កម្ពុជា

ខ្មែរក្រហម៖ សហព្រះរាជអាជ្ញា​ប្តឹង​ទាស់​ការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធ

ការិយាល័យ​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហមបាន​ប្រកាស​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​ថាសហ​ព្រះរាជអាជ្ញា​បាន​ប្តឹង​សារ​ទុក្ខ​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​ក្នុងការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធ។

លោកស្រីអៀង​​ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​
លោកស្រីអៀង​​ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​បានបញ្ជាក់​​ថា ខ្លួន​បាន​យល់ស្រប​ទាំងស្រុង​ក្នុងការ​ដោះលែង​លោកស្រី អៀង ធី​រិ​ទ្ធ ដោយសារ លោកស្រី​គ្មាន​សម្បទា​​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​សវនាការ។ ប៉ុន្តែ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​យល់ឃើញថា ការដោះលែងលោកស្រីអៀង ធីរិទ្ធ ​មិនគួរ​ធ្វើឡើង​ដោយ​គ្មាន​លក្ខខណ្ឌ​នោះឡើយ។

ការិយាល័យ​សហ​ព្រះរាជអាជ្ញា​បាន​សុំ​ឲ្យ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ដាក់ ​លក្ខខណ្ឌ​មួយចំនួន​ដល់​លោកស្រី អៀង ធី​រិ​ទ្ធ ដូចជា៖ ត្រូវដាក់​ក្នុង​លំនៅដ្ឋាន​ជាក់លាក់​មួយ ដែល​សហ​មេធាវី​របស់​គាត់​ត្រូវ​ប្រាប់​ពី​អាស័យដ្ឋាន។ ត្រូវ​បង្ហាញខ្លួន​មួយ​សប្តាហ៍​ម្តង​ដើម្បី​ឲ្យ​សមត្ថកិច្ច ឬ​តុលាការ​ត្រួតពិនិត្យ​ពី​សុវត្ថិភាព​របស់គាត់ និង​ត្រូវប្រគល់​លិខិតឆ្លងដែន​ឬ​អត្តសញ្ញាណ​ប​ណ្ណ័​របស់គាត់​ជាដើម។

ការប្តឹងទាស់នេះបានធ្វើឡើង បន្ទាប់ពីអង្គជំនុំជម្រះ​សាលាដំបូង​នៃសាលាក្តី​ខ្មែរក្រហម​បានសម្រេច​កាលពី​ថ្ងៃទី១៣កញ្ញា ថា លោកស្រី​អៀង ធី​រិ​ទ្ធ ពិតជា​មាន​ជំងឺ​វង្វេងស្មារតី​មិនអាច​ចូលរួម​សវនាការ​បានទេ ហើយ​ត្រូវ​ដោះលែង​ជនជាប់ចោទ​រូបនេះ​ពី​មន្ទីរឃុំឃាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI