លីប៊ី៖ អាមេរិក​ចង់​បញ្ជូន​សព្វាវុធ​ទៅឲ្យ​ក្រុម​ប្រឆាំង

សំឡេង ០៤:១០
កងកម្លាំង​បដិវត្តន៍​លីប៊ី​ភាគច្រើន​ជា​ជនស៊ីវិល ដែល​គ្មាន​ការ​ហ្វឹកហ្វឺន​ផ្នែក​យោធា
កងកម្លាំង​បដិវត្តន៍​លីប៊ី​ភាគច្រើន​ជា​ជនស៊ីវិល ដែល​គ្មាន​ការ​ហ្វឹកហ្វឺន​ផ្នែក​យោធា ©Reuters

កាសែត The Washington Post ចុះផ្សាយ​នៅថ្ងៃ​សៅរ៍នេះ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​កំពុង​ពិចារណា​អំពី​ការ​បញ្ជូន​អាវុធ​យុទ្ធភ័ណ្ឌ​ទៅ​ឲ្យ​កងកម្លាំង​បដិវត្តន៍​លីប៊ី ដើម្បី​ច្បាំង​ជាមួយ​កងកម្លាំង​របស់​​លោក​កាដាហ្វ៊ី។ ក៏ប៉ុន្តែ ការ​បញ្ជូន​អាវុធ​ទៅ​លីប៊ី​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់ ព្រោះ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​​ហាមប្រាម​ការ​នាំអាវុធ​ចូល​ទៅ​ក្នុង​ប្រទេស​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អាមេរិក​យល់ថា សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​ ដែល​​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរាគមន៍​យោធា​ នៅលីប៊ី មាន​លក្ខណៈ “ទន់ភ្លន់” តាម​ផ្លូវច្បាប់​ ដែល​អាច​អនុញ្ញាត​ឲ្យ​​មាន​ការ​បញ្ជូន​អាវុធ​ទៅ​ជួយ​កងកម្លាំង​បដិវត្តន៍​លីប៊ី​បាន។ អាមេរិក​យល់ឃើញ​​បែបនេះ ដោយ​សំអាង​ថា ក្រុមប្រឹក្សា​សន្តិសុខ​​អនុញ្ញាត​ឲ្យ “ចាត់​រាល់វិធានការ​ចាំបាច់” ដើម្បី​ការពារ​ជនស៊ីវិល។ ដូច្នេះ ការ​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុមបដិវត្តន៍លីប៊ី ដែល​ជា​​វិធានការ​ចាំបាច់ ដើម្បី​ការពារ​ជនស៊ីវិល ពី​ការ​កាប់សម្លាប់​ដោយ​ក្រុម​លោក​កាដាហ្វ៊ី ក៏​ចូល​ក្នុង​ក្របខ័ណ្ឌ​នៃ​សេចក្តី​សម្រេច​របស់​​ក្រុមប្រឹក្សា​សន្តិសុខ​​ដែរ។

កាសែត The Washington Post បាន​សរសេរ​ថា រដ្ឋាភិបាល​បារាំង​ក៏​​គាំទ្រ​ឲ្យ​​បញ្ជូន​អាវុធ​​​ទៅ​ឲ្យ​កងកម្លាំង​បដិវត្តន៍​លីប៊ី​ដែរ។ ក៏ប៉ុន្តែ អង់គ្លេស​វិញ​​យល់ថា រាល់ការ​នាំ​អាវុធ​ចូល​ទៅ​ក្នុង​ប្រទេសលីប៊ី​ ទោះជា​​ទៅ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​ណា​ក៏ដោយ ត្រូវ​ក្រុមប្រឹក្សា​សន្តិសុខ​ហាមឃាត់​ទាំងអស់។

ការ​ពិចារណា​អំពី​ការ​ជួយ​ផ្តល់​សព្វាវុធ​ទៅ​ឲ្យ​កងកម្លាំង​បដិវត្តន៍​លីប៊ី​បាន​កើតមាន​ឡើង នៅ​ក្រោយ​ពេល​ដែល​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​បាន​សង្កេត​ឃើញ​ថា បើទោះជាយន្តហោះ​ចម្បាំង​របស់​លោក​កាដាហ្វ៊ី​ហោះហើរ​លែង​បាន ក៏​​កងកម្លាំង​របស់​គាត់​នៅ​មាន​​សព្វាវុធ​ទំនើបៗ​ជាច្រើន​ទៀត។ ចំណែក​កងកម្លាំង​បដិវត្តន៍​វិញ​មាន​ត្រឹមតែ​អាវុធ​ធុនស្រាល មិនអាច​ប្រៀប​នឹង​កងកម្លាំង​របស់​លោក​កាដាហ្វ៊ី​បាន​នោះទេ។

វិសមភាព​នៃ​កម្លាំង​ទ័ព​ទាំងពីរ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ច្បាស់ នៅ​ទីក្រុង​ Ajdabiya (ក្រុង​នៅប៉ែក​ខាង​កើត​ប្រទេស​លីប៊ី)។ ជិត​មួយ​សប្តាហ៍​មក​ហើយ ដែល​កងកម្លាំង​បដិវត្តន៍​បាន​ព្យាយាម​វាយលុក​ចូល​កាន់កាប់​ទីក្រុង​យុទ្ធសាស្រ្ត​មួយនេះ។ ប៉ុន្តែ រាល់លើក កងកម្លាំង​បដិវត្តន៍​មិន​អាច​ទប់ទល់​នឹង​កងរថក្រោះ និង​កងកាំភ្លើង​ធំ​របស់​លោក​កាដាហ្វ៊ី​បាន។

កងកម្លាំង​បដិវត្តន៍​អាច​​វាយលុក​ចូល​ក្នុង​ក្រុង Ajdabiya បាន នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​ដោយសារ​តែ​​​យន្តហោះ​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត​បាន​ធ្វើការ​វាយប្រហារ​​កម្ទេច​រថក្រោះ និង​កាំភ្លើង​ធំ​របស់​លោក​កាដាហ្វ៊ី កាល​ពី​យប់មិញ។ ក៏ប៉ុន្តែ ការវាយប្រហារ​តាម​អាកាស ទៅលើ​កងទ័ព​ជើងគោក​របស់​លោក​កាដាហ្វ៊ី មិន​អាច​ធ្វើ​ទៅបាន នៅគ្រប់​កន្លែង​នោះទេ។ នៅ​កន្លែង​ដែល​សម្បូរ​ទៅដោយ​ប្រជាជនស៊ីវិល ដូចជា នៅ​ទីក្រុង​ទ្រីប៉ូលី ជាដើម ប្រតិបត្តិការ​តាមផ្លូវ​អាកាស​​នឹង​ត្រូវ​ជួប​នឹង​ការ​លំបាក។

កងកម្លាំង​សម្ព័ន្ធមិត្ត​យល់​ឃើញ​ថា ដើម្បី​អាច​​បណ្តេញ​លោក​កាដាហ្វ៊ី​ពី​អំណាច​បាន គេ​ត្រូវការ​​កងទ័ព​ជើងគោក​ដែល​មាន​កម្លាំងខ្លាំង។ ដោយសារ​តែ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​​មាន​វត្តមាន​កងទ័ពជើងគោក​បរទេស នៅលើ​ទឹកដី​លីប៊ី ដូច្នេះ​ហើយ​ទើប​អាមេរិក​ និង​សម្ព័ន្ធមិត្ត គិត​ចង់​ពង្រឹង​កម្លាំង​ទ័ព​របស់​ក្រុមប្រឆាំង​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI