បារាំងក្តៅខ្លាំងលើកទី២ សីតុណ្ហភាពលើស៤០អង្សាស្ទើរទូទាំងប្រទេស
បារាំង ត្រូវជួបប្រឈមនឹងអាកាសធាតុក្តៅ ខ្លាំងជាលើកទី២ដោយសីតុណ្ហ ភាពត្រូវកើនឡើងលើសពី ៤០អង្សា នៅស្ទើរតែទូទាំងប្រទេស។ បើតាមមន្ទីរឧតុនិយមបារាំង, កម្តៅរឹងតែខ្លាំងសម្រាប់ថ្ងៃព្រហស្បតិ៍ ដែលសីតុណ្ហភាព ជាមធ្យមពី៣៧ ដល់៤២អង្សា គ្របដណ្តប់មួយផ្នែកធំ នៅទូទាំងផ្ទៃប្រទេស ហើយកន្លែងខ្លះ អាចដល់ជាង៤៣អង្សាផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីខែមិថុនា ខែមុននេះ គឺ បារាំងទទួលរងសីតុណ្ហភាពក្តៅខ្លាំង ៤៦អង្សា។ តែពេលនេះជាលើកទីពីរហើយដែលបារាំង ត្រូវទទួលរងរលកកម្តៅ ជាង៤០អង្សា នៅស្ទើរតែទូទាំងប្រទេស។ បើតាមការព្យាករណ៍របស់អ្នកជំនាញ សីតុណ្ហភាពនេះ អាចថយចុះមកវិញបន្តិច នៅយប់ថ្ងៃសុក្រ តែគេត្រូវរកចាំមើលសភាពការណ៍ ដល់ថ្ងៃសៅរ៍ ទើបអាចវាយតម្លៃបានជាថ្មី។
ប្រឈមនឹងការក្តៅខ្លាំងយ៉ាងដូច្នេះ អាជ្ញាធរបារាំង បានប្រុងប្រៀបជើងការខាងក្រុមពន្លត់អគ្គិសនី ហើយក៏បានដាស់តឿនពលរដ្ឋឱ្យបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានរម្លឹកពីហានិភ័យបង្កឡើងដោយសារភ្លើងឆេះ។ លោក Christophe Castener បញ្ជាក់ថា ក្នុងរដូវក្តៅឆ្នាំនេះ ផ្ទៃដីជាង៣ពាន់២រយហិតា ត្រូវភ្លើងឆេះ គឺវាច្រើនជាងឆ្នាំមុនៗ។
ជាការទប់ស្កាត់ចំពោះការប្រឈមខ្លាំងពេកនៃកម្តៅនេះ, ភ្នាក់ងារថាមពលបារាំង បានសម្រេចបញ្ឈប់ផ្អាកដំណើរការមួយរយៈ ចំពោះក្បាលរ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួនពីរ គឺទាល់តែចុងខែទើបឱ្យប្រើវិញ។
ចំណែកក្រសួងបរិស្ថាន គឺកំពុងតែស្វែងរកជំនួយបន្ថែមពីសហភាពអឺរ៉ុប ដើម្បីជួយដល់កសិករបារាំង ដែលខាតបង់ដោយសារអាកាសធាតុបែបនេះ។ ហើយដោយឡែក ការចរាចរដឹកសត្វពាហនៈ ក្នុងសកម្មភាពសេដ្ឋកិច្ច ត្រូវហាមឃាត់ ពីម៉ោងមួយរសៀល ដល់ម៉ោង៦ល្ងាច ។
គួរបញ្ជាក់ថា កម្តៅកើនក្តៅខ្លាំងនេះ មិនមែនប៉ះពាល់តែនៅស្រុកបារាំងនោះទេ មានប្រទេសនៅអឺរ៉ុបផ្សេងទៀត ដូចជាអង់គ្លេស អ៊ីតាលី អេស្ប៉ាញ បែលស៊ិក លុចសំបួរ ហូឡង់ ជាដើម ក៏កំពុងតែរងរលកកម្តៅក្តៅខ្លាំងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ