កម្ពុជា

គណបក្ស​សង្គ្រោះជាតិ មិន​រវីរវល់​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ពេល​កន្លងទៅ។
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ពេល​កន្លងទៅ។ REUTERS/Samrang Pring

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មិនទាន់​​ទៅ​ចុះឈ្មោះ ដើម្បី​ទទួល​បាន​សិទ្ធិ ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​នៅ​ឡើយ​ទេ។ ក្នុងនោះ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ បាន​ប្រកាស​ថា គណបក្ស​ប្រឆាំង​មិន​រវីរវល់​នឹង​ដំណើរការ​ពិនិត្យ និងចុះឈ្មោះ​បោះឆ្នោត ដែល​គ.ជ.ប ចាប់ផ្តើម​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន ពី​​ថ្ងៃទី១ ដល់​ថ្ងៃ​ទី២០​តុលា។

ផ្សាយពាណិជ្ជកម្ម

ដំណើរ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត ប្រចាំ​ឆ្នាំ​២០១៣ ចាប់​ផ្តើម នៅ​ថ្ងៃ​ទី​១​តុលា​នេះ បន្ត​រហូត​ដល់ ​ថ្ងៃ​ទី​២០​តុលា។ ដំណើរ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​ឡើង នៅ​តាម​សាលា​ឃុំ-​សង្កាត់ ​ទូ​ទាំង​ប្រទេស បើ​ទោះ​បី​ជា​តំបន់​មួយ​ចំនួន ត្រូវ​ទឹក​ជន់​លិច​ក៏​ដោយ។

ប៉ុន្តែ ​នៅ​ថ្ងៃ​ផ្តើម​ពិនិត្យ​និង​ចុះ​ឈ្មោះ នៅ​ថ្ងៃ​ដំបូង ថ្ងៃទី១តុលា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ឡើយ​ទេ។ ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ពេល​នេះ ទើប​ជា​ការ​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី បាន​ក្លាយ​ជា​សមាជិករដ្ឋ​សភា នៅ​ឆ្នាំ២០១៣។ លោក​សម រង្ស៊ី ត្រូវបាន​គ.ជ.ប លុបឈ្មោះ​ចេញ កាលពី​ឆ្នាំ២០១២ ដែល​នាំ​ឲ្យ​លោក​មិនអាច​ឈរឈ្មោះ​បោះឆ្នោត ក្លាយជា​អ្នកតំណាងរាស្ត្រ​បាន ដោយសារតែ​ជាប់ទោស ក្នុង​សំណុំ​រឿង​ព្រំដែន។ ប៉ុន្តែ​ នៅ​មុន​ការ​បោះឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ លោក​សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ ប្រទាន​ការ​លើក​លែង​ទោស។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មិន​រវីរវល់​នឹង​ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​របស់​គ.ជ.ប​ទេ។ គណបក្ស​សង្គ្រោះជាតិ នៅ​តែ​រក្សា​ជំហរ​ឲ្យ​មាន​ការ​កែ​ទម្រង់ ផ្លាស់ប្តូរ សមាសភាពគ.ជ.ប និង​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត។

តាម​លោក យឹម សុវណ្ណ បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​រៀប​ចំ​ឡើង​ដោយ​គ.ជ.ប មិន​អាច​ប្រើ​ការ​បាន​ត​ទៅ​ទៀត​ទេ។ នោះ​ក៏​ដោយសារ​តែ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​គ.ជ.ប មាន​ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​មាន​អ្នក​បោះឆ្នោត​មាន​ឈ្មោះ​ស្ទួន ជា​ដើម។

ក៏​ប៉ុន្តែ ​លោកទេព នីថា អគ្គលេខាធិការ​គ.ជ.ប បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ហើយ​ថា គ.ជ.ប​អនុវត្ត​តាម​ច្បាប់។ នៅ​ឆ្នាំ​នេះ គ.ជ.ប​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​ស្ទួន បញ្ជូន​ទៅ​កាន់​ឃុំ​សង្កាត់ ដើម្បី​លុប​ឈ្មោះ​ជាន់​គ្នា​ទាំង​នោះ ចេញ​ពី​បញ្ជី​បោះឆ្នោត។

តាម​គ.ជ.ប នៅ​ឆ្នាំ២០១៣នេះ អ្នក​ដែល​មាន​អាយុ​គ្រប់​១៨ ឆ្នាំ​ឡើង​ទៅ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​ប្រមាណ ៣៣ម៉ឺន​នាក់។ រីឯ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត មាន​ប្រមាណ ១៩ ម៉ឺន​នាក់ ក្នុងចំណោម​បញ្ជី​បោះឆ្នោត​សរុប​ចំនួន​ជាង ៩,៦ លាន​នាក់។

លោក ទេព នីថា បាន​បញ្ជាក់​ថា សាលា​ឃុំ-​សង្កាត់​ណា ដែល​ទទួល​រង​នូវការ​​លិចលង់​ដោយ​ទឹក​ជំនន់ នឹង​បើក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​កន្លែង​ទីទួល ដែល​មិន​លិច​ទឹក ក្នុង​ភូមិ​-ឃុំ​ទាំង​នោះ ដោយ​មិន​មាន​ប្រកាស​លើក​ពេល​នៅឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI