អានតួអត្ថបទ
កម្ពុជា

កម្ពុជា​និង UN ប៉ះ​សម្តី​គ្នា​រឿង​តែងតាំង​សហចៅក្រម​អន្តរជាតិ

លោក Laurent Kasper Ansermet
លោក Laurent Kasper Ansermet RFI/Leang Delux
ដោយ៖ ប៉ែន បូណា
២០ នាទី

ទីបំផុត​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​បដិសេធ​មិន​តែងតាំង​លោក​ Laurent Kasper-Ansermet​ ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​តាម​សំណើ​របស់​ភាគី​សហប្រជាជាតិ​ទេ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​រវាង​ភាគី​សហប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា។​ អ្នកនាំពាក្យ​អគ្គលេខាធិការ​សហប្រជាជាតិ​បាន​ចោទ​កម្ពុជា​ថា ​រំលោភ​កិច្ចព្រមព្រៀង​ប៉ុន្តែ​មន្ត្រី​កម្ពុជា​បាន​ស្តីបន្ទោស​មន្ត្រី​សហប្រជាជាតិ​ថា​ បាន​ធ្វើ​អត្ថាធិប្បាយ​ខុស​ឆ្គង ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ពិភាក្សា​រវាង​ភាគី​ទាំងពីរ​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ក្រោយ។ នេះ​ជា​ភាព​តានតឹង​ថ្មី​ទៀត​សម្រាប់​សាលាក្តី​ខ្មែរក្រហម។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​សម្រេច​មិន​តែងតាំង​លោក Laurent Kasper-Ansermet ​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​តាម​សំណើ​របស់​ភាគី​សហប្រជាជាតិ​ទេ។ សេចក្តី​សម្រេច​បែប​នេះ​បាន​ធ្វើ​ឡើង​ដោយ​សំអាង​​លើ​បញ្ហា​ក្រមសីលធម៌​ដែល​សហចៅក្រម​អន្តរជាតិ​បម្រុង​រូបនេះ​បាន​ប្រព្រឹត្ត។ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អង្គការ​សហប្រជាជាតិ។​

អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក​ Martin Nesirky ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​សម្រេច​មិន​តែងតាំង​លោក ​Laurent Kasper-Ansermet ​គឺជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០៣។ ​មាត្រា​៥​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន​ចែង​ថា​ ក្នុង​ករណី​ដែល​កន្លែង​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ទំនេរ​ អ្នក​ដែល​ត្រូវ​តែងតាំង​ឲ្យ​ចូល​កាន់​តំណែង​គឺ​ជា​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង។ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តែងតាំង​ លោក Laurent Kasper-Ansermet​ ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ដដែល។

ប្រតិកម្ម​ទៅ​នឹង​បញ្ហា​នេះ ​លោក ​កែវ រ៉េមី ​អនុប្រធាន​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អត្ថាធិប្បាយ​ជា​បន្តប​ន្ទាប់​របស់​អ្នក​នាំពាក្យ​អគ្គលេខាធិការ​សហប្រជាជាតិ។ ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា​ មន្ត្រី​អ្នកនាំពាក្យ​សហប្រជាជាតិ​មិន​គួរ​គប្បី​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ពេក​អំពី​បញ្ហា​នេះ​មុន​ពេល​ជំនួប​ពិភាក្សា​គ្នា​ជា​ផ្លូវការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ក្រោយ​នេះ​ទេ។ ​លោក កែវ រ៉េមី ​បាន​ចាត់ទុក​អត្ថាធិប្បាយ​របស់​លោក​ Martin Nesirky ​ថា​ជា​សម្ពាធ​ទៅ​លើ​កិច្ច​ពិភាក្សា​នេះ។

គួរ​កត់សម្គាល់​ថា​ ចៅក្រម​បម្រុង​ជនជាតិ​ស្វីស​រូបនេះ​ធ្លាប់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ម្តង​ជា​ពីរ​ដង​ទាក់ទង​នឹង​សំណុំរឿង​០០៣ ​និង​០០៤​ ខណៈ​ដែល​លោក​មិនទាន់​ទទួល​ការ​តែងតាំង​ជា​ផ្លូវការ​នៅ​ឡើយ។ ​បញ្ហា​នេះ​ទំនង​ជា​ហេតុផល​ដែល​នាំ​ដល់​ការ​បដិសេធ​មិន​តែង​តាំង។​ក្រោយ​ពេល​ទទួល​បាន​ការ​ជូន​ដំណឹង​របស់​ភាគី​កម្ពុជា ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​លោក​​ David Scheffer​ អ្នកជំនាញការ​ទទួល​បន្ទុក​ទីប្រឹក្សា​សាលាក្តី​ខ្មែរក្រហម​របស់​សហប្រជា​ជាតិ​ដែល​ទើប​តែងតាំង​ថ្មីៗ​ឲ្យ​មក​កម្ពុជា​ភ្លាម​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ទីក្រុង​ភ្នំពេញ។

ជំនួប​ដែល​គេគ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​នឹង​ផ្តោត​លើ​បញ្ហា​ជាច្រើន​ក្នុង​នោះ​ការតែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​របៀបវារៈ​សំខាន់​ជាង​គេ។ ​ប៉ុន្តែ លោក ​កែវ រ៉េមី ​បញ្ជាក់​ថា​ ភាគី​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​នៅ​មុន​ពេល​ជំនួប​នេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ