សាលារាជធានីយល់ព្រមឲ្យគណបក្សសង្គ្រោះជាតិជួបជុំនៅទីលានប្រជាធិបតេយ្យថ្ងៃ៦តុលា
បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតស្នើសុំទីលានប្រជាធិបតេយ្យ ដើម្បីជួបជុំមហាជន នៅថ្ងៃទី ០៦តុលាខាងមុខ សាលារាជធានីភ្នំពេញ ក៏ព្រមឯកភាពឲ្យគណបក្សសង្គ្រោះជាតិ ប្រារព្ធពិធីជួបជុំនោះ។ ដូចកាលពីមុនដែរ ការជួបជុំនេះមិនអាចឲ្យមានចំនួនមនុស្សលើសពី១ម៉ឺននាក់ឡើយ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិនៅតែទទូចចង់បានអ្នកចូលរួមលើសពី ១ម៉ឺននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សាលារាជធានីភ្នំពេញបានឯកភាពនៅរសៀលថ្ងៃអង្គារនេះ ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើវេទិកាជួបជុំមហាជនជាថ្មី នៅទីលានប្រជាធិបតេយ្យ។ បន្ទាប់ពីការប្រជុំពិភាក្សាគ្នា រវាងតំណាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងថា ភាគីទាំងពីរបានសម្រេចព្រមព្រៀមតាមសំណើរបស់គណបក្សប្រឆាំងហើយ។ ហើយគណបក្សប្រឆាំងក៏យល់ស្របធ្វើតាមលក្ខខណ្ឌរបស់សាលារាជធានីភ្នំពេញដែរ។ មានតែលក្ខខណ្ឌមួយប៉ុណ្ណោះ ដែលគណបក្សសង្គ្រោះជាតិ មិនយល់ព្រម គឺការកំណត់ចំនួនអ្នកចូលរួមនៅក្នុងវេទិកា ថ្ងៃទី០៦តុលា។
សាលារាជធានីមិនអាចសម្រេចឲ្យមានអ្នកចូលរួមលើសពី១ម៉ឺននាក់បានទេ ហើយសាលារាជធានីក៏គ្រោងធ្វើលិខិតមួយទៅក្រសួងមហាផ្ទៃនៅថ្ងៃពុធ។ ប្រសិនបើក្រសួងមហាផ្ទៃយល់ស្រប នោះការជួបជុំរបស់គណបក្សប្រឆាំង គឺអាចដំណើរការបាន។ នេះបើតាមលោក ឡុង ឌីម៉ង់។
សូមបញ្ជាក់ថា លក្ខខណ្ឌរបស់សាលារាជធានីភ្នំពេញ គឺមិនខុសពីពេលដែលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម កាលពីលើកមុននោះទេ ពោលគឺការជួបជុំមិនត្រូវមានការហែក្បួនឡើយ។ មិនត្រូវបំផុសប្រជាពលរដ្ឋឲ្យមានអំពើហិង្សា។ មិនត្រូវនិយាយប៉ះពាល់ដល់ស្ថាប័នដទៃ ឬព្រះមហាក្សត្រ។ ត្រូវមានកិច្ចការពារសណ្តាប់ធា្នប់ សន្តិសុខដោយខ្លួនឯង ហើយប្រសិនបើមានញតិ្តអ្វីមួយ គណបក្សត្រូវចាត់តំណាង២០រូប ឲ្យយកញ្ញតិ្តនោះទៅដាក់នៅសាលារាជធានី ហើយសាលារាជធានីនឹងបញ្ជូនបន្តទៅស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំការជួបជុំមហាជន នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី ០៦តុលា បន្ទាប់ពីថ្ងៃភ្ជុំបិណ្ឌ ចាប់ពីវេលាម៉ោង ២រសៀល ដល់ម៉ោង៦ល្ងាច។ ក្នុងលិខិតជូនទៅសាលារាជធានី គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការជួបជុំប្រជាពលរដ្ឋប្រមាណជា២ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ