អាកាសធាតុ

អាកាសធាតុពិភពលោក ខែវិច្ឆិកា២០១៩ ក្តៅខ្លាំងមិនធ្លាប់មាន ក្នុងពេល១សតវត្សរ៍កន្លះចុងក្រោយនេះ

ភ្លើងឆេះព្រៃនៅ​ចម្ងាយ​ប្រមាណ​១០០គីឡីម៉ែត្រ ពីក្រុង​ Sydney
ភ្លើងឆេះព្រៃនៅ​ចម្ងាយ​ប្រមាណ​១០០គីឡីម៉ែត្រ ពីក្រុង​ Sydney SAEED KHAN / AFP

របាយការណ៍អាកាសធាតុ​នៃ​ភ្នាក់ងា​រ​​ឧតុនិយម​របស់​អាមេរិក បញ្ជាក់​ថា​ ខែវិច្ឆិកា២០១៩ កន្លងទៅនេះ​ ជាខែដែលក្តៅខ្លាំងបំផុតសម្រាប់ភពផែនដី គិតត្រឹម​១៤០ឆ្នាំ​ចុងក្រោយ​នេះ​។​  ករណី​ជាក់​ស្តែង ប្រទេស​អូស្ត្រាលី ទទួល​រង​កម្តៅ​ក្តៅខ្លាំង​ ​​ ថ្ងៃអង្គារ៍ ទី​១៧ធ្នូ​​ គឺ​ជាថ្ងៃ​ដែល​ក្តៅ​បំផុត​ មិន​ធ្លាប់​ជួបប្រទះ​​សោះ ​នៅក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​។ គឺ​សីតុណ្ហភាព​កម្តៅ​ បាន​កើន​ឡើង​ដល់ទៅ​​ប្រមាណ​៤៥អង្សារ​។ នេះបើ​តា​ម​​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃពុធនេះ។

ផ្សាយពាណិជ្ជកម្ម

​រ​បាយការណ៍អាកាសធាតុ របស់​ភ្នាក់ឧតុនិយមសហរដ្ឋ​អាមេរិក ​រក​ឃើញថា ខែវិច្ឆិកា​ជា​ខែ​ដែល​ផែន​ដី​យើង ក្តៅ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ។ ពោល​គឺ​សីតុណ្ហភាព​កម្តៅ​បាន​កើន​ឡើងជាមធ្យម​​១អង្សារ បើ​ធៀប​នឹង​សតវត្សរ៍​ទី​២០។

ករណី​ជាក់​ស្តែង ​ថ្ងៃ​ទី​១៧ធ្នូ ​អូស្ត្រាលី​ បាន​ជួបរលក​​កម្តៅ ដល់​ទៅ​៤០,៩អង្សារសេ បើ​គិត​ជាមធ្យម តែបើ​​នៅ​ត្រង់​ចំណុច​កណ្តាលនៃផ្ទៃ​​ប្រទេសវិញ​​ សីតុណ្ហភាព​ក្តៅ​ដល់ជាង​៤៥អង្សារសេ​ឯណោះ។ នេះបើ​តាម​អ្នក​ជំនា​ញ​លោកស្រី​ Diana Eadie បម្រើ​ការ​នៅការិយាល័យ​​​ភ្នាក់ងារ​​ព្យាករណ៍​ឧតុនិយម​អូស្ត្រាលី​។ គួរ​រម្លឹក​ថា កាលពីឆ្នាំ២០១៣ នៅអូស្ត្រាលីបានជួបកម្តៅខ្លាំងបំផុតម្តង តែកាល​នោះ ក្តៅត្រឹម៤០,៣អង្សារសេប៉ុណ្ណោះ។​

កម្តៅ​ខ្លាំងជាប្រវត្តិ​សាស្ត្រ​នៅ​អូស្ត្រាលី​ កត្តា​ធំ​ជាងគេគឺ​បណ្តាល​មកពី​ភ្លើង​ផ្សែ​ង​ឆេះព្រៃ​។ ភ្លើង​ឆេះ​កំពុង​តែ​រាល​ដាលភាគ​​កណ្តាលប្រទេស​​ឆ្ពោះ​ទៅ​រក​ភាគ​ខាង​កើតនិង​ខាង​ជើង​ ដែលព្រះអគ្គិ​បា​នលេប​ត្របាក់​ព្រៃ​​រាប់​ពាន់​ហិកតា​ និងបាន​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ប្រជាជន​អូស្ត្រាលី ចំនួន​ជាង​៧០០ផ្ទះ​​ រួច​មកហើយ។​

ទន្ទឹម​នឹង​នេះ​អង្គការ​អន្តរជាតិ​ខាង​ឧតុនិយម​ពិភព​លោក ក៏​បាន​ប្រកាស​អាសន្ន​ឱ្យ​ថ្នាក់​ដឹកនាំ​ពិភព​លោក​ភ្ញាក់​ស្មារតី​ដែរថា កម្ដៅ​អាកាស​ធាតុ​ ស្ទុះ​ក្តៅ​ខ្លាំង​ ពី​៤ទៅ​៥អង្សារ​បន្ថែមទៀត​ យ៉ាង​យូរ​បំផុត​ត្រឹម​​​ឆ្នាំ២១០០ ដោយសារតែ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​របស់​មនុស្ស​និង​ម៉ាស៊ីន​រោង​ចក្រ​។

ផលប៉ះពាល់នៃការ​ប្រែប្រួល​អាកាសធាតុ​នេះ​ នឹង​បង្ក​ក្តី​លំបាក​ដល់​អាយុជីវិត​មនុស្ស​ជាតិ​ទាំងមូល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI