អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្រ្គោះ​ជាតិ​ប្រាប់​សមត្ថ​កិច្ច​កុំ​ឲ្យ​បារម្ភ​ពី​យុទ្ធនាការ​ស្លៀក​​ពាក់​ខ្មៅ​

ក្រុម​អ្នក​គាំទ្រ​ គណបក្ស​សង្គ្រោះជាតិ។
ក្រុម​អ្នក​គាំទ្រ​ គណបក្ស​សង្គ្រោះជាតិ។ RFI/Siv Channa
ដោយ៖ សឿង ភារៈ
១៧ នាទី

នៅ​ព្រឹក​​នេះ ​​គណបក្ស​​សង្រ្គោះ​​ជាតិ​​បាន​​ប្រកាស​តាម​​សន្និ​​សីទ​កុំ​ឲ្យ​​សមត្ថ​កិ​ច្ច​ មាន​ការ​ព្រួយ​បារម្ភ​ ព្រោះគណបក្ស​សង្រ្គោះ​ជាតិមិន​មាន​ផែន​ការ​សំដែងមតិ​តាម​រយៈការ​ស្លៀក​ពាក់​ខ្មៅ​នៅ​តាម​ទីសាធារណៈ​ទេ។​ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​សាលា​ក្រុង​ភ្នំ​ពេញ​ស្នើ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​បញ្ឈប់​ជា​បន្ទាន់​រាល់សកម្មភាព​ពាក់​ព័ន្ធ​នឹង​យុទ្ធ​នាការ​ស្លៀក​ពាក់​ខ្មៅ។​

ផ្សាយពាណិជ្ជកម្ម

 

លោកយឹម សុវណ្ណ អ្នក​នាំពា​ក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថ្ងៃទី១៣ ​ខែ​សីហាថា ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​មាន​ផែន​ការ​សំដែងមតិ​តាម​រយៈ​ការ​ស្លៀក​ពាក់​ខោអាវ​ខ្មៅ​នៅ​តាម​ទីសាធារណៈ​ទេ។​ លោក​យឹម ​សុវណ្ណ​ក៏​បាន​បញ្ជាក់​ទៅ​អាជ្ញាធរ​ សមត្ថកិច្ច ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​។

លោក​បន្ថែមថា​ កន្លង​មក​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​តាម ​និង​គោរព​តាមឆន្ទៈ​​ថ្នាក់​ដឹក​នាំ​ម្នាក់​ៗ ​ដែល​មានបំណង​ចង់​សំដែងមតិ​។ សំដែងមតិ​នេះ មិន​មែន​ជា​ការ​គំរាម​កំហែ​ងអ្វី​ទេ គ្រា​ន់តែ​សំដែងមតិ ​ដើម្បី​ចង់​បានការដោះស្រាយបញ្ហា ដោះស្រាយរកយុត្តិធម៌ជូនអ្នករងគ្រោះតែប៉ុណ្ណោះ ។

លោក ឃួង ​ស្រេង ​អភិ​បាលរ​ងរាជ​ធានី​ភ្នំ​ពេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​យ៉ាង​ខ្លី​ថា​ បើ​គណបក្សសង្រ្គោះ​ជាតិ​មិន​ចូល​រួម​គឺ​ជា​ការ​ល្អ ​ដែលគ​ណបក្ស​នេះ​គោរព​ច្បាប់​រប​ស់រដ្ឋាភិ​បាល។ 

សូម​បញ្ជាក់​ថា​សាលា​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃសុ​ក្រ ទី១២ ​ខែ​សីហា ​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ជូន​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​លិខិត​នោះ​មាន​គោល​ដៅ​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​នេះ ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ពាក់​ព័ន្ធ ​នឹង​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ ​ចាប់​ពី​ពេល​នេះ​ត​ទៅ។​

សម្រាប់​សាលា​រាជធានី​ភ្នំពេញ ​ការ​ប្រកាស​ចូល​រួម​គាំទ្រ​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ ​ដែល​ប្រកាស​ដោយលោក​ អេង​ ឆៃអ៊ាង ​មន្ដ្រីជា​ន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពីថ្ងៃចន្ទ ​ទី៨​ ខែសីហា ​គឺ​ជា​ការ​បំផុសញុះញង់​ កៀង​គរ​កម្លាំង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល ​និង​ប្រជាពលរដ្ឋ ​ដែល​ជា​ទង្វើ​ខុស​ច្បាប់​ បង្ក​ឲ្យ​មានចលាចល​ និង​មាន​ចរិ​ត​ផ្ទុយ​ពី​គោល​ការណ៍​ណែនាំ​រប​ស់ក្រសួង​មហា​ផ្ទៃ​និង​រដ្ឋាភិបាល។​

ដោយ​ឡែ​កក្រៅ​ពី​ប្រកាស​ជុំវិញ​រឿង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ គ​ណបក្ស​ប្រឆាំង​ក៏​បាន​ប្រកាស​ថាឈ​ប់​ធ្វើសន្និសីទ​សារព័ត៌​មាន​រាល់​ថ្ងៃ​ទៀត​ហើយ​។ ប៉ុន្តែប្រ​សិន​បើ​មាន​អ្វី ​ដែល​គណ​បក្ស​ចង់​ជំរាប​ជូន​សាធារណៈមតិ​ជាតិ ​និង​អន្តរជាតិ ​នោះ​គណបក្ស​សង្រ្គោះ​ជា​តិ​នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​កាសែត​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង។ នេះ​បើ​តាម​លោក​យឹម សុ​វណ្ណ។​

ក្រៅ​ពី​នេះ គ​ណបក្ស​ប្រឆាំង​ក៏​បាន​បញ្ជាក់​ថា​គណៈប្រតិភូ ​ដែល​ដឹក​នាំ​ដោយ​លោក​ប៉ុល ​ហំម​ បាន​រៀប​ចំ​ពិធីសាសនា​នៅ​ខេត្ត​ពោ​ធិ៍សាត់។​ ពិធី​បែប​សាស​នា​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អំពាវនាវ​ឲ្យ​អ្នក​នយោបាយទាំង​អស់​ចូល​រួម​ដោះ​ស្រាយ​បញ្ហា ​ដែល​កំពុង​មាន ​ជា​ពិសេស​បញ្ហា​នយោបាយ​ និង​ឲ្យ​មាន​ការ​ឯក​ភាព​ជាតិដើម្បី​ដឹក​នាំ​ប្រទេស។​ កន្លង​មក​គណបក្ស​នេះ ​ក៏​ធ្លាប់​បាន​ធ្វើ​ពិធី​សាសនា​បែប​នេះដែ​រ​ នៅក្នុ​ងខេ​ត្ត​សៀម​រាប ក្រោយ​ពេល​ស្វែង​រក​ការ​ជួប​គ្នា​ជា​មួយ​គណបក្ស​កាន់​អំណាច​មិន​បាន​ជោគ​ជ័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ