្ន​កស្លាប់និងអត្រាអ្នក​ឆ្លង​មេរោគ​ថ្មី គឺ​មាន​តួលេខ​កើនឡើង​ច្រើនៗ ពីមួយថ្ងៃទៅមួយ​ថ្ងៃ។ ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​សកល​យ៉ាងដូច្នេះ ក្រុម​បណ្តារដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​ជឿន​លឿន​នាំមុខ​ទាំង​៧ បាន​ជជែក​គ្នា​តាម​ទូរសព្ទ ដើម្បីរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា។ ប្រទេស​ធំៗ​ដូចជា​​បារាំង អង់គ្លេស អាមេរិក ចិន​ខ្លួន​ឯង​ជាដើម បានផ្តើម​ដំណើរការ​រុក​​រក​វ៉ាក់​សាំង​បង្ការ​មេរោគនេះ ទន្ទឹម​នឹងពេលដែល ប្រទេស​​ថៃ ​ក៏​បាន​សាកល្បង​រក​ថ្នាំផ្សំ​​ព្យាបាល​ផងដែរ។ ក៏​ប៉ុន្តែ ដំណើរការ​ស្វែង​រក​វ៉ាក់សាំងប្រឆាំង​នឹង​កូរ៉ូណា គឺត្រូវ​​អ្ន​កជំនាញ​បញ្ជាក់ថា ត្រូវការ​លុយ​ច្រើន និង​ត្រូវ​ការ​ពេល​រាប់​សិប​ខែ​ឯណោះ។ តើ​ហេតុអ្វី​ត្រូវការ​ពេល​យូរ​យ៉ាង​នេះ​?

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​​ក្រុង​ឡុងឌ្រឺ បាន​ប្រកាស​នៅ​ថ្ងៃច័ន្ទ​ដើម​សប្តាហ៍ ថា​​អង់គ្លេសនឹង​ជួយ​ថវិកា​ចំនួនប្រមាណ២០លាន​​ដុល្លារ ដើម្បី​ជួយ​ដល់​ដំណើរ​ការ​រុករក​ស្រាវជ្រាវ​វ៉ាក់​សាំង​ប្រឆាំង​នឹង​ កូរ៉ូណាថ្មី 2019-nCov។ អង់គ្លេស​ក៏​ថា​នឹង​ចែក​ចាយ​លទ្ធផល​ស្រាវជ្រាវ​និង​តម្រុយ​ដែល​ខ្លួន​រក​ឃើញនោះដែរ​។ ក្នុង​កិច្ចការ​នេះ រដ្ឋាភិបាល​អង់គ្លេស​ សហការ​ជាមួយ​នឹងក្រុម​ហ៊ុន​​ឯកជន​​ផ្នែកឱសថ​សាស្ត្រ​ដ៏ធំ គឺ​ Gloxo Smith Kline (GSK) ដែល​នឹងត្រូវ​ប្រើចេញ​វ៉ាក់​សាង​​ពិសោធ​សាកល្បង ​នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​​។ ​លោក​ Richard Hatchet នាយកចាត់​ចែង​ធំ​របស់​គម្រោង​អង់គ្លេស​នេះ បាន​បញ្ជាក់​ថា គេ​អាច​ត្រូវ​ការ​ពេល​យ៉ាង​ហោច ក៏​១៦ខែ​ដែរ។ ហេតុអ្វី​ត្រូវ​ស៊ី​ពេល​ច្រើន​ម្ល៉េះ?

គេត្រូវការ​ពេល​យូរ​និង​ច្រើន គឺ​ជាការ​ស្រាវជ្រាវ មិន​មែន​ជប់បាន​ដូច​វត្ថុទិព្វ​​នោះទេ។ តាម​អ្នក​ជំនាញ ដំបូង​គេ​ត្រូវ​ស្រាវជ្រាវ សិក្សា ប្រមូល​ទិន្នន័យ វិភាគ​ផ្ទៀងផ្ទាត់ ដោយ​ផ្អែក​ទៅលើ​មេរោគ​ស្រដៀងៗគ្នា ដែល​ធ្លាប់​កើត​មាន​ពីមុនៗមក ដូច​ជា​ការ​ពិសោធ​ទៅជំងឺ​ Merse-CoV ​​ដែល​ធ្លាប់​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​អារាប់​ឌីសាអូឌីត​ នៅឆ្នាំ​២០១២ និង​សិក្សា​ទៅលើ​មេរោគ​​ផ្តា​ស​សាយ​ជាច្រើនប្រភេទ​​ផ្សេងទៀត​។ ដើម្បី​ធ្វើការ​ងារ​នេះបាន ​គេត្រូវ​បច្ចេកវិជ្ជា និង​ការ​ធ្វើ​តេស្ត​សាកល្បង​ជាច្រើន​ដង​។​ ពោល​គឺគេត្រូវ​ការ​ពេ​លយ៉ាង​ហោច៣ខែ​ ដើម្បី​ធ្វើ​តេស្ត​សាកល្បង​ សម្រាប់​ជំហាន​ទី១។ បន្ទាប់​មក​ទៀត គេ​ត្រូវ​ការ​ពេល​ប្រមាណ​​ជា​៣ខែបន្ថែម​ទៀត ដើម្បី​ប្រមូល​ទិន្នន័យ​បន្ថែម ​ឱ្យ​កាន់តែ​ជាក់​ច្បាស់​ មុន​នឹង​ចាប់​ផ្តើម​ជំហាន​ដំណាក់​កាល​ទី​២។ ហើយ​ដំណាក់​កាល​ទី​៣ គេ​នឹង​សាកល្បង​ពិសោធ​វ៉ាក់​សាំង​ទៅលើ​មនុស្ស​អ្ន​កឆ្លង។ ជំហាន​នីមួយៗ​ ត្រូវ​មាន​នីតិវិធី​ច្រើន​និ​ង​ស្មុកស្មាញ ហើយ​រឿង​ខ្លះ​ ចាំបាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រដ្ឋ​អំណា​ចទៀត​ផង ទើប​អាច​ធ្វើ​បាន។​​ ហេតុនេះហើយ​ទើប​ត្រូវស៊ី​ពេល​យូរ​។​ នេះបើតាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក លោក Anthony Fauci នាយកវិទ្យាស្ថាន​សិក្សា​ជំងឺ​ឆ្លង​ នៅ​សហរដ្ឋ​អាមេរិក​។

នៅ​​អាមេរិកដដែល​ ​ក្រុម​ហ៊ុន​ Johnson & Johnson ដែល​មាន​អាយុ​យ៉ាង​ចំណាស់ មា​នវត្តមានតាំងពី​ឆ្នាំ​១៨៨៦ ក៏​បាន​ចាប់ផ្តើម​ការ​សិក្សា​ស្វែង​រក​វ៉ាក់​សាំង​ប្រឆាំង​នឹង​កូរ៉ូណាវីរុស​នេះដែរ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិ​កនេះ ផ្តើម​យក​តម្រុយ​សិក្សា​ ដោយ​ផ្អែក​ទៅលើ​មូល​ដ្ឋា​ន​​ដែល​គេ​បាន​សិក្សា​ពី​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ Ebola នៅ​អាហ្វ្រិក។​

​វិទ្យាស្ថាន​ Pasteur របស់​បារាំង​វិញ បាន​សហការ​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​អូទ្រីស ​គឺ​វិភាគសិក្សា​ពីការ​ផ្សាំ​ខ្លួន​របស់​មេរោគ​កូរ៉ូណាថ្មី 2019-nCoV ដោយបាន​ផ្តើម​​សាក​ល្បងជាដំបូង ដោយ​ធ្វើការ​​ពិសោធ​ជាមួយ​នឹង​វ៉ាក់​សាំង​ដែល​ចាក់​បង្ការ​ជំងឺ​កញ្ជ្រិល​។ ប្រធាន​ក្រុម​ស្រាវជ្រាវ​វ៉ាក់​សាំងនៅ​​​វិទ្យាស្ថាន​ Pasteur លោក Frédéric Tangy បញ្ជា​ក់ថា គេ​ធ្លាប់​បាន​ប្រើ​វិធី​បែប​នេះ សម្រាប់​ជារបៀប​ពិសោធ​ទៅ​លើ​មេរោគ Zika, Mers-CoV, Lassa និង Chikungunya (ជីកុងគុនញ៉ា)ជាដើម​។ បើ​ផ្លូវ​នេះ ​ដំណើរ​ការទៅ​​បាន គេអាចត្រូវការ​ពេល​ប្រហែល​៣សប្តាហ៍ សម្រាប់​ផលិត​វ៉ាក់​សាំង​លាកល្បង មុន​នឹង​យក​ទៅ​ចាក់​សាក​មើល​លើ​សត្វ​កណ្តុរ។ ​បើ​លទ្ធផល​ស្រាវជ្រាវ​មើលទៅ​ថា​វិជ្ជមាន នោះគេ​អាច​នឹង​ត្រូវការ​ពេល​យ៉ាងហោច​​២៤ខែ​ ដើម្បី​ផលិត​វ៉ាក់​សាក់​ថ្មីដែល​មាន​ប្រសិទ្ធភាព​បាននិងគោរព​តាម​បទដ្ឋាន​ស្តង់ដារ​។ អ្នក​វិទ្យាសាស្ត្រ​បារាំង​រូបនេះ យល់ឃើញថា ពេលវេលា​ដំណើរ​ការ​រុករក​​​នេះ​ យូរ​ខ្លាំងដែរ។​ អ្នក​វិទ្យាសាស្ត្របារាំង​សរសើរ​ចិន ថា​អ្នក​វិទ្យាសាស្ត្រ​ចិន អាច​នឹង​រុក​រក​វ៉ាក់​សាំង​បាន​ឆាប់​ជាង​នេះផង​ក៏​មិន​ដឹង ព្រោះ​ចិន​​អាច​មាន​ប្រភព​ទិន្នន័យ​ច្រើន មាន​លុយ​ច្រើន ហើយ​បច្ចេកវិជ្ជា​ក៏​ជឿន​លឿន​មិន​ធម្មតាដែរ។

ចំពោះ​ចិនផ្ទាល់​ អាជ្ញាធរ​ចិន​បាន​កំពុង​រក​វិធី​ព្យាបាល​និង​វ៉ាក់​សាំង​ដោយ​សិក្សា​ឈរទៅលើ​របៀប​បង្ការ​មេរោគ​ HIV  ហើយ​ចិន​ក៏ធ្លាប់​បាន​សាក​ល្បង​ធ្វើ​តេស្ត​ជាមួយ​មេរោគ ​Ebola និង​ Mers-CoV រួច​មកហើយ​ដែរ។​

ដំណឹង​មួយ​ទៀត ​ពុំ​មែន​ពាក់ព័ន្ធ​នឹង​ការ​រុករក​វ៉ាក់​សាង​បង្ការ​នោះទេ តែ​ពីការ​ផ្សំ​ថ្នាំ​ព្យាបាល​តែម្តង។ ប្រទេសថៃ​ តាម​រយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ ថា​គ្រូពេទ្យ​បាន​សាកល្បងព្យាបាលអ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ ​ដោយប្រើ​​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ​ បូក​នឹង​ថ្នាំ​ពន្យារជីវិត​អ្នក​កើត​អេដស៍។ ថៃបាន​សាកល្បង​ជាមួយ​​ស្រ្តី​ជនជាតិ​ចិន​ម្នាក់មកពី​ក្រុង​វូហាន​ ​អាយុ៧១ឆ្នាំ ​ដែល​​បាន​ឆ្លង​មេរោគ​កាល​ពី១០ថ្ងៃ​មុន។ ក្រោយ​ពេល​ប្រើវិធី​សាស្ត្រ​នេះ ៤៨ម៉ោង​ក្រោយ​មក ​ឃើញ​ថាមាន​​ជោគ​ជ័យ​។ នៅ​ថ្ងៃ​អង្គារ​ ម្សិលមិញ រដ្ឋ​មន្ត្រីសុខាភិបាល​ថៃ បាន​អះអាង​ប្រាប់​អ្ន​កកាសែត​នៅក្រុង​បាងកក ថាក្នុង​ចំណោម​អ្នក​ឆ្លង​២៥នាក់ គឺមាន​៨នាក់ បាន​ជាសះស្បើយ និង​ចេញ​ពី​មន្ទីរពេទ្យ​ហើយ។​ តែ​យ៉ាងណាក្តី វិធីសាស្ត្រ​របស់ថៃ នៅមិនទាន់​មាន​ការបញ្ជាក់​​អះអាង​លម្អិត​ពីអ្នក​ជំនាញ​នៃបណ្តា​ប្រទេស​ធំៗឬ​អង្គការ​សុខភាព​ពិភពលោក​​​នៅឡើយ​ទេ តែ​របៀប​របស់ថៃ ទំនង​ជា​តម្រុយ​មួយ​បន្ថែមទៀត សម្រាប់​គេ​សិក្សា​ជា​បន្ត​។

បើ​តាម​អ្នក​ជំនាញនៅ​អឺរ៉ុប គេយល់​ថា មេរោគ​​​កូរ៉ូណាវីរុសនេះ អាច​នឹងត្រូវស្ងប់ស្ងាត់ទៅវិញ នៅពេល​ដែល​ផុត​រដូវ​រងា​ ប្រហែលជា​​ពេល​មួយ​ខែ​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ