សង្គមស៊ីវិលទាមទារជាថ្មីឲ្យបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សកម្មជនសិទ្ធិមនុស្សរបស់អង្គការសង្គមស៊ីវិលជាច្រើន បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២៨ វិច្ឆិកា ដោយទាមទារឲ្យមានស្ថាប័នសិទ្ធិមនុស្សឯករាជ្យថ្នាក់ជាតិមួយ នៅកម្ពុជា។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះយល់ឃើញថា ស្ថាប័នសិទ្ធិមនុស្សឯករាជ្យថ្នាក់ជាតិនេះ មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ខណៈដែលបញ្ហាសិទ្ធិមនុស្សជាចំណុចប្រឈមជាប្រចាំមួយរបស់កម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន អង្គការសមាគមដែលធ្វើការងារខាងសិទ្ធិមនុស្សជាង១០ស្ថាប័ន បានកត់សម្គាល់ថា កម្ពុជាគួរតែមានស្ថាប័នសិទ្ធិមនុស្សឯករាជ្យថ្នាក់ជាតិមួយជាចាំបាច់ ដើម្បីឲ្យស្របទៅនឹងគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស ហើយវាក៏ជាសេចក្តីត្រូវការចាំបាច់របស់កម្ពុជាដែលកំពុងប្រឈមនឹងបញ្ហាសិទ្ធិមនុស្សជាប្រចាំ។
លោក ប៉ា ងួនទៀង អនុប្រធានក្រុមការងារដើម្បីបង្កើតយន្តការសិទ្ធិមនុស្សជាតិនិងអាស៊ានបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រុមសង្គមស៊ីវិលធ្លាប់បានធ្វើការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលជាច្រើនឆ្នាំមកហើយ ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតយន្តការសិទ្ធិមនុស្សឯករាជ្យនេះ។ ប៉ុន្តែ កិច្ចការនេះនៅមិនទាន់ជឿនលឿនទៅមុខនៅឡើយទេ។ កាលពីថ្ងៃ ២៨ វិច្ឆិកា ក្រុមការងារសង្គមស៊ីវិលក៏បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ ដើម្បីជជែកអំពីបញ្ហានេះឡើងវិញ។
នៅមិនទាន់មានចម្លើយតបពីរដ្ឋាភិបាលយ៉ាងណានៅឡើយទេចំពោះបញ្ហានេះ ប៉ុន្តែ គេនៅចាំបានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងគាំទ្រឲ្យមានស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យមួយនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាលបានថ្លែងដូច្នេះនៅក្នុងសន្និសីទអន្តរជាតិស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ដែលបានបើកធ្វើក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។
ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនេះ ស្ថាប័នសិទ្ធិមនុស្សឯករាជ្យថ្នាក់ជាតិនៅមិនទាន់កើតចេញជារូបរាងនៅឡើយទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សរបស់ខ្លួនមួយដែរ ក៏ប៉ុន្តែ ស្ថាប័ននេះត្រូវបានក្រុមសង្គមស៊ីវិលមើលឃើញថាមិនឯករាជ្យទេ។ លោកស្រី ពុង ឈីវកេក នាយិកាអង្គការលីកាដូ និងជាប្រធានក្រុមការងារដើម្បីបង្កើតយន្តការសិទ្ធិមនុស្សជាតិ និងអាស៊ាន បានមានប្រសាសន៍តាមរយៈសេចក្តីថ្លែងការណ៍ថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សមិនឯករាជ្យ វាអាក្រក់ជាងការមិនបង្កើតស្ថាប័នឯករាជ្យទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ