កម្ពុជា

បក្ស​សង្គ្រោះជាតិ​តតាំង​នឹង​បក្ស​ប្រជាជន​កម្ពុជា​ ចំពោះមុខ​សហគមន៍​អន្តរជាតិ​

លោក សម រង្ស៊ី ចុះ​ជួប​ប្រជាជន​អ្នក​គាំទ្រ​ នា​ពេល​កន្លង​មក។
លោក សម រង្ស៊ី ចុះ​ជួប​ប្រជាជន​អ្នក​គាំទ្រ​ នា​ពេល​កន្លង​មក។ @Siv Channa

គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិត​ចំហរ​ជា​ភាសា​អង់គ្លេស​មួយ ​ដើម្បី​បង្ហាញ​អំពី​ជំហរ​របស់ខ្លួន​ក្នុងការ​គាំទ្រ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្សព្វផ្សាយ​លិខិត​ចំហរ​នេះ​ឡើង ក្រោយពី​រដ្ឋាភិបាលចាំផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើ​ឯកសារ​​ស្តីអំពី​ការអំពាវនាវ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អោយ​ប្រជាជន​កម្ពុជា​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​លទ្ធផល​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ការ​តតាំង​គ្នា​ដោយផ្ទាល់​នៅ​ទល់មុខ​គ្នា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​តតាំង​គ្នា ទាញយក​ការគាំទ្រ​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ​ដែរ។
ភ្លាមៗក្រោយពី​ក្រសួងមហាផ្ទៃ​បានប្រកាសថា ខ្លួន​បាន​ផ្ញើ​ឯកសារ​ស្តីអំពី​ការអំពាវនាវ​ធ្វើបាតុកម្ម​​របស់​មេដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បណ្តា​ស្ថានទូត និង​អង្គការ​ក្រៅរដ្ឋាភិបាល​​​ជាង៥០នោះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ដែរ អះអាង​អំពី​ជំហរ​របស់ខ្លួន​ក្នុងការ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ និង​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​ក្នុង​នីតិកាល​ទី៥នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស គណបក្ស​សង្គ្រោះ​ជាតិ​សរសេរថា ខ្លួន​គាំទ្រ​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ចូលរួមចំណែក​ជាមួយ​ រដ្ឋាភិបាល​ ដែល​ត្រូវ​កើតចេញពី​ការបោះឆ្នោត​​ ដែល​ត្រឹមត្រូវ​ពិតប្រាកដ គាំទ្រ​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​អនុវត្ត​ន៍​សិទ្ធិសេរីភាព​ក្នុងការ​ ជួបជុំ​ដោយ​សន្តិភាព។

សេចក្តីថ្លែងការណ៍​ដដែល​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​អនុវត្តន៍​កិច្ចការ​ទាំងនេះ ដោយយោង​ទៅតាម​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ របស់​ក្រុមប្រឹក្សា​​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ និង​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ សិទ្ធិមនុស្ស​នៅ​កម្ពុជា។

យោងតាម​សេចក្តីថ្លែងការណ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវការ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ពង្រឹង​ការអនុវត្ត​ន៍​សិទ្ធិ​ទាំងនេះ ​នៅ ​កម្ពុជា​ដែរ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ប្រឆាំង​ការប្រើប្រាស់​អំពើហិង្សា ការប្រកាន់​ពូជសាសន៍ ការ​ស្អប់​ជនបរទេស និង​ការរើសអើង។

គួរបញ្ជាក់​ឡើងវិញ​ថា តាំងពី​ក្រោយ​ថ្ងៃ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរិហារ​ភាព​មិនប្រក្រតី​​នៃ​ការបោះឆ្នោត មុននឹង​ប្រកាស​ប្រឆាំង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ដែល​ប្រកាស​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

រហូតដល់​ពេលនេះ ខណៈដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​ចុងក្រោយ កំពុង​ដោះស្រាយ​​បណ្តឹង​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នៅតែ​រក្សា​ជំហរ​ចុងរ​ក្រោយ ដឹកនាំ​ធ្វើ​មហា​បាតុកម្មអហិង្សា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដែរ។

រដ្ឋាភិបាលចាំផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​ជួប​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូតសំខាន់ៗជាច្រើន​ ដើម្បី​ រៀបរាប់​អំពី​ស្ថានការណ៍​​នៅក្រោយ​ថ្ងៃ​បោះឆ្នោត។ លោក​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់​ចេញ​សេចក្តីថ្លែងការណ៍​​ព្រមាន​មេគណបក្ស​ប្រឆាំង អំពី​ការធ្វើ​បាតុកម្ម​ដែល​អាច​នាំទៅរក​ហិង្សា និង​បង្ក​អសន្តិសុខ​សង្គម​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI