កម្ពុជា

សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ​ប៉ះ​ទង្គិច​គ្នា​ក្នុង​សំណុំរឿង​០០៣​និង​០០៤​

លោក​យូ ប៉ុនឡេងសហចៅក្រម​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម
លោក​យូ ប៉ុនឡេងសហចៅក្រម​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម ©AP

នៅ​​ថ្ងៃ​​អង្គារ​​នេះ ​សហ​​ចៅក្រម​​ស៊ើបអង្កេត​​អន្តរជាតិ​​បម្រុង​​ លោក ​Laurent Kasper-Ansermet​ បាន​​ចេញ​​ប្រកាស​​មួយ​​ថា​ លោក​ និង​​សហ​​ចៅក្រម​​ស៊ើបអង្កេត​​ជាតិ​ក្នុង​​តុលាការ​​ខ្មែរ​ក្រហម ​នឹង​​ខិតខំ​ ពន្លឿន​​លើ​​ដំណើរការ​​ស៊ើបអង្កេ​ត​ ក្នុង​​សំណុំរឿង​​០០៣ ​និង​​០០៤​។​ ក៏​ប៉ុន្តែ​​ភ្លាមៗ​ នៅ​ថ្ងៃ​នេះ ​លោក​​សហ​​ចៅក្រម​​ស៊ើបអង្កេត​​ជាតិ​ យូ ​ប៊ុន​ឡេង​ បាន​​ចេញ​​ប្រកាស​​ថា​ លោក​ Laurent Kasper-Ansermet​ មិន​ទាន់​​ត្រូវ​បាន​​តែង​តាំង​​ជា​ផ្លូវការ​ ជា​​ចៅ​ក្រម​​ស៊ើប​អង្កេត​​អន្តរជាតិ​​ថ្មី ​ជំនួស​​លោក ​Siefried Blunk ​ដែល​​បាន​​លាលែង​កាលពី​​ខែ​​តុលា​​ទេ​។​ ដូច្នេះ​​រាល់​​ចំណាត់ការ​​​របស់​​លោក​ Laurent Kasper-Ansermet​ មិន​​មាន​​សុពលភាព​ ផ្លូ​វ​ច្បាប់​​ទេ​។​

ផ្សាយពាណិជ្ជកម្ម

​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង លោក Laurent Kasper-Ansermet បាន​ចេញ​សេចក្តី​ប្រកាសនៅ​ថ្ងៃ​ទី​៦​ធ្នូ ឆ្នាំ​២០១១ ថា បន្ទាប់ពី​បាន​បំពេញ​ការងារ​តាម​អាណត្តិ​របស់​ខ្លួន តាម​មធ្យោបាយ​ពី​ចម្ងាយ​ពី​ប្រទេស​ក្រៅ ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ​អនុលោម​តាម​វិធាន ១៤(៦) នៃ​វិធាន​ផ្ទៃក្នុង​របស់ អ​.​វ​.​ត​.​ក បច្ចុប្បន្ន​លោក​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង បាន​បំពេញ​ការងារ នៅ​ការិយាល័យ ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​។

​លោក​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង បាន​លើកឡើង​ថា ក្នុងការ​គោរព​តាម​គោលការណ៍ នៃ​ការយកចិត្តទុកដាក់​ស​ម​ស្រប (​វិធាន ២១.៤ នៃ​វិធាន​ផ្ទៃក្នុង​) សហ​ចៅក្រម​អន្តរជាតិ​បម្រុង រួមជាមួយ​នឹង​សហ​ចៅក្រម​ជាតិ នឹង​ចាត់ចែង ធ្វើ​កិច្ច​ស៊ើបសួរ ព្រមទាំង​ចាត់​រាល់​វិធានការ​ចាំ​បាច់​​នានា ដើម្បី​គ្រប់គ្រង​ការិយាល័យ​របស់​ខ្លួន​។

​សេចក្តីប្រកាស​ក៏​បាន​បញ្ជាក់ថា លោក​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង រួមជាមួយ​នឹង​សហ​ចៅក្រម​ជាតិ នឹង​ព្យាយាម​ផ្ដល់​ព័ត៌មាន​ទៅ​សាធារណជន ឲ្យបាន​គ្រប់គ្រាន់ អំពី​ការវិវឌ្ឍ​ន៍សំខាន់ៗ នៅ​ក្នុង​សំណុំរឿង ០០៣ និង ០០៤ ដ៏​ចម្រូងចម្រាស​។​

កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១១ លោក Laurent Kasper-Ansermet ត្រូវបានតែងតាំង តាម​ផ្លូវច្បាប់ ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង​។ លោក​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង អះអាងថា តាមច្បាប់ រូបលោក​បាន​ទទួល​កាន់​តួនាទី ដែល​ចៅក្រម Siefried Blunk បាន​អនុវត្ត​រហូតដល់​ពេល​ដែល​គាត់​បាន​លាលែង​ពី​តំណែង​យ៉ាង​លឿន ចាប់ពី​ថ្ងៃ​៣១ ខែ​តុលា ​ឆ្នាំ​២០១១​។​

ក៏ប៉ុន្តែ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម លោក យូ ប៊ុន​ឡេង បាន​ចេញ​ប្រកាស​​ជា​លាយលក្ខណ៍អក្សរ នៅថ្ងៃនេះ បដិសេធ​នូវ​ការលើកឡើង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង លោក Laurent Kasper-Ansermet​។​

​លោក​ចៅក្រម​ជាតិ យូ ប៊ុន​ឡេង លើកឡើងថា លោក Laurent Kasper-Ansermet បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​មិន​មាន​ការពិគ្រោះ​យោបល់​ជាមួយនឹង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​។ ដូច្នេះ​ការលើកឡើង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង មិន​មាន​សុពលភាព តាម​ផ្លូវ​ច្បាប់​ឡើយ​។

​តាម​លោក​យូ​ប៊ុន​ឡេង បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ Siegfried Blunk បាន​លាឈប់ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១១ រហូតមកទល់​ពេលនេះ មិនទាន់​មាន​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី ជា​ផ្លូវការ​មក​ជំនួស​នៅឡើយ​ទេ​។​
 

​ទាក់ទង​នឹង​តុលាការ​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៦​ធ្នូ​នេះ តុលាការ​បាន​បន្ត​បើក​សវនាកា​រលើ​សំណុំ​រឿង​០០២ ដោយ​សួរដេញដោល​លោក​នួន​ជា ពី​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា​។ ប៉ុន្តែ​បញ្ហា​សុខភាព ចាស់ជរា លោក​នួន​ជា អាយុ ៨៥ ឆ្នាំ មិន​អាច​អង្គុយ​ក្នុង​រង្វង់​ក្រចកសេះ តតាំង​នឹង​តុលាការ​បាន​ទេ នៅ​ព្រឹក​មិញ​។

 

សវនាការ បាន​បន្ត​ដោយ​ការសួរដេញដោល​ពី​ប្រវត្តិ​បដិវត្ត​ខ្មែរក្រហម មុន​ឡើង​កាន់​អំណាច ដោយ​មាន​អន្តរាគមន៍​ពី​ដើម​បណ្តឹងរដ្ឋប្បវេណី​មួយរូប ជា​ជនជាតិ​ភាគតិច​នៅ​ខេត្ត​រតនគិរី​។ សវនាការ​នឹង​បន្ត​ទៅ​ថ្ងៃ​៧​ធ្នូ​ស្អែក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI