កម្ពុជា

ញត្តិ​គណបក្ស​សង្គ្រោះជាតិ​សុំ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បោះឆ្នោត​

លោក សម រង្ស៊ី ​ក្នុងការដង្ហែក្បួន ទៅ​ដាក់​ញាត្តិ។
លោក សម រង្ស៊ី ​ក្នុងការដង្ហែក្បួន ទៅ​ដាក់​ញាត្តិ។ RFI/Rachna

នៅ​ក្នុង​ក្បួន​ដង្ហែ​បាតុកម្ម​បី​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះជាតិ បាន​យក​ញត្តិ​ទៅ​ដាក់​ដល់​ស្ថានទូត​បរទេស​ប្រចាំ​ទីក្រុង​ភ្នំពេញ។ ញត្តិ​ទាំងនោះ​បាន​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ការ​មិន​គោរព​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស និង​ការ​បង្កើត​រដ្ឋាភិបាល​និង​រដ្ឋសភា​ដោយ​«​រំលោភ​រដ្ឋធម្មនុញ្ញ»របស់​គណបក្ស​ប្រជាជនកម្ពុជា។ គណបក្ស​សង្គ្រោះជាតិ​បាន​សុំ​ឲ្យ​ប្រទេស​ទាំង​នោះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា។

ផ្សាយពាណិជ្ជកម្ម

ញត្តិ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើជូន​មេដឹកនាំ​រដ្ឋាភិបាល​នៃ​មហាអំណាច​នានា​តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នោះ  មាន​ខ្លឹម​សារសំខាន់​បី​ចំណុច៖ ទី១ គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង​អំពី​ការបោះឆ្នោត​ដែល​មិន​គោរព​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ដែល​នាំ​ឲ្យ​មាន​ភាពមិនប្រក្រតី​ជាច្រើន។ ទី២ គឺ ការមិន​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ និង ទី៣ គឺ ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ទី៥ដោយ«រំលោភ​រដ្ឋធម្មនុញ្ញ»។

 
គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​សុំ​ឲ្យ​ប្រទេស​ទាំងនោះ​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហានយោបាយ​ដែល​កំពុង​កើតមាន​បច្ចុប្បន្ន​នៅ​កម្ពុជា។  សូមបញ្ជាក់ថា ក្នុង​រយៈពេល៣ថ្ងៃ នៃ​មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹកនាំ​អ្នកគាំទ្រ រាប់ពាន់នាក់ ដើម្បី​យក​ស្នាម​មេដៃ​អ្នកគាំទ្រ​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត និង​ញត្តិ​ទាមទារ​ទៅ​ដាក់​នៅ​ស្ថានទូតធំៗ ចំនួន៨ ដែល​រួមមាន ស្ថានទូត​បារាំង អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌូនេស៊ី ចិន អូស្ត្រាលី និង​ស្ថានទូត​រុស្ស៊ី។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា បាន​មាន​ទស្សនៈខុសៗគ្នា ចំពោះ​សកម្មភាព​ការដើរ​ហែ​ក្បូន​យក​ញា​ត្តិ​ទៅ​ដា​ក់នៅ​សហគម​ន៏​អន្តរជាតិ​ទាំងនេះ។ លោក កែម ឡី អ្នកវិភាគ​សង្គម​ឯករាជ្យ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សកម្មភាព​នេះ នឹង​ផ្តល់​លទ្ធផល​វិជ្ជមាន ដល់​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​បន្តថា សហគម​ន៏​អន្តរជាតិ ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា នឹង​ពិចារណ​ឡើងវិញ ចំពោះ​ចំណាត់ការ​នយោបាយ ដែល​កំពុង​ជាប់គាំង​នាពេល​បច្ចុប្បន្ន។

ផ្ទុយទៅវិញ លោក សុខ ទូច អ្នកវិភាគ​នយោបាយ​ឯករាជ្យ បាន​និយាយថា សកម្មភាព​ដើរ​ហែ​ក្បួន​នេះ នឹងមិន​ផ្តល់​លទ្ធផល​ផ្កែ​ផ្លា​ទេ។ មិន​ផ្តល់​លទ្ធផល​វិជ្ជមាន ក៏​ព្រោះតែ​ស្នាម​មេដៃ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន មាន​ត្រឹមតែ​ប្រមាណ​ជា ២លាន​ស្នាម​មេដៃ ដែល​ចំនួន​នេះ គឺ​វា​សមាមាត្រ​ទៅនឹង​ចំនួន​អាសនៈ​កៅអី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​នោះ​ហើយ។

មួយវិញទៀត លោក​សុខ ទូច បាន​និយាយថា​ប្រទេស​មហាអំណាច ដែល​រួមមាន​ទាំង​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក​ជាដើម កំពុងតែជួបប្រទះ​វិបត្តិ​ដែល​ដោះស្រាយ​មិនបាន​នៅឡើយ ។ ដូច្នេះ បញ្ហា​កម្ពុជា នឹង​មិនមែនជា​បញ្ហា​ធំ​ដែល ពួកគេ​គួរតែ​ជួយ​ដោះស្រាយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI