ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាព​សាមញ្ញ​ជា​សម្រស់​របស់​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

សំឡេង ០៤:៤១
ភាព​សាមញ្ញ​ជា​សម្រស់​របស់​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​
ភាព​សាមញ្ញ​ជា​សម្រស់​របស់​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ RFI

តិច ឬច្រើន កម្ពុជា​កំពុង​ដើ​រ​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​។ អ្នក​នយោបាយ​គ្រប់​រូប​ដែល​ខិតខំ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​បណ្តុះ​ និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​គួរ​តែ​បាន​​យល់​អំពី​សិទ្ធិ និង​អំណាច​​របស់​ខ្លួន​ដែល​ផ្តល់​​អោយ​ដោយ​របប​ប្រជាធិបតេយ្យ​ដែល​អ្នក​នយោបាយ​កំពុង​ពង្រីក​នេះ។ ប្រសិន​បើអំណាច​ស្ថិត​នៅ​លើ​ពលរដ្ឋ​ដែល​ត្រូវ​ផ្តល់​អោយ​អ្នក​នយោបាយ​នៃ​បក្ស​ណា​មួយ​តាម​រយៈ​សន្លឹក​ឆ្នោត​នោះ ការ​បង្ខិត​ខ្លួន​ចូល​ជិត​ដល់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​អ្វី​មួយ​ដែល​អ្នក​នយោបាយ​មិន​ត្រូវ​មើល​រំលង​ជា​ដាច់​ខាត។

ផ្សាយពាណិជ្ជកម្ម

និយាយ​អំពី​ទិដ្ឋភាព​ទូទៅ​​នៅ​ក្នុង​សង្គម​ខ្មែរ​ក្នុង​ពេល​កន្លងមក និង​រហូត​ដល់​ពេល​នេះ វា​បាន​កើត​មាន​រូបភាព​យ៉ាង​ច្បាស់​ក្រឡែត​នៃ​គម្លាត​​រវាង​អ្នក​មាន​និង​អ្នកក្រ រវាង​អ្នក​កាន់​អំណាច និង​ប្រជាពលរដ្ឋ។ ជា​សង្គម​ដែល​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​ដល់​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ។ ដូច្នេះ ពិភព​នៃ​អ្នក​មាន​អំណាច និង​ពិភព​របស់​ប្រជាពលរដ្ឋ គឺ​ជា​ពិភព​២​ផ្សេង​គ្នា ហើយ​គេ​ក៏​កម្រ​ឃើញ​មនុស្ស​ទាំងពីរ​ក្រុម​ ប្រើ​ជីវភាព​រួម​គ្នាណាស់។ ប៉ុន្តែ ​តាម​ពិត​ទៅ គឺ​ក្រុម​អ្នក​នយោបាយ​ទេ​តើ ដែល​បាន​ទទួល​អំណាច​ពី​ពលរដ្ឋ។

នៅ​ក្នុង​ទី​ក្រុង អ្នក​នយោបាយ និង​មន្ត្រី​បាន​ប្រើប្រាស់​ជីវភាព​នៅ​ដាច់​ឆ្ងាយ​ពី​ពលរដ្ឋ​សាមញ្ញ។ ពួកគេ​មាន​ភោជនីយដ្ឋាន​ធំៗ ​សម្រាប់​ការ​ស្រស់ស្រូប និង​បរិភោគ​អាហារ។ បើ​ចូល​ទៅ​ដល់​ក្នុងហាង​អាហារ​ធំៗ​ទាំង​នោះ ពួកគេ​ក៏​មិន​អាច​អង្គុយ​នៅ​តុ ​ក្នុង​ហាងកណ្តាល​វាល​នេះ​ឡើយ។ ពួក​គេ​ត្រូវ​ស្វែង​រក​បន្ទប់​ឯកជន​ទៀត។ ប្រសិន​បើ​ត្រូវ​ហាត់ប្រាណ អ្នក​នយោបាយ​មិន​បាន​ជ្រើសរើស​ទីកន្លែង​សាធារណៈ​ ជាមួយ​ពលរដ្ឋ​ឡើយ​ សូម្បី​តែ​មួយ​ដង ប៉ុន្តែ​អ្នក​នយោបាយ​ត្រូវ​រក​ទីកន្លែង​ទំនើប។

គេ​ក៏​កម្រ​ឃើញ​អ្នក​នយោបាយ​បាន​ប្រើ​ពេល​វេលា​ខ្លះ​ចូល​ទៅ​ដល់​ទីផ្សារ​ ដើម្បី​បាន​ឃើញអំពី​ជីវភាព​របស់​ពលរដ្ឋ។ ជា​ញឹកញាប់ ប្រសិន​បើ​អ្នកនយោបាយ ឬ​មន្ត្រី​ជាន់ខ្ពស់ ឬ​ថ្នាក់​ដឹកនាំ​ក្រសួង​ត្រូវ​ចុះ​ទៅ​ដល់ទី​សាធារណៈ​ណា​មួយ​នោះ គឺ​មាន​តែ​ក្នុង​ក្របខណ្ឌ​នៃ​ការងារ ឬ​បេសកកម្ម​ដែល​មាន​ការ​រៀបចំ។ ការ​រៀប​ចំ​ដែល​ជា​របាំង​ធ្វើ​អោយ​អ្នកនយោបាយ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋ​មិន​អាច​មើល​ឃើញ​គ្រប់ទិដ្ឋភាព​នៃ​ជីវភាព​របស់​ពលរដ្ឋ​ឡើយ។

ទាំងនេះ​វា​បាន​បង្ហាញ​អំពី​គម្លាត​​ដ៏​ធំ​ រវាង​មន្ត្រី​ដែល​ត្រូវ​បម្រើ​ពលរដ្ឋ និង​ពលរដ្ឋ​ដែល​ត្រូវបាន​ទទួល​ការ​គិតគូរ​ពី​មន្ត្រីនោះ។ បើ​មន្ត្រី​មិន​បាន​ចំណាយពេល​វេលា​ប្រើ​ប្រាស់​ជីវភាព​សាមញ្ញ​ខ្លះ​ដើម្បី​ចុះ​មកដល់​សហគមន៍​មូលដ្ឋាន តើ​ធ្វើ​ដូចម្តេច​ទើប​មន្ត្រី​អាច​យល់​ដឹងបញ្ហា​របស់​ពលរដ្ឋ?

ជា​ការ​ពិត គ្រប់​ស្ថាប័ន​ក្រសួង​របស់​រដ្ឋ តែង​មាន​មន្ត្រីជំនាញ​ថ្នាក់​ក្រោម ប៉ុន្តែ ​វា​មិន​គ្រប់គ្រាន់​ឡើយ។ វត្តមាន​របស់​អ្នកនយោបាយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ជា​លក្ខណៈឯកជន​នៅ​តាម​ទីសាធារណៈ នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​ថ្នាក់ដឹកនាំ និង​អ្នក​នយោបាយ​ខ្លួន​ឯង។ ទី​មួយ អ្នក​នយោបាយ​បាន​ស្គាល់​បញ្ហា​ពិត​ប្រាកដ​របស់​ពលរដ្ឋ។ អ្នក​នយោបាយ​មួយ​ចំនួន​ធ្លាប់​សារភាព​ហើយ​ថា ពេលខ្លះ​ពួកគេ​ទទួល​បាន​តែ​ព័ត៌មាន​កុហក​របស់​មន្ត្រី​របស់​ខ្លួន។

ទី២ វត្តមាន​របស់​ថ្នាក់​ដឹកនាំ​នឹង​ជួយ​ពង្រឹង​ស្មារតី​មន្ត្រី​ថ្នាក់​ក្រោម អោយ​ខ្ជាប់ខ្ជួនចំពោះ​ភារកិច្ច​របស់​ពួក​គេ​ផង។ ហើយ​ទី​៣​ដែល​ជា​ចំនុច​សំខាន់ដែរ​នោះ គឺ​ការ​ភ្ជាប់ភាព​ជិតស្និទ្ធ​ទៅ​នឹង​ពលរដ្ឋ ហើយ​ថា​ប្រជាប្រិយភាព​របស់​អ្នក​នយោបាយ​នឹង​កាន់​តែ​រីក​នៅពេល​នេះឯង។ ហើយ​ថា ប្រជាប្រិយភាព​នេះ​ មិន​ជា​ប្រជាប្រិយភាព​ថ្នូរ​​នឹង​អំណោយ​ដែល​ពលរដ្ឋ​បាន​ទទួល​ពី​អ្នកនយោបាយ​ឡើយ។ តែ​ជា​ប្រជាប្រិយភាព​ពិតប្រាកដ ​ដែល​កើត​ចេញ​ពី​ក្តី​ស្រឡាញ់ និង​ការ​គោរព​ចំពោះ​អ្នកនយោបាយ និង​មន្ត្រី​ដែល​បម្រើ​ពលរដ្ឋ​ពិតប្រាកដ និង​ដែលមាន​អកប្បកិរិយា​សាមញ្ញ​​ស្មើ​ត្រឹម​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

អ្នកនយោបាយគួរ​តែ​បាន​យកចិត្តទុក​ដាក់​ទៅលើទិដ្ឋភាព​ជា​គំរូ​មួយ​ចំនួន។ នៅពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាននៅ​បន្ត​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​សម្តេច​ឪ នរោត្តម សីហនុ​ព្រះបរម​រតនកោដ្ឋ​ វា​មិន​មែនជា​រឿង​ចៃដន្យ​នោះទេ។ ព្រះរាជកិច្ច​អភិវឌ្ឍន៍​​មាតុភូមិ​​ទាំងមូល​គឺជា​រឿង​មួយ ប៉ុន្តែ​ការ​ផ្សា​​​ភ្ជាប់​ព្រះកាយ​ព្រះអង្គ​មក​ជាមួយ​ពលរដ្ឋ​សាមញ្ញ​ដូ​ច​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នោះ វា​គឺក៏​ជា​ជោគជ័យ​ក្នុង​ការ​កសាង​ព្រះកិត្តិនាម និង​ប្រជាប្រិយ​ភាព​របស់​ព្រះ​អង្គ​ដែរ។

អ្នកនយោបាយ​បច្ចុប្បន្ន​មួយ​ចំនួន​តូច​ ក៏​បាន​ធ្វើ​ដូច​ព្រះអង្គ​ដែរ។ តើ​គេ​បាន​កត់សម្គាល់​ឃើញ​ទឹក​មុខ​រីករាយ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​ឬទេ​ នៅពេល​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​ឃើញ​អ្នក​នយោបាយ​ ឬ​មន្ត្រី​ធំៗ​ ម្តងម្កាលនោះ? អ្នកនយោបាយ​ក៏គួរ​តែ​យល់​ស្គាល់​ប្រជាជន​របស់​ខ្លួន​ដែល​ចូលចិត្ត​លើកសរសើរ​អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​ណា​ ដែល​​ប្រើប្រាស់​ជីវភាព​សាមញ្ញ។

អ្នកនយោបាយ​មិនត្រូវ​ភ្លេច​ឡើយ​ថា កម្ពុជា​បានដើរ​មក​បរិបទ​ថ្មី​មួយ​ទៀត​ហើយ។ បរិបទ​នៃអ្នកបោះឆ្នោតយល់ដឹង​ខ្ពស់។ ប្រឈម​នឹងបរិបទ​នេះ អ្នកនយោបាយ​មាន​តែ​ជម្រើស​២​ប៉ុណ្ណោះ។ ឬ​មួយ​ អ្នកនយោបាយ​ចង់​ធ្វើ​នយោបាយ ប៉ុន្តែ ​ត្រូវ​បម្រើម្ចាស់​ឆ្នោត​អោយ​ពិត​ប្រាកដ ឬមួយ​អ្នក​នយោបាយ​មិន​ចង់​ប្រើប្រាស់​ជីវភាព​សាមញ្ញ​ជាមួយ​ពលរដ្ឋ ដូច្នេះ​គេត្រូវ​បញ្ឈប់​អាជីព​នយោបាយ​របស់ពួកគេ។

ប្រសិន​បើ​អ្នកនយោបាយ​ ជ្រើសរើស​យក​ជម្រើសទី​១ ពួកគេ​មានរយៈពេល៥​ឆ្នាំ​ទៀត​ដើម្បី​កសាង​ប្រជាប្រិយភាព​ និង​ពង្រាយ​មន្តស្នេហ៍​ទៅ​ម្ចាស់ឆ្នោត។ រយៈ​ពេល​៥​ឆ្នាំ​ពិត​ជា​មិន​យូរ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI