អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ផ្តើម​យុទ្ធនា​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​

លោកប៉ែនសុវណ្ណ លោកសុខ សំអឿន និងលោកគល់ បញ្ញា ក្នុងពេលដែលនិយាយពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីកម្ពុជា។
លោកប៉ែនសុវណ្ណ លោកសុខ សំអឿន និងលោកគល់ បញ្ញា ក្នុងពេលដែលនិយាយពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីកម្ពុជា។ RFI/ Siv Channa
ដោយ៖ ស៊ុន មេសា
១៦ នាទី

សង្គម​ស៊ីវិល​ដែល​ធើ្វ​ការ​ងារ​ខាង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​ទី៣​ កញ្ញា​នេះ ​បាន​ផ្តើម​ប្រមូល​ការ​គាំ​ទ្រ​ឱ្យ​មាន​ការ​កំណត់​អាណត្តិ​នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​ត្រឹម​តែ​២​អាណត្តិ​ប៉ុណ្ណោះ​។​ យុទ្ធ​នា​ការ​នេះ​គឺ​ធ្វើ​ឡើង​ជា​មួយ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ចំនួន​បី​រូប​។ ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព ​និង​សមត្ថភាព​នៃ​ស្ថាប័ន​រដ្ឋា​ភិបាល​។

ផ្សាយពាណិជ្ជកម្ម

យុទ្ធនា​ការ​ស្វែង​រក​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​។ សង្គម​ស៊ីវិល​ដែល​ដឹក​នាំ​ដោយ​អង្គការ​ខុម​ហ្វ្រេល ​បាន​ផ្តើម​ដំបូង​គឺ​ជួប​ជា​មួយ​លោក​ប៉ែន សុវណ្ណ ​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក្រោយ​សម័យ​ប៉ុល​ពត​ និង​ជា​សមាជិក​សភា​កូតា​គណបក្ស​សង្គ្រោះ​ជាតិ។ ​ថ្លែង​នៅ​ខាង​មុខ​បន្ទប់​តំណាង​រាស្ត្រ​ លោក​ ប៉ែន​សុវណ្ណ ​លោក​គល់ ​បញ្ញា ​នាយក​ប្រតិ​ប​ត្តិ​អង្គការ​បោះ​ឆ្នោត​ខុម​ហ្វ្រេល ​បាន​បញ្ជាក់​ថា​ការ​កំណាត់​នាយក​រដ្ឋ​មន្ត្រី​នេះ ​គឺ​ដើម្បី​ឱ្យ​កិច្ច​ការ​ងារ​ដឹក​នាំ​រដ្ឋា​ភិបាល​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ កាត់​បន្ថយ​ឱកាស​ និង​ហានិ​ភ័យ​ក្នុង​ការ​រំលោភ​អំណាច​ រួម​ទាំង​ការ​បង្កើត​បក្ស​ពួក​និយម​ក្នុង​ការ​ដឹក​នាំ។

សមាជិក​សភា ​អាយុ​៧៨​ឆ្នាំ ​និង​ធ្លាប់​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​រយៈ​ពេល​២​ឆ្នាំ ​លោក​ប៉ែន ​សុវណ្ណ ​បាន​គាំ​ទ្រ​ចំពោះ​យុទ្ធនា​ការ​គាំទ្រ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​នេះ។ លោក​លើក​ឡើង​ថា​ការ​ផ្លាស់​ប្តូរ​នេះ​ គឺ​នឹង​ជំរុញ​ឱ្យ​ការ​ដឹក​នាំ​បែប​ថ្មី ​និង​គំនិត​ថ្មី ​ហើយ​ការ​កាន់​កាប់​តំណែង​យូរ​ពេក​នោះ ​គឺ​នឹង​រាំង​ស្ទះ​ដល់​ដំណើរ​ការ​នៃ​ការ​វិវត្ត​សង្គម​កម្ពុជា​ផ្ទាល់​។

ក្នុង​យុទ្ធនា​ការ​ប្រមូល​ការ​គាំទ្រ​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​២អាណត្តិ​/១០​ឆ្នាំ​នេះ ​សង្គម​ស៊ីវិល​ នឹង​អាច​បន្ត​ជួប​ជា​មួយ​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជា​ធិប​តេយ្យ ​និង​លោក​ អ៊ឹង​ ហួត​ ដែល​ធ្លាប់​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក្នុង​ទស្សវត្ស​ទី​៩០​ នៅ​សប្តាហ៍​ក្រោយ។ ​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​គល់ បញ្ញា​។

នាយក​ប្រតិ​ប​ត្តិ​អង្គ​ការ​ខុម​ហ្វ្រេល​ដដែល​ បាន​បន្ថែម​ថា​ក្នុង​យុទ្ធនា​ការ​ទី​១​នេះ ​សង្គម​ស៊ីវិល​ នឹង​ផ្ញើរ​ញត្តិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​គាំ​ទ្រ​គោល​គំ​និត​នេះ​ផង​ដែរ។ ​ដោយឡែក​លោក​មេធាវី​ សុខ​សំអឿន ​ដែល​មាន​វត្ត​មាន​នៅ​ទី​នោះ ​ក៏​បាន​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ជួយ​គាំ​ទ្រ​យុទ្ធនា​ការ​នេះ ​ព្រោះ​ថា​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​ប៉ះ​ពាល់​ដល់​លោក​នោះ​ទេ។​ ពោល​គឺ​រាប់​ពី​ពេល​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​តែ​ប៉ុណ្ណោះ​។ ​យ៉ាង​ណា​ក៏​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក ​យ៉ែម​ បុញ្ញឫទ្ធិ​ បាន​គាំ​ទ្រ​យុទ្ធនា​ការ​នេះ​។

ក្នុង​ការ​ចាប់​ផ្តើម​យុទ្ធនា​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​នេះ​ លោក​ គល់​ បញ្ញា​នាយក​ប្រតិបត្តិ​អង្គ​ការ​បោះ​ឆ្នោត​ខុម​ហ្វ្រេល​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​យុទ្ធនា​ការ​នេះ​ថា​នឹង​ចេញ​ជា​ផ្លែផ្កា ​បើ​ទោះ​បី​ជា​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ការ​ជា​ការ​លំបាក​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ