សន្និសីទ​ប្រចាំឆ្នាំ​របស់​អ.ស.ប.​​ស្តីពី​អាកាសធាតុ​ចាប់​បើកធ្វើ​នៅ​អាហ្វ្រិក​ខាង​ត្បូង

សំឡេង ០៥:២៣
ឧស្ម័ន​កាបូនិក​ចេញ​ពី​ការផលិត​ថាមពល​អគ្គិសនី​គឺ​ជា​ដើមហេតុ​ដ៏ចម្បង​មួយ​​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ
ឧស្ម័ន​កាបូនិក​ចេញ​ពី​ការផលិត​ថាមពល​អគ្គិសនី​គឺ​ជា​ដើមហេតុ​ដ៏ចម្បង​មួយ​​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ REUTERS/Siphiwe Sibeko

សន្និសីទ​ប្រចាំឆ្នាំ​របស់​អ.ស.ប. ស្តីពី​អាកាសធាតុ​​បាន​ចាប់ផ្តើម​បើកធ្វើ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ពីថ្ងៃ​ចន្ទ ទី២៨ វិច្ឆិកា ដល់​ថ្ងៃ​សុក្រ ទី៩ ធ្នូ ២០១១។​ នៅក្នុងពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​​វិបត្តិ​សេដ្ឋកិច្ច​ផង និង​គ្រោះ​ធម្មជាតិ​កាន់តែ​ច្រើនឡើងៗ​ផង​នោះ គណៈប្រតិភូ​មក​ពី​ប្រទេស​ចំនួន ១៩៤ នឹង​ត្រូវ​ជួប​ជជែកគ្នា ដើម្បី​ស្វែងរក​មធ្យោបាយ​ទប់ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ។

ផ្សាយពាណិជ្ជកម្ម

 

បើ​យើង​ក្រឡេកមើល​ទៅ​អតីត​កាល យើងឃើញ​ថា កិច្ចចរចា​ស្តីពី​អាកាសធាតុ ក្នុង​រយៈពេល​ប្រមាណ ២០​ឆ្នាំ​កន្លងទៅ​នេះ ភាពចម្រូងចម្រាស​តែងតែ​កើតមាន​ឡើង​លើ​ចំណុច​ដដែលៗ៖ កាតព្វកិច្ច​ខុសគ្នា​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​អភិវឌ្ឍ, ការ​ទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ, ភាព​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ផលិត​ថាមពល​ដែល​មិន​បំពុល​បរិស្ថាន និងវិភាគទាន​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ឲ្យ​សម្របខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ។ សន្និសីទ​នៅ​អាហ្វ្រិក​ខាង​ត្បូង​លើកនេះ ក៏​ប្រាកដ​ជា​ចៀសមិន​ផុត​ពី​ភាពចម្រូងចម្រាស​ទាំងនេះ​ដែរ។

ក្រុម​អ្នកវិទ្យាសាស្រ្ត​​ជំនាញ​ខាង​ផ្នែក​អាកាសធាតុ​យល់ថា នៅ​ក្នុង​គ្រប់ការ​ចរចា​ស្តីពី​អាកាសធាតុ ប្រទេស​ភាគច្រើន​យក​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​ផលប្រយោជន៍​ជាតិ​ជាធំ ដោយ​​ធ្វើ​ជា​មិនដឹង​​​មិនយល់​អំពី​ការសិក្សា​ជា​លក្ខណៈ​វិទ្យាសាស្រ្ត ទៅលើ​ភាពជាក់ស្តែង​នៃ​ការប្រែប្រួល​អាកាសធាតុ។ នាពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្រ្ត​​របស់​អ.ស.ប.​បាន​ធ្វើការ​វាយតម្លៃ​លើ​ស្ថានភាព​រួម​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក ដោយ​គូស​បញ្ជាក់​ថា គ្រោះធម្មជាតិ​កើតមាន​ឡើង​កាន់តែ​ញឹកញាប់ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ និង​ព្យុះសង្ឃរា។ ទាំងនេះ​ជា​សញ្ញា​បង្ហាញ​ថា ការប្រែប្រួល​អាកាសធាតុ​កំពុងតែ​មាន​សភាព​ធ្ងន់ធ្ងរឡើងៗ ដែល​គេ​ចាំបាច់​ត្រូវ​តែ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (រួមមាន​ ឧស្ម័ន​កាបូនិក ជាដើម ដែល​ជា​ដើមហេតុ​នៃ​ការប្រែប្រួល​អាកាសធាតុ)។

រហូតមកទល់ពេលនេះ ពិធីសារ​ក្រុង​ក្យូតូ គឺ​ជា​កិច្ចព្រមព្រៀង​តែមួយ​គត់ ដែល​មាន​ចែង​ពី​កាតព្វកិច្ច​តាមផ្លូវច្បាប់ តម្រូវ​ឲ្យ​ប្រទេស​ជាសមាជិក​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ពិធីសារ​នេះ​នឹង​ត្រូវ​ផុត​សុពលភាព នៅ​ឆ្នាំ​២០១២​ខាងមុខ ដែល​គេ​ចាំបាច់​ត្រូវ​តែ​ចរចា​រក​កិច្ចព្រមព្រៀង​ថ្មី​មក​ជំនួស។ ការចរចា​ពីរលើក​កន្លង​ទៅនេះ (​សន្និសីទ​ឆ្នាំ​២០០៩ នៅ​ដាណឺម៉ាក និង​សន្និសីទ​ឆ្នាំ​២០១០ នៅ​ម៉ិកស៊ិក) សុទ្ធតែ​ត្រូវ​បរាជ័យ ដោយ​គេ​មិន​អាច​ស្វែងរក​កិច្ចព្រមព្រៀង​ថ្មី​មួយបាន។ សន្និសីទ​នៅ​អាហ្វ្រិក​ខាង​ត្បូង នៅពេលនេះ គឺ​ជា​ឱកាស​ចុងក្រោយ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ថ្មី​នេះ។

ប៉ុន្តែ ប្រឈមមុខ​នឹង​ភាពវឹកវរ​ផ្នែក​សេដ្ឋកិច្ច ប្រទេស​ជាច្រើន​បាន​នាំគ្នា​រួញរា​មិនចង់​និយាយ​ដល់​រឿង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដោយ​គេ​យល់ថា​វា​​អាច​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI