កម្ពុជា

គណ​បក្ស​សង្គ្រោះ​ជាតិ​ មិន​រំពឹង​ថាបាន​ស្នាម​មេដៃបី​លាន​ សម្រាប់​បាតុកម្ម​នោះទេ​

ក្រុមបាតុករ​គណបក្សសង្គ្រោះជាតិ​នៅទីលានប្រជាធិបតេយ្យ
ក្រុមបាតុករ​គណបក្សសង្គ្រោះជាតិ​នៅទីលានប្រជាធិបតេយ្យ Siv Channa/RFI

ការប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ញត្តិ​ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​ស​ន្ថិ​សញ្ញា​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​មហា​បាតុកម្ម​ទី២៣តុលា ខាងមុខនេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​បានឱ្យដឹងថា​ទំនង​អាច​មិនបាន​បី​លាន​ស្នាម​មេដៃ​ឡើយ ដោយសារ​តែ​​ការ​រារាំង​ពី​សំណាក់​មន្ត្រី​នៅតាម​មូលដ្ឋាន។ តែ​យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ គឺ​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ​ដដែល។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​ នា​សប្តាហ៍​ក្រោយនេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​រំពឹងថា​នឹង​បាន​ទទួល​​ស្នាម​មេដៃ​បីលាន ដូច​ការគ្រោងទុក​ឡើយ។ ព្រោះ​គិត​ត្រឹម​ថ្ងៃ​ព្រឹក​ថ្ងៃទី១៩ តុលា​នេះ គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ បាន​ស្នាម​មេដៃ​ត្រឹមតែ ១លាន ៧សែន​​តែប៉ុណ្ណោះ។ នេះ​បើតាម​លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី២០ តុលា​នេះ។

 
អ្នកនាំពាក្យ​រូបនេះ​បាន​ប្រាប់​ពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​អាក់ខាន​នេះ​ថា​ តាំងពី​ចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​ នៅ​ថ្ងៃទី៦តុលា​មក អាជ្ញាធរ​នៅតាម​មូលដ្ឋាន​បានប្រកាស​មិនឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​ស្នាម​មេដៃ​នោះឡើយ។ រីឯ​បញ្ហា​ទឹកជំនន់​នោះ​ក៏​ជា​ឧបសគ្គ​មួយ​ដែរ។ ប៉ុន្តែ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នឹង​នៅតែ​បន្ត ​រហូត​គ្រប់​បី​លាន​ បើទោះបីជា​ក្រោយ​ ថ្ងៃ​មហា​បាតុកម្ម​ក៏ដោយ។

អាជ្ញាធរ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ ថា​បានធ្វើ​ឲ្យ មានការ​បែកបាក់ និង​ការរើសអើង​គ្នា​ តាមរយៈ​ការប្រមូល​ស្នាម​មេដៃ​ឲ្យ​គាំទ្រ​គណបក្សនយោបាយ ជា​ចំហ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ អាជ្ញាធរ​បាន​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​អ្នកគាំទ្រ​របស់ខ្លួន​ទៅ ផ្តល់​ស្នាម​មេដៃ​ នៅ​ទីស្នាក់ការ​គណបក្ស ឬ​នៅផ្ទះ​សកម្មជន​របស់ខ្លួន​ណា​ម្នាក់ ដោយ​ចៀសវាង ​ការប្រមូល​ស្នាម​មេដៃ​ ក្នុង​ទីសាធារណៈ។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ​តាម​ផ្ទះ និង​តាម​ទីផ្សារ​នានា​ដដែល។

គណបក្សប្រឆាំង​ក៏​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស​ នៅ​ថ្ងៃទី ២៣ តុលា ខាងមុខនេះ។ គឺជា​មហា​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​បក្ស​កាន់អំណាច​ឲ្យ​ដោះស្រាយ វិបត្តិ​នយោបាយ។ ស្នាម​មេដៃ​ទាំងនោះ​នឹងត្រូវ​ដង្ហែ​ពី​បណ្តា​ខេត្ត មកកាន់​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​បាតុកម្ម​នោះ។ មហា​បាតុកម្ម​ដែល​គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ គ្រោង​នឹង​នាំយក​ស្នាម​​មេដៃ​គាំទ្រ​ចំនួន៣លាន​ទៅ​ដាក់​នៅ​អង្គការសហប្រជាជាតិ និង​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស។

យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ នៅសល់​រយៈពេល៣ថ្ងៃ​ទៀត សម្រាប់​ការប្រមូល​ស្នាម​មេដៃ​របស់ខ្លួន។ ប៉ុន្តែ​គេ​មិនដឹងថា ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ប្រមូល​នេះ នឹង​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ប៉ុណ្ណា​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI