គណបក្សសង្គ្រោះជាតិចូលរួមព្រះរាជពិធីរម្លឹកព្រះវិញ្ញាណក្ខន្ធព្រះមរបរតនកោដ្ឋថ្ងៃអង្គារស្អែក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណបក្សសង្គ្រោះជាតិបានធ្វើលិខិតទៅព្រះបរមរាជវាំង ដើម្បីស្នើសុំចូលរួមក្នុងព្រះរាជពិធីបង្សុកូល រម្លឹកព្រះវិញ្ញាណក្ខន្ធថ្វាយព្រះបរមរតនកោដ្ឋ ដែលនឹងត្រូវរៀបចំនៅក្នុងព្រះបរមរាជវាំង ព្រឹកថ្ងៃអង្គារស្អែក។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណបក្សសង្គ្រោះជាតិ បានមានបន្ទូលថា សម្ដេចម៉ែបានសព្វព្រះរាជហឫទ័យស្វាគមន៍ប្រតិភូគណបក្សសង្គ្រោះជាតិហើយ។
សម្តេចម៉ែ មុនីនាថ សីហនុ បានសព្វព្រះរាជហឫទ័យស្វាគមន៍ការចូលរួមរបស់ប្រតិភូគណបក្សសង្គ្រោះជាតិ នៅក្នុងព្រះរាជពិធីបង្សុកូល នៅថ្ងៃអង្គារដែរ។ នេះបើតាមបន្ទូលអះអាងរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោនៅព្រឹកថ្ងៃចន្ទនេះ។ ព្រះរាជពិធីបង្សុកូល នឹងត្រូវរៀបចំធ្វើនៅក្នុងព្រះបរមរាជវាំង ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដែលបានយាងសោយទិវង្គត កាលពីថ្ងៃទី១៥តុលា ឆ្នាំមុន។
បើតាមបន្ទូលរបស់ព្រះអង្គម្ចាស់ធម្មិកោ តំណាងគណបក្សសង្គ្រោះជាតិមានចំនួន៦រូប ដែលដឹកនាំដោយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ព្រះអង្គម្ចាស់ធម្មិកោបានមានបន្ទូលបញ្ជាក់ថា នេះគឺជាព្រះរាជពិធីរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងព្រះបរមរាជវាំង ហើយក៏មានការអញ្ជើញចូលរួមពីប្រមុខដឹកនាំរបស់ស្ថាប័នកំពូលរបស់ប្រទេសជាតិផងដែរ។ ព្រះអង្គក៏នឹងមានវត្តមាននៅក្នុងព្រះរាជពិធីនោះ ក្នុងនាមជាសមាជិករាជវង្ស។
គួរបញ្ជាក់អោយដឹងផងដែរថា គណបក្សសង្គ្រោះជាតិក៏បានស្នើសុំគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅរសៀលថ្ងៃចន្ទទី១៤តុលានេះ។ ប៉ុន្តែ សំណើនេះត្រូវបានបដិសេធ ហើយត្រូវបានអនុញ្ញាតអោយប្រតិភូគណបក្សនេះមកគោរពព្រះបរមរូប នៅក្រោយថ្ងៃទី១៥តុលាវិញ។
នៅរសៀលថ្ងៃចន្ទនេះ បើតាមការបញ្ជាក់របស់លោកកឹម សុខា គណបក្សសង្គ្រោះជាតិនឹងបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាអំពីការរៀបចំមហាបាតុកម្មថ្ងៃទី២៣តុលា បូកសរុបការងារប្រមូលស្នាមមេដៃ និងផែនការការងារមួយចំនួននៅពេលខាងមុខ របស់គណបក្សសង្គ្រោះជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ