អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​ចង់ឃើញ​រដ្ឋាភិបាល​អាណត្តិថ្មី​កែទម្រង់​បញ្ហា​មួយចំនួន​ជាបន្ទាន់

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា © សុវណ្ណារ៉ា
ដោយ៖ គី សុខលីម
២២ នាទី

បើទោះបីជាពេល​វេលា​នៃ​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​មិនទាន់បាន​​​ឈាន​មកដល់មែន​ក្តី​ ប៉ុន្តែ ​អង្គការ​សង្គមស៊ីវិល​មួយចំនួន​បាន​អំពាវនាវ​ទុកជាមុន​អោយ​រដ្ឋាភិបាល​ថ្មីដែល​កើតចេញ​ពីការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែកក្កដា​ខាងមុខនេះ​កែទម្រង់​បញ្ហមួយចំនួន​ជាបន្ទាន់។ កំណែទម្រង់​ដែល​អង្គការ​សង្គមស៊ីវិល​ទាមទារ​ជាចាំបាច់​នោះ​គឺ​ ការប្រឆាំង​នឹង​អំពើ​ពុករលួយ និង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​ធ្វើ​កំណែ​ទម្រង់​ស្ទើ​រគ្រប់​វិស័យ​ក្នុង​អាណត្តិកាន់​អំណាច​របស់​ខ្លួន។ ប៉ុន្តែ បើទោះបីជា​រដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​ចំនួន​ក៏​ដោយ​ក្តី ក៏​អង្គការ​សង្គម​ស៊ីវិលនៅ​តែ​ចាត់ទុក​កំណែ​ទម្រង់​នាពេល​កន្លងមក​នៅ​មាន​ល្បឿន​យឺត។

ដោយសារ​តែ​ភាព​យឺត​យ៉ាវ​ក្នុង​កំណែ​ទម្រង់​យ៉ាង​ដូច្នេះ ទើប​អង្គការ​សង្គមស៊ីវិល​​អំពាវនាវ​ទុក​ជាមុន​ដល់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣នេះ អោយ​ចាត់​វិធានការ​កែ​ទម្រង់​វិស័យ​មួយ​ចំនួន​​អោយ​មាន​ប្រសិទ្ធភាព​ជាង​រដ្ឋាភិបាល​ចាស់។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូប​ង្រៀន​កម្ពុជា​ឯករាជ្យ​បាន​សំណូមពរ​នៅថ្ងៃអាទិត្យនេះ​ថា រដ្ឋាភិបាល​ថ្មី​ត្រូវ​តែ​ចាត់​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​​អំពើ​ពុក​រលួយ​អោយ​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត។ អំពើ​ពុករលួយ​គឺ​ជា​ឫស​គល់​នៃ​ភាព​ក្រីក្រ។

ក្រៅ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ លោក រ៉ុង ឈុន ស្នើ​សុំ​យ៉ាង​ទទូច​អោយ​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពី​ការ​បោះឆ្នោត​ប​ន្ត​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​មួយ​នេះ​ត្រូវ​បាន​​មតិជាតិ​ និង​អន្តរជាតិ​រិះគន់​ពីភាព​មិន​ស្អាតស្អំ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​របស់​ខ្លួន។

ចំណុច​ចុង​ក្រោយ​ដែល​លោក រ៉ុង ឈុន ទាមទារ​អោយ​កែ​ទម្រង់​យ៉ាង​ឆាប់រហ័ស​ដែរ​នោះ​គឺ​កំណែទម្រង់​វិស័យ​អប់រំ។ សម្រាប់​លោករ៉ុង ឈុន គុណភាព​វិស័យ​អប់​រំ​នៅ​កម្ពុជា​ នាពេល​បច្ចុប្បន្ន​នេះ​ មាន​កម្រិត​ទាប​ណាស់​ បើប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់។ លោក រ៉ុង ឈុន បាន​គូស​បញ្ជាក់​ថា ប្រសិនបើ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​​មាន​កម្រិត​ទាប​ហើយ ប្រទេស​ជាតិ​ពិត​ជា​មាន​បញ្ហា​ប្រឈម​ក្នុង​​ការ​អភិវឌ្ឍន៍​ជាក់ជា​ពុំខាន។ ការ​កសាង​ធនធាន​មនុស្ស​​តាមរយៈ​ការ​អប់រំ​ដែល​មាន​គុណភាព​ខ្ពស់​អាច​អនុញ្ញាត​អោយ​វិស័យ​ផ្សេងៗ​​ទៀត ក្រៅ​ពី​វិស័យ​អប់រំ​រីក​ចម្រើន​យ៉ាងឆាប់​រហ័ស។ និយាយ​បែប​ផ្សេង មាន​ន័យ​ថា ​ប្រសិន​បើ​គ្មាន​ធនធាន​មនុស្ស​ល្អ​ មិន​ចាំបាច់​ឡើយ​និយាយ​ពី​ការ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​ល្បឿន​លឿននោះ។

លោក មឿន តុលា​ មន្រ្តី​អប់រំ​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ បាន​មើល​ឃើញ​សារៈ​សំខាន់​ចាំបាច់​នៃ​វិស័យ​អប់រំ​ដូច​លោក រ៉ុង ឈុន ដែរ។ សម្រាប់​ លោក មឿន តុលា នៅឆ្នាំ​២០១៥​ខាងមុខ​នេះ​ សមាជិក​អាស៊ាន​ទាំង​១០​នឹង​បង្កើត​សហគមន៍ និង​ទីផ្សារ​រួម​គ្នា​ ដូច្នេះ ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ខ្មែរ​គឺ​ជា​រឿង​ចាំបាច់។ កាលពី​៥ ឬ​១០​ឆ្នាំ​មុន ប្រទេស​កម្ពុជា​អាច​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ដោយ​គិត​ពី​ចំនួន​បរិមាណ​​ច្រើន​ជាង​គុណភាព។ ប៉ុន្តែ​សម្រាប់​ពេល​ខាង​មុខនេះ ការ​ប្រកួត​ប្រជែង​បញ្ញា​ស្មារតី​គឺ​ជា​រឿង​អាទិភាព។

«រដ្ឋាភិបាល​ថ្មី​ត្រូវ​តែ​បន្ថែម​ល្បឿន​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ»។ នេះ​គឺ​ជា​ការ​អំពាវ​នាវ​របស់​ លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោកកែម ឡី បាន​បញ្ជាក់​ថា កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​បាន​ឈាន​ទៅ​មុខ​មួយ​ជំហាន​ហើយ​ ប៉ុន្តែ ​វា​បែរ​ជា​ទ្រឹង​ទៅ​វិញ។

ក្រោយ​ការ​ប្រកាស​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​រួច​មក លោក កែម ឡី បាន​កត់​សម្គាល់​ថា មន្រ្តី​រាជការ​មួយ​ចំនួន​នៅ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​ក្រសួង​រដ្ឋ ប៉ុន្តែ​ពួកគេ​យក​ពេល​វេលា​មក​ធ្វើ​ការងារ​ក្នុងវិស័យ​ឯកជនវិញ​។ មន្រ្តី​ទទួល​បាន​លាភ​សក្ការៈ​ប្រឹងប្រែង​ធ្វើ​ការ​ជូនរដ្ឋ​ រីឯ​មន្រ្តី​មិន​ទទួល​បាន​ផល​ប្រយោជន៍​មិន​ចង់​ធ្វើ​ការ​ជូន​រដ្ឋ​ទេ។

សូមបញ្ជាក់ថា បើ​ទោះ​បីជានៅមាន​ភាព​អសកម្ម​ខ្លះ​មែន​ក៏​ដោយ​ក្តី ក៏​​នាពេល​កន្លងមក រដ្ឋាភិបាល​ក៏​បាន​លុប​បំបាត់​មន្រ្តី​រាជការ​ខ្មោច​មួយ​ចំនួន​រួច​ហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ