សហព្រះរាជអាជ្ញាផ្តើមធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង ០០២ វគ្គទី១
ថ្ងៃព្រហស្បតិ៍នេះដែលជាថ្ងៃទី២នៃសវនាការបិទបញ្ចប់ការដេញដោលសំណុំរឿង ០០២ វគ្គទី១ សហព្រះរាជអាជ្ញាបានផ្តើមធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់របស់ខ្លួនដោយដាក់បន្ទុកទៅលើជនជាប់ចោទ។ សហព្រះរាជអាជ្ញាមានរយៈពេល៣ថ្ងៃសម្រាប់ធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួន។ សវនាការថ្ងៃនេះ មានវត្តមានជនជាប់ចោទ ខៀវ សំផន ក្នុងបន្ទប់សវនាការ ប៉ុន្តែ នួន ជា បានស្តាប់សវនាការពីចម្ងាយដោយសារតែបញ្ហាសុខភាព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីមេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណីដែលបានបញ្ចប់សេចក្តីសន្និដ្ឋានរបស់ខ្លួនកាលពីថ្ងៃពុធ នៅថ្ងៃព្រហស្បតិ៍នេះគឺដល់វេនសហព្រះរាជអាជ្ញាម្តងដែលត្រូវធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់របស់ខ្លួន។ លោកស្រី ជា លាង សហព្រះរាជអាជ្ញាភាគីជាតិបានលើកឡើងអំពីភស្តុតាងនានាជាច្រើនទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំ ការកាប់សម្លាប់ទាហាន លន់ នល់ នៅតំបន់ទួលពោធិ៍ជ្រៃ និងអំពីតួនាទីរបស់ជនជាប់ចោទនៅក្នុងរបបខ្មែរក្រហម។
រយៈពេលពេញមួយថ្ងៃនេះ លោកស្រី ជា លាង បានលើកបង្ហាញភស្តុតាងជាច្រើនដើម្បីដាក់បន្ទុកលើជនជាប់ចោទ។ ភស្តុតាងទាំងនោះមានរួមទាំងសក្ខីកម្មនានាដែលសាក្សី និងជនរងគ្រោះបានឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ។ សហព្រះរាជអាជ្ញាក៏បានលើកឡើងអំពីតួនាទីរបស់ជនជាប់ចោទនៅក្នុងសហឧក្រិដ្ឋកម្មរួមផងដែរ។
សហព្រះរាជអាជ្ញាក៏បានច្រានចោលទាំងស្រុងនូវការអះអាងរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលបដិសេធថាខ្លួនមិនបានដឹងរឿងកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។ បើយោងតាមលោកស្រី ជា លាង ជនជាប់ចោទទាំងពីរតែងបានចូលប្រជុំជាមួយប៉ុល ពត ជាប្រចាំ។ ដូច្នេះ ពួកគេគួរតែទទួលការផ្តន្ទាទោសចំពោះអ្វីដែលបានកើតឡើងក្នុងរបបដែលពួកគេដឹកនាំ។
សហព្រះរាជអាជ្ញាមានរយៈពេលដល់ទៅ៣ថ្ងៃសម្រាប់អានសេចក្តីសន្និដ្ឋានបិទបញ្ចប់របស់ខ្លួន។ គេរំពឹងថា នៅទីបញ្ចប់ សហព្រះរាជអាជ្ញានឹងទាមទារឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទទាំងពីរយ៉ាងធ្ងន់ធ្ងរជាមិនខាន។
នៅក្នុងអង្គសវនាការថ្ងៃនេះ មានតែជនជាប់ចោទ ខៀវ សំផន តែប៉ុណ្ណោះដែលបានអង្គុយស្តាប់ក្នុងអង្គសវនាការដោយផ្ទាល់។ ចំណែក ជនជាប់ចោទ នួន ជា បានត្រឹមស្តាប់សវនាការពីចម្ងាយនៅក្នុងបន្ទប់ពិសេសដោយសារតែបញ្ហាសុខភាព។
សូមបញ្ជាក់ថា សវនាការដើម្បីធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង០០២ វគ្គទី១នេះ បានចាប់ផ្តើមធ្វើកាលពីថ្ងៃទី ១៦ តុលា និងត្រូវបន្តរហូតដល់ថ្ងៃទី ៣១ តុលា។
នៅចុងបញ្ចប់ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ព្រមទាំងមេធាវីការពារក្តីរបស់ពួកគេនឹងឡើងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួនរយៈពេល២ ម៉ោង សម្រាប់ក្រុមនីមួយ។ សវនាការនឹងបន្តធ្វើនៅថ្ងៃសុក្រទៀតដើម្បីអនុញ្ញាតឲ្យសហព្រះរាជអាជ្ញាបន្តសេចក្តីសន្និដ្ឋានបញ្ចប់របស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ