ប្រតិកម្មផ្ទុះឡើងពេលដែលកម្ពុជាចុះហត្ថលេខាទទួលយកជនភៀសខ្លួនពីអូស្ត្រាលី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃសុក្រទី២៦នេះ រដ្ឋាភិបាលកម្ពុជានិងចុះហត្ថលេខាជាមួយរដ្ឋាភិបាលអូស្ត្រាលីស្តីពីការតាំងទីលំនៅជនភៀសខ្លួនពីអូស្ត្រាលីមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ ប្រិតកម្មពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានផ្ទុះឡើងប្រឆាំងនឹងការតាំងពីលំនៅនេះ។ ពលរដ្ឋបានលើកឡើងថាកម្ពុជាមិនអាចទទួលបានយកបានទេព្រោះកម្ពុជាជាប្រទេសក្រីក្រ។
ប្រជាពលរដ្ឋ ព្រះសង្ឃ សកម្មជនដីធ្លី និងសង្គមស៊ីវិល នៅព្រឹកថ្ងៃសុក្រនេះ បានបញ្ចេញប្រតិកម្មប្រឆាំងនឹងការចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីស្តីពីពីការតាំងពីលំនៅជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា។ ការបញ្ចេញប្រតិកម្មដែលមានទាំងការប្រមូលផ្តុំគ្នាដើរដង្ហែក្បួនលើកបដាតវ៉ា និងការដាក់ញត្តិរួមទាំងសេចក្តីអំពាវផងបានផ្ទុះឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោក ស ខេង និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយរដ្ឋមន្ត្រីជនអន្តោប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន នៅរសៀលថ្ងៃសុក្រនេះ។
អ្នកតវ៉ាទាំងអស់មកពីបណ្តាញសហគមន៍បឹងកក់ ថ្មគោល បណ្តាញព្រះសង្ឃឯករាជ្យ និងសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាផងដែរ។ តាំងពីម៉ោងប្រមាណជាង៧ព្រឹកក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅជិតអគាររដ្ឋសភា ស្ថានទូតអូស្ត្រាលី និងក្រសួងមហាផ្ទៃ។ តំណាងអ្នកតវ៉ាត្រូវបានអនុញ្ញាតិឱ្យចូលដាក់ញត្តិបដិសេធ។ ញត្តិទាំងបីច្បាប់មានខ្លឹមសារដូចៗគ្នាថា ការទទួលយកជនភៀសខ្លួនអូស្ត្រាលីគឺជាបន្ទុកដល់សង្គមកម្ពុជាព្រោះថា បញ្ហាចារកម្ម ភេរវកម្ម និងបញ្ហាអសន្តិសុខ ហើយពួកគេក៏បានព្រួយបារម្ភខ្លាចជនភៀសខ្លួនទាំងនោះ នឹងក្លាយជាឈ្នាន់របស់រដ្ឋាភិបាលខ្មែរដើម្បីកំចាត់អ្នកតវ៉ា។
ទន្ទឹមនឹងនោះ គណៈកម្មការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធមនុស្សកម្ពុជា (CHRAC) ក៏បានចេញសេចក្តីអំពាវនាវមួយទៅកាន់រដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីផងដែរ។ ក្រុមសង្គមស៊ីវិលបានបង្ហាញចម្ងល់របស់ខ្លួនទាក់ទងនឹងចំនួនជនភៀសខ្លួន ការជ្រើសរើសជនភៀសដោយស្មគ្រចិត្តមកកាន់កម្ពុជា និងការបើកចំហរនូវជំនួយដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ឱ្យកម្ពុជាជាដើម។ ជាមួយចម្ងល់ដូចនេះ CHRAC បានស្នើឱ្យភាគីទាំង កុំទាន់ចុះហត្ថលេខាលើMOU ដោយត្រូវរង់ចាំការសិក្សា និងព័ត៌មានច្បាស់លាស់ពីគណបក្សនយោបាយ និងសង្គមស៊ីវិលជាមុនសិន។ សូមកត់សំគាល់ថា នៅមិនទាន់មានការបញ្ជាក់ណាមួយជាផ្លូវការពីរដ្ឋាភិបាលកម្ពុជានៅឡើយនោះទេ អំពីព័ត៌មានលំអិតទាក់ទងនឹងហេតុផល និងផលប្រយោជន៍នៃការព្រមទទួលយកជនភៀសខ្លួនពីអូស្ត្រាលីនេះ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអូស្ត្រាលី រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក ស្កុតម៉ូរីសុន បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីនឹងចំណាយប្រាក់មកឱ្យរដ្ឋាភិបាលកម្ពុជាប្រមាណ៣៥លានដុល្លាអាមេរិកសម្រាប់រយៈពេល៤ឆ្នាំ។ ហើយលោកបានបន្តថា ជនភៀសខ្លួនក្នុងជំរំរបស់អូស្ត្រាលីនោះ ប្រមាណ១ពាន់២រយនាក់ ហើយភាគច្រើនជាជនភៀសខ្លួនមកពីអាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។ ប៉ុន្តែលោក ម៉ូរីសុន បានបញ្ជាក់ថា ជនភៀសខ្លួនទាំងនោះនឹងអាចមកតាំងទីលំនៅថ្មីនៅកម្ពុជាក្នុងករណីស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាអ្នកចុះហត្ថលេខាកាលពីម្សិលមិញ បានបញ្ជាក់ថា កម្ពុជានឹងសាកល្បងយកជនភៀសខ្លួនទាំងនោះតែ៤ឬ៥នាក់តែប៉ុណ្ណោះ។ ហើយលោកថា រដ្ឋាភិបាលនឹងបន្តសិក្សាលំអិតពីកិច្ចព្រមព្រៀងនេះ ក្នុងន័យផលប្រយោជន៍កម្ពុជា។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានបញ្ជាក់ថា លោកនឹងសរសេរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យមានការពន្យល់ពីការយល់ព្រមទទួលតាំងទីលំនៅនេះ។ ព្រោះថារដ្ឋាភិបាលមិនបានពិភាក្សាឆ្លងសភានោះទេ។
បើទោះបីជាមានប្រតិកម្មប្រឆាំងតវ៉ាពីសង្គមស៊ីវិល និងប្រជាពលរដ្ឋក៏ដោយ កាចុះហត្ថលេខាព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីនៅតែបន្តដោយគ្មានការកែប្រែឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ