កម្ពុជា

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​លិច​ទឹក

ទឹក​ជំនន់នៅ​ក្នុង​ប្រទេស​កម្ពុជា
ទឹក​ជំនន់នៅ​ក្នុង​ប្រទេស​កម្ពុជា RFI/Siv Channa

ខណៈ​ដែល​​ទឹក​ជំនន់​កំពុង​បន្ត​លិចលង់​បណ្តា​ខេត្ត​ជាប់​ទន្លេមេគង្គ និង​ខេត្ត​ភាគ​ឧត្តរ​ ក្នុង​ប្រទេស តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ ក៏​បាន​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​មហន្តរាយ​នេះ​ដែរ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា គណបក្ស​នេះ​នឹង​ជួយ​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ពី​បរទេស ​មក​ជួយ​អ្នក​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ។

ផ្សាយពាណិជ្ជកម្ម

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ណែនាំ​អោយ​តំណាង​រាស្ត្រ​របស់ខ្លួន​ចុះ​ត្រួត​ពិនិត្យ​តំបន់​លិច​ទឹក​ដោយ​ជំនន់ នៅ​តាម​មណ្ឌល​របស់​ខ្លួន​នៅ​ទូទាំងប្រទេស ដើម្បី​ពួកគេ​អាច​វាយតម្លៃ​អំពី​ការខូចខាត មុននឹង​ស្វែងរក​ការ​ឧបត្ថម្ភ​ជួយ​អ្នក​រងគ្រោះ។ លោក​ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់ថា​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​លោក​បាន​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​រង​គ្រោះ​នៅ​ថ្ងៃ​នេះ ដើម្បី​ចាប់​ផ្តើម​ការងារ​ស្រង់​ការ​ខូចខាត។ បើតាម​ការអះអាង​រប​ស់​តំណាង​ស្ត្រ​ដដែល ក្រៅ​ពី​មូលនិធិ​របស់​គណបក្ស គណបក្ស​លោក​នឹង​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​អង្គការ​អន្តរជាតិ និង​សប្បុរសជន​ពី​ក្រៅ​ប្រទេស​ដើម្បី​អាចជួយ​អ្នករងគ្រោះ​បាន។

 
លោក​យឹម សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ពន្យល់​បន្ថែមថា ដោយសារតែ​គណបក្ស​មិន​មែន​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល ដូច្នេះ​ គណបក្ស​លោក​នឹង​ជួយឧបត្ថម្ភ​អ្នក​រង​គ្រោះ​ទៅ​តាម​លទ្ធភាព។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ប្រាប់​អោយដឹងថា កំពស់​ទឹក​នៅតាម​បណ្តា​ខេត្ត​នៃ​ទន្លេមេគង្គ​លើ​បាន​ស្រក​ចុះ​ហើយ។

របាយការណ៍​របស់​គណកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បាន​បង្ហាញថា ទឹកជំនន់​បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២៨​នាក់ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​គ្រួសារ​ប្រមាណ​៧ម៉ឺន​​៣​ពាន់​៦​រយ​គ្រួសារ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​កញ្ញា។ ក្រៅ​ពី​នេះ ផ្ទះសម្បែង​ជាង ៦ម៉ឺន២ពាន់​ខ្នង សាលា​រៀន​៣៨៥​កន្លែង និង​វត្ត​ប្រមាណ ២៤៥កន្លែង កំពុង​រង​ការលិចលង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI