កម្ពុជា

សង្គមស៊ីវិល​បារម្ភ​អំពី​បរិយាកាស​នយោបាយ​អាប់អួ​មុន​រដូវ​បោះឆ្នោត

សង្គមស៊ីវិល​ចង់​ឲ្យ​បង្កើតច្បាប់​ការពារ​កុំ​ឲ្យ​មាន​ការដកអភ័យឯកសិទ្ធិ​អ្នកតំណាងរាស្រ្ត​ដោយស្រួលៗពេក
សង្គមស៊ីវិល​ចង់​ឲ្យ​បង្កើតច្បាប់​ការពារ​កុំ​ឲ្យ​មាន​ការដកអភ័យឯកសិទ្ធិ​អ្នកតំណាងរាស្រ្ត​ដោយស្រួលៗពេក ©បូណា

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ចាប់​តាំង​ពី​អភ័យឯកសិទ្ធិសភា​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​អនុម័ត​ព្យួរ។ ក្រុម​បណ្តាញ​សង្គម​ស៊ីវិល​បាន​ចាត់ទុក​ថា នេះ​គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ ហើយ​ថា ​រដ្ឋសភា​ត្រូវ​បង្កើត​ច្បាប់​ ដើម្បី​ការពារ​អ្នកតំណាងរាស្ត្រ​អោយ​បាន​ច្រើន​ជាង​នេះ។

ផ្សាយពាណិជ្ជកម្ម

មាន​ហេតុការណ៍​គួរ​អោយ​ព្រួយ​បារម្ភ​ច្រើន ​ដែល​ក្រុម​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​មើល​ឃើញ​ថា​កំពុង​កើត​ឡើង​នៅ​កម្ពុជា។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦​ធ្នូ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ ដែល​ជា​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២៣​នោះ បាន​កត់សម្គាល់ថា ប្រព័ន្ធតុលាការ រដ្ឋសភា និងស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នកនយោបាយ ដើម្បី​គាប​សង្កត់​លើ​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​នានា ពិសេស​អ្នកនយោបាយ​គណបក្ស​ជំទាស់។ បន្ទាប់​មក​ គឺ​ការ​ព្យូរ​អភ័យ​ឯកសិទ្ធិសភា​របស់​អ្នក​តំណាងរាស្ត្រ​យ៉ាង​ងាយស្រួល។

ក្រុម​សង្គម​ស៊ីវិល​បន្ត​ថា ​បើ​ទោះ​ជា​ករណី​ត្រឹម​បទលហុ និង​បទ​មជ្ឈិមស្រាល​របស់​អ្នក​តំណាងរាស្ត្រ​ ដែល​មិន​គួរ​មាន​ការ​ព្យួរ​អភ័យឯកសិទ្ធិ​ក៏ដោយ ហើយ​បើទោះជា​សំណុំរឿង​ត្រូវបាន​បញ្ចប់​ហើយ​នោះ ក៏​អភ័យឯកសិទ្ធិ​ត្រូវ​ពន្យារ​តទៀតដែរ។ ទាំងអស់​នេះ​ហើយ​ដែល​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំៗ​អត្ថាធិប្បាយ​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ចុះ​ខ្សោយ ហើយ​ព្រឹត្តិការណ៍​ទាំងនេះបានបង្ក​អោយ​មាន​ការ​ខ្វល់ខ្វាយ ​អំពី​លទ្ធភាព​នៃ​ការ​កើតមាន​វិបត្តិ​នយោបាយ​ នា​ពេល​បោះឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នាពេលខាងមុខ។

នៅ​ក្នុង​ន័យ​នេះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ ដែល​ជា​បណ្តុំ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​ចំនួន​២៣​ស្ថាប័ន​នោះ បាន​ស្នើ​អោយ​ស្ថាប័ន​ជាតិ​ ដូចជា​ តុលាការ​ គិតគូរ​អំពី​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ហើយ​ជា​អនុសាសន៍​របស់​ក្រុម​សង្គម​ស៊ីវិលដដែល រដ្ឋសភា​គួរ​តែ​ចែង​ច្បាប់​អោយ​ច្បាស់លាស់​មួយ​ អំពី​បទល្មើស​ប្រភេទ​ណា​ ដែល​ឈាន​ដល់​ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នកតំណាងរាស្ត្រ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI