កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​​បន្ត​​យុទ្ធនាការ​ប្រមូល​ស្នាមមេដៃ​នៅ​ថ្ងៃចន្ទ​​ស្អែក​

ក្រុមបាតុករគណបក្សសង្គ្រោះជាតិ លើកញាត្តិចុះពីឡាន
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ លើកញាត្តិចុះពីឡាន RFI/Siv Channa

ក្រោយពី​មូល​ស្នាម​មេដៃ​គាំទ្រ​បានត្រឹមតែ​ជាង២លាន ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ និង បណ្តា​​ប្រទេស​ហត្ថ​លេខី​​នៃ​កិច្ច​ព្រមព្រៀង​​ទីក្រុង​​ប៉ារីស ​គណបក្ស​​សង្គ្រោះ​​ជាតិ​ បាន​ប្រកាស​​ឱ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​​មួយ​​នេះ​​នឹង​បើក​​យុទ្ធនា​ការ​ប្រមូលអោយបាន​​​ស្នាម​​មេដៃ ​១លាន ៥សែន​​ ​បន្ត​ទៀត​​ ដែល​​នឹង​​ចាប់ធ្វើ​ពី​​ថ្ងៃ​​ចន្ទ​​ស្អែក​​នេះ។​

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្តើម​យុទ្ធនាការបន្ត​​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ យុទ្ធនាការ​នេះ គឺ​សង្ឃឹមថានឹង​អាច​ប្រមូល​ស្នាម​មេដៃ​ចំនួន១លាន ៥សែន​បន្ថែមទៀត ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​នេះ។

អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​បន្ត​​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នេះ ​ដោយ​​សម្រុក​ធ្វើ​នៅតាម​បណ្តា​ខេត្តធំៗ ដែល​គណបក្សប្រឆាំង​នេះ ទទួល​សម្លេងឆ្នោត​គាំទ្រ​ច្រើន។ រីឯ​សកម្មជន​នៅតាម​បណ្តា​ខេត្ត​ដែលមាន​អាសនៈ​ត្រឹម​មួយ​កៅអី​នោះ ក៏​នឹង​ធ្វើការ​តាម​លទ្ធភាព​ផងដែរ។

យ៉ាងណាក៏ដោយ​លោក យ៉ែម​បុញ្ញឫទ្ធិ បានបញ្ជាក់​ពី​គោលបំណង​នៃ​ការប្រមូល​ស្នាម​មេដៃ​ឱ្យបាន ចំនួន១លាន ៥សែន​ នេះ​ថា គឺជា​ការចង់​បង្ហាញ​ឱ្យ​អន្តរជាតិ​ដឹងថា គណបក្ស​សង្គ្រោះជាតិ មាន​អ្នកគាំទ្រ​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​សព្វថ្ងៃ។ គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នកគាំទ្រ​ត្រឹមតែ៣លាន២សែន​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​បន្ថែម​នេះ អាច​នឹង​គ្មាន​ឧបសគ្គ​អ្វី​មករា​រាំង​ទៀត​ទេ ព្រោះតែ​គ្រោះទឹកជំនន់​បាន​ស្រក​ថមថយ​ឥទ្ធិពល ហើយ​ប្រសិនបើ​អាជ្ញាធរ​នៅ​មូលដ្ឋាន​អាច​សម្រួល​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក អាច​ប្រមូលបាន​តាម​ធម្មតា​នោះ។ ហើយ​លោក​ថា  ការប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ដែល​អាជ្ញាធរ​ត្រូវគោរព។

គួររំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តើម​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​នៅ​ទីផ្សារ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ តាំងពីដើម​ខែតុលា​មក​ម្ល៉េះ។ ប៉ុន្តែ ​អាជ្ញាធរ​បាន​ស្នើឱ្យ​គណបក្សប្រឆាំង​មួយ​នេះ ប្រមូល​ស្នាម​មេដៃ​គាំទ្រ នៅ​ទីស្នាក់ការ​គណបក្ស​ជំនួស​វិញ ដើម្បី​បញ្ចៀ​ស​ពី​រូបភាព​នៃ​ការបែកបាក់​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI