កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​ព្រមាន​សើ​រើ​កិច្ច​សន្យា​ប្រាក់​កម្ចី និង​គម្រោង​វិនិយោគ​បរទេស​

ប្រធានគណបក្ស​សង្គ្រោះជាតិ សម រង្ស៊ី
ប្រធានគណបក្ស​សង្គ្រោះជាតិ សម រង្ស៊ី REUTERS/Samrang Pring

នៅ​ក្នុង​លិខិត​ចំហ​មួយ​ជូន​ប្រទេស និង​ស្ថាប័ន​ម្ចាស់ជំនួយ​របស់​កម្ពុជា​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ឯកបក្ស​របស់​គណបក្ស​ប្រជាជនកម្ពុជា ​អាណត្តិ​ទី​៥​នេះ​ទេ។ គណបក្ស​នេះ​ព្រមាន​ថា​នឹង​សើ​រើ​ឡើងវិញ​​រាល់​កិច្ច​សន្យា​ផ្តល់​ប្រាក់​កម្ចី និង​ការ​វិនិយោគ​បរទេស​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា ការ​អំពាវនាវ​នេះ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ម្ចាស់​ជំនួយ​ទេ។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​លិខិត​ចំហ​មួយ​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ព្រមាន​ប្រទេស​ម្ចាស់​ជំនួយ ​និង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ថា គណបក្ស​សង្គ្រោះជាតិ នឹង​សើរើ​ឡើងវិញ​រាល់​កិច្ច​សន្យា​នានា​ដែល​ម្ចាស់​ជំនួយ​ទាំង​នោះ​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​អាណត្តិ​ទី​៥​នេះ។

គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា បាន​បញ្ជាក់​ថា ខ្លួន​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ឯកបក្ស​របស់​គណបក្ស​ប្រជាជនកម្ពុជា​ទេ។ គណបក្ស​នេះ​នៅ​តែ​ចោទ​ប្រកាន់​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ ​កាល​ពី​ថ្ងៃ​ទី ២៤ កញ្ញា ថា​ជា​រដ្ឋសភា និង​រដ្ឋាភិបាល​ខុស​ច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ។

ដូច្នេះ រាល់​កិច្ចសន្យា ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការ​ដោះដូរ និង​ការ​ជួល​អចលនទ្រព្យ​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ គឺ​ជា​ការ​មិន​ស្រប​ច្បាប់​ឡើយ។ គណបក្ស​សង្គ្រោះជាតិ​​បាន​ប្រាប់​ទៅ​ម្ចាស់​ជំនួយ និង​ស្ថាប័ន​ផ្តល់​ជំនួយ​ទាំង​នោះ​ថា កុំ​ឲ្យ​ពួកគេ​ចូលរួម​រំលោភ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ។

នេះ​ជា​សកម្មភាព​ថ្មី​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​ការ​រាំង​ខ្ទប់​សហគមន៍​អន្តរជាតិ និង​ម្ចាស់​ជំនួយ​កុំ​ឲ្យ​គាំទ្រ​និង​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ក្នុង​ចន្លោះ​ថ្ងៃ​ទី២៣​ដល់ ២៥តុលា​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុករ​រាប់ម៉ឺន​នាក់ ​យក​ញត្តិ​ទាមទារ​របស់​ខ្លួន​ដែល​មាន​ស្នាម​មេដៃ​អ្នក​គាំទ្រ​ជាង ២លាន​នាក់ ​ទៅ​ដាក់​ជូន​ការិយាល័យ​តំណាង​អង្គការ​​សហប្រជាជាតិ និង​បណ្តា​ស្ថានទូត​បរទេស​ជាច្រើន​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បោះឆ្នោត។

យ៉ាងណាក៏ដោយ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ចេញ​ប្រតិកម្ម​ថា ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​សហគមន៍​អន្តរជាតិ​ទេ។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សហគមន៍​អន្តរជាតិ និង​បណ្តា​ស្ថាប័ន​ផ្តល់​ជំនួយ​នានា​កំពុង​ធ្វើ​ការ​ជាមួយ​គណបក្ស​កាន់​អំណាច។

លោក ជាម យៀប បាន​ហៅ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ជា​ការ​ព្យាយាម​បិទ​ខ្ទប់​ដង្ហើម​របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេ​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​​ជប៉ុន​នៅ​កម្ពុជានា​ខែ​ក្រោយ​នេះ​គឺ​ជា​ភស្តុតាង​ថ្មី​មួយ​ទៀត​នៃ​ការ​គាំទ្រ​របស់​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI