កម្ពុជា-បោះឆ្នោត

ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​ចុងក្រោយ​នៃ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​

ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​ចុងក្រោយ​នៃ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​
ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​ចុងក្រោយ​នៃ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​

នៅ​​ព្រឹក​​ថ្ងៃ​​ពុធ​​នេះ​ អង្គការ​​ឃ្លាំមើល​​ការ​បោះឆ្នោត​ ខុម​ហ្វ្រែល ​បាន​បង្ហាញ​​របាយការណ៍​​ចុង​ក្រោយ​ក្នុង​​ពេល​​​បោះឆ្នោត​​​ឃុំ​​សង្កាត់​កាលពី​​ថ្ងៃ​​ទី​​៣​​មិថុនា​។​ ខុម​ហ្វ្រែល ​បាន​​រក​ឃើញ​ថា​ ការ​ប្រព្រឹត្ត​និង​​ការ​ចាត់ចែង​​ដំណើរការ​​បោះឆ្នោត ​មិន​​មាន​​អំពើ​​ហិង្សា​និង​​មិន​​មាន​​ភាព​មិន​ប្រក្រតី​​ធ្ងន់​ធ្ងរ​រហូត​​ធ្វើ​ឲ្យ​​រាំង​ស្ទះ​​ដល់​​ដំណើរការ​​បោះឆ្នោត​​នោះ​ទេ​។​ ប៉ុន្តែ​​ខុមហ្វ្រែល ​បាន​​កត់​សម្គាល់​​ពី​​ភាព​មិន​ប្រក្រតី​​មួយ​ចំនួន​ក្នុង​ពេល​​បោះឆ្នោត​​ឃុំ​​សង្កាត់​​កន្លង​មក​នេះ​មាន​ដូច​ជា ​អ្នក​បោះ ឆ្នោត​​​ប្រហែល​៤៩%​ស្មើ​​ប្រមាណ​​ជាង​៤​លាន​​​នាក់​​មិន​​​បាន​​បោះឆ្នោត​ដោយសា​​រ ​​តែ​​​រក​​ឈ្មោះ​​​មិន​​ឃើញ​​និង​​គ្មាន​​ឯកសារ​​បញ្ជាក់​​អត្តសញ្ញាណ​សម្រាប់​​ប្រើប្រាស់​ក្នុង​​ការ​បោះឆ្នោត​ ជា​ដើម​។​​

ផ្សាយពាណិជ្ជកម្ម

ខុម​ហ្វ្រែល បាន​រកឃើញ​ភាពមិនប្រក្រតី នៅ​ថ្ងៃ​ស ថ្ងៃ​បោះ និង​ការរាប់​សន្លឹកឆ្នោត ដែល​កើត​ឡើង​ជាង ៣.០០០ ករណី មាន​ជាអាទិ៍ នៅ​ថ្ងៃ​ទី​៣ មិថុនា ដែល​ជា​ថ្ងៃ​បោះឆ្នោត គេ​ឃើញ​មាន​វត្តមាន​មន្ត្រី​ភូមិ​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន នៅក្បែរ​មណ្ឌលបោះឆ្នោត ដើម្បី​ឃ្លាំមើល​អ្នក​បោះ​ឆ្នោត​ដែល​បង្កើតឲ្យមាន​បរិយាកា​ស​ភ័យខ្លាច​។ខុមហ្វ្រែល​ក៏​បាន​កត់សម្គាល់​ថា មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន បាន​អនុញ្ញាត​ឲ្យមាន​កា​រ​បោះឆ្នោត ចំពោះ​អ្នក​មាន​ឈ្មោះ​ស្ទួន និង​ចេញ​ទម្រង់​បញ្ជាក់​អត្តសញ្ញាណ ដែល​មាន​ភាពមិនប្រក្រតី ជាដើម​។​

ជាមួយគ្នា​នោះ របាយការណ៍​របស់​ខុម​ហ្វ្រែល ក៏​បាន​បង្ហាញ​ផង​ដែរ នូវ​ការ​ប្រកួតប្រជែង​របស់​គណបក្សនយោបាយ មិន​ស្មើភាព​គ្នា ដោយសារ​តែ​អវត្តមាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី និង​គម្លាត​យ៉ាង​ធំ នៃ​ការទទួល និង​ការប្រើប្រាស់​ធនធាន​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​នយោបាយ​ដទៃទៀត​។ ​របាយការណ៍ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​មិញ ត្រូវបាន​ខុមហ្វ្រែល អះអាងថា មាន​គម្លាត​តិចតួច​ប៉ុណ្ណោះ បើ​ធៀប​នឹង​របាយការណ៍​របស់ គ​.​ជ​.​ប​។​ 

លោក ធន សារាយ ប្រធាន​គណៈកម្មាធិការ​​នាយក​អង្គការ​ខុមហ្វ្រែល និង​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស អាដហុក បាន​លើកឡើង​ថា ខុម​ហ្វ្រែល រកឃើញថាមាន ៤៩ ភាគរយនៃ​អ្នក​អត់​បាន​​បោះឆ្នោត​( មិន​មាន​ទឹកខ្មៅ​លើ​ម្រាមដៃ ) បាន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​ពួកគេ​មិន​អាច​បោះឆ្នោត ដោយសារ​ជួប​ឧបសគ្គ ដូចជា រក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មិន​ឃើញគ្មាន​ប័ណ្ណ​​ព័ត៌មាន​អ្នកបោះឆ្នោត រក​ការិយាល័យ​មិនឃើញ និង​គ្មាន​ឯកសារ​បញ្ជាក់ អត្តសញ្ញាណ​សម្រាប់​ប្រើ​ក្នុង​ការបោះឆ្នោត​។
​យ៉ាងណាក៏ដោយ ខុម​ហ្វ្រែល បាន​កត់សម្គាល់​ថា ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​មក មិន​មាន​អំពើ​ហិង្សា និង​មិន​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ រហូត​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ឡើយ​។​

​របាយការណ៍​វាយតម្លៃ​ចុងក្រោយ​របស់​ខុម​ហ្វ្រែល ត្រូវបាន​អគ្គលេខាធិការ គ​.​ជ​.​ប​. លោក ទេព នីថា អះអាងថា ជា​ការលើកឡើង​ដដែលៗ នៅ​រាល់​ការបោះឆ្នោត​។​តាម​​លោក​អគ្គ​លេខាធិការ មេឃុំ ចៅសង្កាត់និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មាន​ភារកិច្ចការពារ​សន្តិសុខសណ្ដាប់​ធ្នាប់​នៅក្នុង​មូលដ្ឋាន មិនមែន​ដើម្បី​រំខាន​ដល់​ការបោះឆ្នោត​នោះ​ទេ​។ ​យ៉ាងណាក៏ដោយ មកដល់ពេលនេះ គ​.​ជ​.​ប​. បាន​ដោះស្រាយ​បណ្តឹង​បោះឆ្នោត​រួចរាល់​ចំនួន ៧០ បណ្តឹង​។ ចំណែក​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ផ្លូវការ នឹង​ត្រូវ​ប្រកាស នា​ថ្ងៃ​ទី​២៤​មិថុនា​ខាង​មុខ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI