តុលាការក្រុងឡាអេបញ្ជាជប៉ុនអោយបញ្ឈប់ការនេសាទត្រីបាឡែននៅមហាសមុទ្រអង់តាក់ទិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទនេះ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានដាក់បញ្ជាអោយប្រទេសជប៉ុន បញ្ឈប់ការនេសាទត្រីបាឡែន នៅមហាសមុទ្រអង់តាក់ទិក។ យោងតាមតុលាការអន្តរជាតិក្រុងឡាអេ ការដែលជប៉ុនធ្វើការនេសាទត្រីបាឡែន នៅមហាសមុទ្រអង់តាក់ទិក សម្រាប់កម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រនោះ គ្រាន់តែជាលេសដើម្បីធ្វើការជួញដូរត្រីបាឡែនប៉ុណ្ណោះ។ អាជ្ញាធរជប៉ុនបានយល់ព្រមបញ្ឈប់សកម្មភាពនេសាទត្រីបាឡែន ដើម្បីគោរពតាមសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ។
នៅថ្ងៃចន្ទនេះ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានចេញបញ្ជាអោយជប៉ុនបញ្ឈប់រាល់សកម្មភាពនេសាទ ត្រីបាឡែន នៅមហាសមុទ្រអង់តាក់ទិក ព្រោះតុលាការយល់ថា ជប៉ុនមិនបាននេសាទត្រីបាឡែនទាំងនោះ យកទៅធ្វើការស្រាវជ្រាវអោយបានពិតប្រាកដ១០០ភាគរយ តាមការអះអាងនោះទេ។ តុលាការក្រុងឡាអេលើកឡើងថា ជប៉ុនគ្មានតម្លាភាពក្នុងការរៀបចំកូតាត្រីបាឡែន ដែលត្រូវនេសាទសម្រាប់កម្មវិធីស្រាវជ្រាវទេ។ តុលាការបានដាក់បញ្ជាអោយជប៉ុនលុបចោលនូវការអនុញ្ញាតអោយមានការនេសាទត្រីបាឡែន ក្នុងពេលកន្លងមក ហើយជប៉ុនមិនត្រូវផ្តល់ដីកាអនុញ្ញាតការនេសាទជាថ្មីទៀតទេ។
ការសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ធ្វើឡើងក្នុងសំណុំរឿងប្តឹងតវ៉ារបស់អាជ្ញាធរអូស្ត្រាលី។ កាលពីឆ្នាំ២០១០ អូស្ត្រាលីបានដាក់ពាក្យប្តឹងប្រឆាំងជប៉ុន ទៅតុលាការក្រុងឡាអេ។ អូស្ត្រាលីចោទជប៉ុនថា បានបន្លំប្រើញត្តិអន្តរជាតិឆ្នាំ១៩៨៦ យកធ្វើជាលេសនេសាទត្រីបាឡែនសន្ធឹកសន្ធាប់។ ញត្តិអន្តរជាតិឆ្នាំ១៩៨៦ អនុញ្ញាតអោយនេសាទត្រីបាឡែន ដើម្បីតែការស្រាវជ្រាវវិទ្យាសាស្ត្រប៉ុណ្ណោះ។ យោងតាមអូស្ត្រាលី ចន្លោះពីឆ្នាំ១៩៨៧ ដល់ឆ្នាំ២០០៩ ជប៉ុនបានប្រើញត្តិនេះ ជាលេសចាប់ត្រីបាឡែនបានជាងមួយម៉ឺនក្បាល ភាគច្រើនជាត្រីបាឡែនរាងទ្រវែង។
ជាផ្លូវការ ជប៉ុនចាប់ត្រីបាឡែនយកមកស្រាវជ្រាវមើលថា តើការនេសាទត្រីបាឡែនអាចធ្វើបានឋិតឋេរចីរកាលដែររឺយ៉ាងណា។ កម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្របានអនុញ្ញាតអោយចាប់ត្រីបាឡែនដែលមានខ្នងកោង ព្រោះជាត្រីបាឡែនអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែ ជប៉ុនមិនដែលបាននេសាទត្រីបាឡែនប្រភេទនេះ សូម្បីតែមួយក្បាលនោះទេ។
អូស្ត្រាលីបានអបអរការសម្រេចរបស់តុលាការក្រុងឡាអេ ដែលបញ្ជាអោយជប៉ុនបញ្ឈប់សកម្មភាពនេសាទត្រីបាឡែន នៅមហាសមុទ្រអង់តាក់ទិក។ អូស្ត្រាលីសង្ឈឹមថា រឿងរ៉ាវនេះមិនបង្កអោយទំនាក់ទំនងរវាងអូស្ត្រាលីនិងជប៉ុនល្អក់កករនោះទេ។ បន្ទាប់ពីតុលាការឡាអេបានសម្រេចបែបនេះ វិទ្យាស្ថាន Clare Perry ទទួលបន្ទុកស៊ើបអង្កេតលើបញ្ហាបរិស្ថាននោះ ចង់អោយគ្រប់គ្នាចាប់អារម្មណ៍លើសកម្មភាពនេសាទត្រីបាឡែនរបស់ជប៉ុន នៅទីកន្លែងផ្សេងទៀត បែបយ៉ាងនៅមហាសមុទ្រប៉ាស៊ីហ្វ៊ិកខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ