កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​បាន​ជាង​១​លាន​នាក់​ហើយ​

សកម្មជន​គណបក្សសង្គ្រោះជាតិ​ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​កន្លងទៅ
សកម្មជន​គណបក្សសង្គ្រោះជាតិ​ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​កន្លងទៅ Siv Channa/RFI

រហូត​មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​គាំទ្រ​បាន​ជាង ១លាន​នាក់​ហើយ។ គណបក្ស​នេះ​នៅ​តែ​បន្ត​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ​ឲ្យ​បាន៣​លាន​នាក់​ដើម្បី​ធ្វើ​ញត្តិ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពាក់កណ្តាល​ខែតុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រមូល​ស្នាម​មេដៃ​ពី​អ្នកគាំទ្រ​បាន​ជាង​មួយ​លាន​នាក់​ហើយ។ នេះ​បើ​យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់លោក ​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​បញ្ជាក់ទៀតថា ការប្រមូល​ស្នាម​មេដៃ​កំពុង​បន្តធ្វើ អោយបាន​​រហូតដល់៣លាន​នាក់។

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ស្នាម​មេដៃ​ទាំងនោះ​ដើម្បី​ធ្វើ​ញត្តិ​ដាក់ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ក្នុង​បំណង​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ បាន​ត្អូញត្អែរ​អំពី​ការរារាំង​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច និង​បញ្ហា​ទឹកជំនន់​ដែល​ធ្វើ​ឲ្យ​ការប្រមូល​ស្នាម​មេដៃ​មាន​សភាព​យឺតយ៉ាវ។

អាជ្ញាធរ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​បានធ្វើ​ឲ្យ​មានការ​បែកបាក់ និង​ការរើសអើង​គ្នា​តាមរយៈ​ការប្រមូល​ស្នាម​​មេ​ដៃ​ឲ្យ​គាំទ្រ​គណបក្សនយោបាយ​ជា​ចំហ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ អាជ្ញាធរ​បាន​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ផ្តល់​ស្នាម​មេដៃ​នៅ​ទីស្នាក់ការ​គណបក្ស ឬ​នៅផ្ទះ​សកម្មជន​របស់ខ្លួន​ណា​ម្នាក់ ដោយ​ចៀសវាង​ការប្រមូល​ស្នាម​មេដៃ​ក្នុង​ទីសាធារណៈ។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ​តាម​ផ្ទះ និង​តាម​ទីផ្សារ​នានា​ដដែល។

គណបក្សប្រឆាំង​ក៏​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស​នៅ​ថ្ងៃទី ២៣ តុលា ខាងមុខនេះ​ផងដែរ។ គឺជា​មហា​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​បក្ស​កាន់អំណាច​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ។ ស្នាម​មេដៃ​ទាំងនោះ​នឹងត្រូវ​ដង្ហែ​ពី​បណ្តា​ខេត្ត​ មកកាន់​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​បាតុកម្ម​នោះ។

ស្រប​ពេលដែល​វិបត្តិ​នយោបាយ​កំពុង​កើតមាន គណបក្សកាន់អំណាច​បា​ន​ប្រកាស​ពី​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត​តាមរយៈ​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ពាក់ព័ន្ធ​ទាំងឡាយ ដូចជា​ច្បាប់​ស្តីពី​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ការស្នើ​ឲ្យ​មានច្បាប់​ស្តីពី​ថវិកា​គណបក្សនយោបាយ​ជាដើម។ គណបក្ស​នេះ​ក៏បាន​អះអាង​ទៀតថា ខ្លួន​នឹង​ប្រកាន់យក​គោលការណ៍​បើកចំហ​ដោយ​ទទួលយក​អនុសាសន៍​ពី​សហគមន៍ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ វិបត្តិ​នយោបាយ​នៅតែ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​ទេ។ គេ​ក៏​មិនដឹងថា ស្នាម​មេដៃ​ដែល​ប្រមូល​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ​អាចជួយ​អ្វី​បាន​ខ្លះ​ដល់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​សព្វថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI