អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ហែ​ក្បួន​និង​ជួបជុំ​ថ្លែងការណ៍​សាទរ​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​១០​ធ្នូ​

សង្គម​ស៊ីវិល​ហែ​ក្បូន​និង​ជួបជុំ​ថ្លែងការណ៍​សាទរ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ១០ធ្នូ២០១២
សង្គម​ស៊ីវិល​ហែ​ក្បូន​និង​ជួបជុំ​ថ្លែងការណ៍​សាទរ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ១០ធ្នូ២០១២ RFI/Siv Channa
ដោយ៖ លី ម៉េងហួរ
១៨ នាទី

នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​ទី​​១០​​ធ្នូ​​នេះ ​ក្រុម​​សកម្មជន​​អង្គការ​​សង្គម​​ស៊ីវិល​និង​​មហាជន​​រាប់​ពាន់​នាក់​ បាន​ដើរ​​ហែ​​ក្បួន​​សាទរ​​ទិវា​​សិទ្ធិ​ម​នុស្ស​អន្តរជាតិ​ថ្ងៃ​​១០​​ធ្នូ​​។​ ក្បួន​​សិទ្ធិ​មនុស្ស​ បាន​​ជួបជុំ​​នៅ​​ស្តា​ត​​អូឡាំពិក ​ក្នុង​​ទីក្នុង​ក្រុង​​ភ្នំពេញ​ដែល​​មាន​​សកម្មជន​​លើក​​បដា​និង​​ស្រែក​​មេក្រូ​កង​រំពង​​ពេញ​​ផ្លូវ​ ដើរ​​ឆ្ពោះ​ទៅ​​កាន់​​ទីលាន​​ប្រជាធិបតេយ្យ​នៅ​​ជិត​​វត្ត​ភ្នំ​ ដែល​​ជា​​កន្លែង​​ប្រារព្ធ​​ពិធី​​ជួបជុំ​​សាទរ​​ទិវា​​សិទ្ធិ​មនុស្ស​។​ ក៏​​ប៉ុន្តែ​​នៅ​​ព្រឹក​មិញ ​ក្រុម​​ស្ត្រី​​អ្នក​​ភូមិ​​បឹងកក់​ដែល​​ព្យាយាម​​ហែ​ញត្តិ​ដាក់​​នៅ​​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍​រឿង​ជម្លោះ​ដីធ្លី បែរជា​ត្រូវ​អាជ្ញាធរ ប៉ូលិស​រារាំង និង​ឃាត់​ខ្លួន​សកម្មជន​ម្នាក់ មួយ​រយៈពេល យក​ទៅ​សួរនាំ មុន​នឹង​ដោះ​លែង​មកវិញ​។​

ផ្សាយពាណិជ្ជកម្ម

 

"​ធុរកិច្ច និង​សិទ្ធិមនុស្ស​" ជា​ប្រធានបទ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិឆ្នាំ​២០១២លើក​ទី​៦៤ នៅ​ថ្ងៃ​១០​ធ្នូ​នេះ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព កម្មករ យុវជន និង​សិស្ស​និស្សិត ព្រមទាំង​ក្រុម​ជនជាតិដើម​ភាគតិច បាន​ជួបជុំ ដើរ​ហែ​ក្បួន និង​ថ្លែងការណ៍ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ថ្ងៃ​១០​ធ្នូ នៅ​ទីក្រុង​ភ្នំពេញ​។

​ប្រធានបទ "​ធុរកិច្ច និង​សិទ្ធិមនុស្ស​" សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិឆ្នាំ​២០១២ ក្រុម​សកម្មជន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រុមហ៊ុន​វិនិយោគ ត្រូវមាន​វិធានការ​បង្កា និង​ទប់ស្កាត់​ការរំលោភបំពាន​សិទ្ធិមនុស្ស ពិសេស​លើ​ផ្នែក​វិនិយោគ ដែល​សំដៅលើ​បញ្ហា​បណ្តេញ​​អ្នកភូមិ​ចេញពី​លំនៅឋាន ជាដើម​។

​ប្រធាន​អង្គការសិទ្ធិមនុស្ស​អាដ​ហុក លោក ធន សារ៉ាយ បាន​យក​វេទិកា​សិទ្ធិមនុស្ស នៅ​ព្រឹកមិញ ជំរុញ​​​ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​ថៅកែ​រោងចក្រ ឲ្យ​មាន​ការទទួលខុសត្រូវ និង​ចូលរួម​កិច្ចការ​សាធារណៈ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

តាម​សកម្មជន​សិទ្ធិមនុស្ស ក្រុមហ៊ុន​ត្រូវ​សង​ដី​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​សង​ការខូចខាត​ពី​ការ​ឈូសឆាយ​ដំណាំ និង​ផ្ទះសំបែង ហើយ​តុលាការ ត្រូវ​កាត់ទោស​លើ​ក្រុមហ៊ុន ដែល​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​របស់​ប្រជាពលរដ្ឋ ជាដើម​។​

ការដើរ​ហែ​ក្បួន​សិទ្ធិមនុស្ស ដែល​មាន​លើក​បដា និង​ស្រែក​មេក្រូ នៅ​ព្រឹក​មិញ ត្រូវបាន​
អាជ្ញាធរ អនុញ្ញាត​ឲ្យធ្វើ ដោយ​មិន​មាន​ការរារាំង​អ្វី​ទេ​។ ​ក៏​ប៉ុន្តែ​នៅ​ព្រឹក​មិញ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ក្រុម​ស្ត្រី​សហគមន៍​ដីធ្លី​បឹងកក់ បាន​ព្យាយាម​ដើរ​ហែ​ក្បួន ទៅ​ដាក់​ញត្តិ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ប៉ូលិស រារាំង និង​ឃាត់​ខ្លួន​សកម្មជន​ម្នាក់ យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស ឃុំ​ខ្លួន​អស់​ជាច្រើន​ម៉ោង មុន​នឹង​ដោះ​លែង​មកវិញ​។ ការរារាំង ក៏​កើត​មាន​​នៅ​តំបន់​ជាយក្រុង ក្នុង​ខណ្ឌ​សែន​សុខ ដោយ​អាជ្ញាធរ​បាន​រុះរើ​រោង ដែល​អ្នក​ភូមិ​រៀបចំ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ថ្ងៃ​១០​ធ្នូ នៅ​សហគមន៍ ដែល​មាន​ជម្លោះ​ដីធ្លី​។

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​របស់​ក្រុមហ៊ុន​ជប៉ុន បានប្រកាសថា សិទ្ធិ​មនុស្ស​សំខាន់​ជាងគេ គឺ​សិទ្ធិ​រស់រាន​មានជីវិត ដែល​នៅ​កម្ពុជា ចាប់ផ្តើម កើត​ចេញ​មក​ពី​ថ្ងៃ​៧​មករា​។ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការជួយឧបត្ថម្ភ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​វាយ​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា ចេញពី​របប​វាលពិឃាត ខ្មែរក្រហម នៅ​​​ថ្ងៃ​ទី​៧​មករា ឆ្នាំ​១៩៧៩៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ