កម្ពុជា

ការតែងតាំង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី កំពុង​ដំណើរការ

ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​អន្តរជាតិ​
ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​អន្តរជាតិ​ RFI/Leang Delux

ការតែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី នៅ​តុលាការ​ខ្មែរក្រហម មក​ដល់​ពេល​នេះ កំពុង​ដំណើរការ​នីតិវិធី។ នោះ​គឺ​ភាគី​អង្គការ​សហប្រជាជាតិ បាន​ស្នើ​បេក្ខភាព​សហចៅក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរជាតិ សញ្ជាតិ​ស្វ៊ីស លោក Laurent Kasper Ansermet ចូល​ជំនួស​តំណែង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ សញ្ជាតិ​អាល្លឺម៉ង់ លោក Siegfried Blunk។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​តុលាការ​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា។

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​តុលាការ​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ពន្យល់​ថា ជា​ធម្មតា ដំណើរការ​តែងតាំង​សហចៅក្រម​ជាតិ ក្នុង​តុលាការ​ខ្មែរក្រហម ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បញ្ជូន​ទៅ​សុំ​ការអនុម័ត យល់ព្រម​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មាន​ព្រះមហាក្សត្រ ជា​ប្រធាន។ ចំណែក​សហចៅក្រម​បរទេស ត្រូវ​បាន​ទទួល​ការតែងតាំង​ពី​អង្គការ​សហប្រជាជាតិ ហើយ​ត្រូវ​បញ្ជូន​មក​រដ្ឋាភិបាល​កម្ពុជា និង​ដាក់​បេក្ខភាព​នោះ ទៅកាន់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ទទួល​បាន​ការអនុម័ត។


ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២០​តុលា ឆ្នាំ​២០១១ នៅ​ពេល​ជួប​ប្រជុំ ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​តុលាការ​ខ្មែរក្រហម ផ្នែក​ខាង​ភាគី​កម្ពុជា គឺ​លោកស្រី Patricia O'Brien អគ្គលេខាធិការ​រង ទទួល​បន្ទុក​ផ្នែក​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការតែងតាំង​ចៅក្រម​ស៊ើប​អង្កេត​​អន្តរជាតិ​ថ្មី ជំនួស​លោក Blunk ដែល​បាន​លាលែង​តំណែង។

មក​ដល់​ពេល​នេះ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​បញ្ជាក់​ថា ដំណើរការ​តែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​ថ្មី​សម្រាប់​សាលាក្តី​ខ្មែរក្រហម កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី ដោយ​ភាគី​អង្គការ​សហប្រជាជាតិ កំពុង​បន្ត​នីតិវិធី​របស់​ខ្លួន ដើម្បី​តែងតាំង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី ចូល​ជំនួស​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក Siegfried Blunk ដែល​បាន​លាលែង​តំណែង កាលពី​ថ្ងៃ​ទី​៩​តុលា ឆ្នាំ​២០១១។ លោក Blunk នឹង​បន្ត​ការងារ​របស់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​៣១​តុលា ឆ្នាំ​២០១១។

សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ Siegfried Blunk បាន​ភ្ជាប់​ការលាលែង​របស់​លោក ទៅ​នឹង​ការជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ​ខ្មែរក្រហម ពិសេស​លើ​សំណុំរឿង​០០៣ និង ០០៤ ពី​សំណាក់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ប្រមុខ​ការទូត​កម្ពុជា។

យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ថា លោក យូ ប៊ុនឡេង សហចៅក្រម​ស៊ើប​អង្កេត​ជាតិ ក្នុង​សាលាក្តី​ខ្មែរក្រហម បាន​ប្រកាស​ស្វាគមជានិច្ច ចំពោះ​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី ហើយ​ត្រៀមខ្លួន​ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​ដៃ​គូ​ថ្មី ដើម្បី​ពន្លឿន​ការងារ​ឲ្យបាន​ចប់​ចុង​ចប់​ដើម។

ចាប់តាំងពី​បាន​បង្កើត​នៅ​ឆ្នាំ​២០០៦ តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរ​ក្រហម ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ មាន​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ២ រូប​ហើយ បាន​ដាក់​ពាក្យ​លាលែង​ពី​ការងារ។ លោក​ចៅក្រម​បារាំង ម៉ាសែល ឡឺម៉ុង (Marcel Lemonde) សហចៅក្រម​ស៊ើប​អង្កេត បាន​ប្រកាស​លាលែង បន្ទាប់​ពី​បញ្ចប់​ការស៊ើប​អង្កេត និង​បញ្ជូន​សំណុំ​រឿង​០០២ ទៅ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​១៤​កញ្ញា ឆ្នាំ​២០១០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI