កម្ពុជា

អង្គការ​​សង្គម​ស៊ីវិល​និង​​រដ្ឋាភិបាល​​១០​ប្រទេស​សិក្សា​ផ្នែក​សិទ្ធិ​មនុស្ស​​និង​ផល​ប៉ះពាល់​ស្រ្តី​និង​កុមារ​នៅ​​តំបន់​បឹងកក់​

អ្នកភូមិ​បឹងកក់ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍ​
អ្នកភូមិ​បឹងកក់ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍ​ REUTERS/Samrang Pring

នៅ​​ព្រឹក​​ថ្ងៃ​​សៅរ៍​​នេះ​ មន្រ្តី​​អង្គ​ការ​​សង្គម​​ស៊ី​វិល ​និង​​មន្រ្តី​​រដ្ឋាភិបាល​​ ​មក​​ពី​​​ប្រទេស​​ចំនួន​​​១០​​នៅ​​លើ​​ពិភព​លោក​ បាន​​មក​​ទស្សនកិច្ច​​នៅ​​តំបន់​​បឹង​កក់​ ​ដែល​​ជា​​តំបន់​​មាន​​ជម្លោះ​​ដី​ធ្លី​​ដ៏​​រុំា​រ៉ៃ​​មួយ​ នៅ​​កណ្តាល​​រាជ​ធានី​​ភ្នំ​ពេញ​ រវាង​​ប្រជា​ពល​រដ្ឋ​​ជាង​​១.០០០​​គ្រួសារ​​ ជា​មួយ​​សមាជិក​ព្រឹទ្ធ​សភា​ មក​​ពី​​គណ​បក្ស​​ប្រ​ជា​ជន​​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

វា​ជា​រឿង​កម្រ​មួយ ដែល​មាន​មន្រ្តី​អង្គ​ការ​សង្គម​ស៊ី​វិល និង​មន្រ្តី​រដ្ឋាភិ​បាល បរទេស​ជា​ច្រើន​នាក់ មកបំពេញ​ទស្សនកិច្ច​សិក្សា នៅ​តំបន់​រសើប​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុម​បុគ្គលិក​អង្គ​ការ និង​មន្រ្តី​រដ្ឋាភិបាល​បរទេស ដែល​មាន​គ្នា​២៤​នាក់ មក​ពី​ប្រទេស​ចំនួន​១០​រួម​មាន ប្រទេស​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ាន់​ម៉ា វៀត​ណាម ឡាវ ចិន ស្រី​លង្កា ហ្វីលីព្វីន​ នេប៉ាល់ និង​សហរដ្ឋ​អាមេរិក បាន​មក​សិក្សា​រយៈ​ពេល​៤​ថ្ងៃ ដើម្បី​ស្វែង​យល់​ពី​សិទ្ធិ​មនុស្ស សិទ្ធិ​លំ​នៅ​ដ្ឋាន និង​ផល​ប៉ះពាល់​មួយ​ចំនួន ដែល​កើត​មាន​ឡើង​ចំពោះ​ស្រ្តី​និង​កុមារ ដោយ​ពួក​គេ​បាន​ជ្រើស​រើស​តំបន់​បឹង​កក់ គឺជា​គោល​ដៅ​ក្នុង​ការ​សិក្សា។

ទស្សន​កិច្ច​ជា​លើក​ដំបូង របស់ពួកគេមាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពី​អ្នក​ភូមិ​បឹងកក់ ដោយ​មាន​អ្នក​ភូមិ​ប្រមាណ​ជាង​៧០​នាក់ បាន​មក​ស្វាគម​និង​រៀប​រាប់​រឿង​វិវាទ​ដី ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស៊ូ​កា​គូ ជា​កម្ម​សិទ្ធិ​របស់​លោក ឡាវ ម៉េង​ឃីន សមាជិក​ព្រឹទ្ធ​សភា គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ការ​ទាម​ទារ​ការ​អភិវឌ្ឍន៍​​នៅ​នឹង​កន្លែង​ជា​ផ្ទះ​ល្វែង​ទំហំ៤​ម៉ែត្រ​គុណ​១៦​ម៉ែត្រ​។

មន្រ្តី​ព័ត៌​មាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំ​នៅ​ដ្ឋាន ដែល​ដឹក​នាំ​ក្រុម​បុគ្គលិក​អង្គ​ការ និង​មន្រ្តី​រដ្ឋាភិ​បាល​បរ​ទេស​មក​ទៅ​ទស្សន​កិច្ច​នៅ​ភូមិ​២២ ក្នុង​តំបន់​បឹង​កក់ នៅ​ព្រឹក​មិញ​នេះ បាន​ឲ្យ​ដឹង​ថា សិក្ខាកាមបរទេសទាំងនោះ បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ភូមិ​បឹង​កក់ ឲ្យ​បន្ត​ការ​ទាម​ទារ ការ​អភិវឌ្ឍន៍​​នៅ​នឹង​កន្លែង​បន្ត​ទៀត និង​ជំរុញ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ ដាក់​ពាក្យ​បណ្តឹង​ទៅតុលា​ការ ដើម្បី​ទាម​ទារ​នូវ​សិទ្ធិ​ស្រប​ច្បាប់​និង​យុត្តិ​ធម៌​។

តំណាង​អ្នក​ភូមិ​បឹង​កក់ បាន​បដិសេធ​ភ្លាម​ៗ ថា​ពួក​គេ​នឹង​មិន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលា​ការ​នោះ​ទេ ខណៈ​ដែល​អ្នក​ភូមិ​មិន​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលា​ការ​ក្នុង​ស្រុក​។

ក្រុម​ហ៊ុន ស៊ូ​កា​គូ បាន​បន្ត​បូម​ខ្សាច់​លុប​តំបន់​បឹង​កក់ រៀង​រាល់​ថ្ងៃ​ដើម្បី​ចាក់​បំពេញ បឹង​ដែល​មាន​ទំហំ​១៣៣​ហិក​តា ដែល​ក្រុម​ហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​រយៈ​ពេល​៩៩​ឆ្នាំ ដើម្បី​ប្រែ​ក្លាយ​តំបន់​នោះ​ទៅ​ជា​មណ្ឌល​ពាណិជ្ជកម្ម​ទេសចរណ៍​និង​វប្ប​ធម៌​ដ៏​ទំនើប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI